ភ្នំពេញៈ ​ក្រុម​កីឡាករ កីឡាការិនី​ទាំង ​៩៤ ​នាក់ ​របស់​អង្គភាព​កីឡា​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​ទទួល​ជោគជ័យ​យ៉ាង​ធំ​ធេង​បំផុត គឺ​ការ​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន ​៤៦ នៅ​ក្នុង​​​ការ​ប្រកួត​​កីឡា​នគរបាល​ពិភព​លោក លើកទី១៨ ឆ្នាំ ​២០១៩ (The 18th World Police and Fire Games) នៅ​ប្រទេស ចិន ហើយ​ប្រតិភូ​កីឡា​មួយ​ក្រុម​នេះ បាន​នាំ​យក​មហា​ជ័យជម្នះ​នេះ មក​ដល់​មាតុ​ប្រទេស​វិញ កាល​ពី​ថ្ងៃ​ចន្ទ។

ប្រធាន​អង្គភាព​កីឡា​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ លោក ជា ប៊ុនហេង ​បាន​ចាត់​ទុក​ការ​ឈ្នះ​បាន​មេដាយ​មាស ​១៨ ប្រាក់ ​១៧ និង​សំរឹទ្ធ ​១១ សរុប​ចំនួន ​៤៦ ​មេដាយ ពី​ការ​ប្រកួត​​​កីឡា​នគរបាល​ពិភព​លោក​ ជា​លើក​ដំបូង​នេះ​ថា ជា​ការ​បង្កើត «ប្រវត្តិសាស្រ្ត» ដ៏​ធំ​បំផុត​សម្រាប់​កងកម្លាំង​នគរបាល​ជាតិ។

លោក ជា ប៊ុនហេង បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ «មុន​ការ​ប្រកួត ខ្ញុំ​ដេក​មិន​លក់​ទេ គឺ​​ខ្លាច​ដណ្តើម​មិន​បាន​មេដាយ ព្រោះ​សម្តេច​ក្រឡា​ហោម ស ខេង បាន​ចំណាយ​ថវិកា​ជិត ​១០ ម៉ឺន​ដុល្លារ សម្រាប់​​ចំណាយ​លើ​ការ​បញ្ជូន​ក្រុម​កីឡា​នគរបាល​ជាតិ ទៅ​ចូលរួម​ការ​ប្រកួត​នេះ ប៉ុន្តែ​វា​ពិត​ជា​រំភើប​ខ្លាំង​បំផុត នៅ​ពេល​ក្រុម​ប្រណាំង​ទូកនាគ​របស់​យើង ដណ្តើម​បាន​​មេដាយ​មាស នៅ​ថ្ងៃ​ប្រកួត​បើក​ឆាក​នោះ»។

បន្ថែម​ទៅ​លើ​ការ​ដណ្តើម​បាន​មេដាយ​មាស ១ លើ​ការ​ប្រណាំង​ទូក​នាគ​ សម្រាប់​ការ​ប្រកួត​បើក​ឆាក​នេះ អត្តពលិក​កីឡា​នគរបាល​ជាតិ ដែល​លេង​នៅ​លើ ប្រភេទ​កីឡា​ចំនួន ​១២ ​ទៀត គឺ​ពួក​គេ​បន្ត​ដណ្តើម​បាន​មេដាយ មាស ប្រាក់ និង​សំរឹទ្ធ ជា​បន្តបន្ទាប់​នៅ​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​តែ​ម្តង ហើយ​ក្នុង​នោះ​ក្រុម ​ការ៉ាតេ​ដណ្តើម​បាន​មេដាយ​មាស​​ច្រើន​ជាង​គេ គឺ​បាន ​៧ និង មេដាយ​ប្រាក់ ​២ ​ទៀត។

ចំណែក​ក្រុម​តេក្វាន់ដូ ដណ្តើម​​បាន​មេដាយ​មាស ​៣ ប្រាក់ ​១ សំរឹទ្ធ ​២ ក្រុម​ចំបាប់ បាន​មាស ​២ ប្រាក់ ​៣ សំរឹទ្ធ ​២ កីឡា​ជូជីតស៊ូ បាន​មាស ២ សំរឹទ្ធ ​១ កីឡា​ហែល​ទឹក បាន​មាស ​១ ប្រាក់ ​២ សំរឹទ្ធ ​២ ការ​ប្រកួត​កាច់ដៃ របស់​ក្រុម​ចំបាប់​បាន​មាស ​១ ប្រាក់ ​២ សំរឹទ្ធ ​១ កីឡា​អត្តពលិក បាន​មាស ​១ ប្រាក់ ​២ ក្រុម​យូដូ បាន​ប្រាក់ ​៣ សំរឹទ្ធ ​១ ក្រុម​វាយសី និង​ទ្រីយ៉ាត្លុង បាន​មេដាយ​​​ប្រាក់ ​១ ដូច​គ្នា ហើយ​វាយ​កូនឃ្លី​លើ​តុ និង​ក្រុម​បាល់​ឱប បាន​មេដាយ​​សំរឹទ្ធ ​១ ​ដូច​គ្នា​ដែរ។

លោក ជា ប៊ុនហេង បាន​ថ្លែង​សង្កត់​ធ្ងន់​​ថា៖ ​«ជ័យជម្នះ​ដែល​យើង​ទទួល​បាន​លើក​នេះ វាជា​មហា​កិត្តិយស និង​ជា​ការ​បង្កើត​​ប្រវត្តិសាស្រ្ត​ដ៏​អស្ចារ្យ ​របស់​​កីឡា​នគរបាល​ជាតិ​កម្ពុជា។ ការ​ប្រកួត​ ដែល​ធ្វើ​ឡើង ​២ ឆ្នាំ​នេះ គឺ​បាន​ធ្វើ​អស់​រយៈពេល ​៣៤ ​ឆ្នាំ មកហើយ ហើយ​យើង​ទើប​តែ​បាន​ចូលរួម​ជា​លើក​ទី​១ នេះ​ទេ ប៉ុន្តែ​​យើង​ឈ្នះ​បាន​មេដាយ​រហូត​ដល់ ​៤៦ ហើយ​នេះ​ជា​មោទនភាព​ខ្ពស់​របស់​អង្គភាព​កីឡា​នគរបាល​ជាតិ​​របស់ យើង»។

ការ​ឈ្នះ​បាន​មេដាយ​សរុប ​៤៦ លើក​នេះ ក៏​បាន​ក្លាយ​ជា​ការ​​បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត ចំពោះ​ការ​ឈ្នះ​បាន​ត្រឹម​​មេដាយ​ប្រាក់ ​១ និង​សំរឹទ្ធ ​១ សម្រាប់​ការ​ចូលរួម កាល​​ពី​ជំនាន់​មុន​ផង​ដែរ។

លោក ជា ប៊ុនហេង បញ្ជាក់​ថា៖ ​«រៀម​ច្បង​របស់​យើង​បាន​ប្រាប់​ថា កាល​ពី​ជំនាន់​មុន ចន្លោះ​ឆ្នាំ​ ១៩៧០ ដល់ ​១៩៧៥ កីឡា​របស់​ប៉ូលិស ធ្លាប់​ចេញ​ទៅ​ប្រកួត​ដែរ គឺ​គ្នា ​៤០ ទៅ ​៥០ នាក់ ដណ្តើម​បាន​មេដាយ​តែ ​២ ​គត់ ហើយ​តាំង​ពី​ជំនាន់​នោះ មក​ដល់​ឥឡូវ​នេះ គឺ​យើង​បាន​ចូលរួម​ជា​លើក​ទី​១ លើកនេះ ហើយ​យើង​ដណ្តើម​​បាន​មេដាយ​ច្រើន​មែន​ទែន អ៊ីចឹង​យើង​បាន​​បំបែក​ប្រវត្តិសាស្រ្ត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។

ជាមួយ​គ្នា​នេះ លោក ប៊ុនហេង បាន​អះអាង​ថា លោក​នឹង​ធ្វើ​ការ​ស្នើសុំ​គោលការណ៍​​ទៅ​ថ្នាក់​លើ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ចូល​អ្នក​ដែល​ទើប​ឈ្នះ​បាន​មេដាយ​ពី​ការ​ប្រកួត​​កីឡា​នគរបាល​ពិភព​លោក លើក​ទី១៨ ឆ្នាំ ​២០១៩ ទៅ​ក្នុង​ក្រប​ខ័ណ្ឌ​ប៉ូលិស៕