ភ្នំពេញ៖ ​ក្រុម​ខ្លាំង​ទាំង ​៤ មាន ​ស.ស.យ.ក ​ខណ្ឌ​ពោធិ៍សែនជ័យ, សុភីណា​អេហ្វស៊ី, Avatar FC និង​ក្រុម​​អាណាចក្រ​បៃតង ដែល​​សុទ្ធ​តែ​បាន​ជម្នះ​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​គេច​ចេញ​​ពី​ការ​ធ្លាក់​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ទាំង ​៧២ ​ក្រុម​នោះ ហាក់​​បាន​បង្ហាញ​ពី​ភាព​ខ្លាច​រអា​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ពួក​គេ​ត្រូវ​​ឡើង​មក​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ Soccer League ឆ្នាំ ​២០១៩ នោះ។

នៅ​ក្នុង​ការ​ប្រកួត​ដំណាក់​កាល​ដ៏​សំខាន់​នេះ ក្រុម​ការពារ​តំណែង​ជើង​ឯក ​ខ័ណ្ឌ​ពោធិ៍​សែនជ័យ ដែល​បាន​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​ក្នុង​​វគ្គ​ជម្រុះ​តាម​ពូល​ទាំង ​១៦ ព្រម​ទាំង​វគ្គ ១៦ ​ក្រុម និង​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ​នោះ ហាក់​មិន​បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ខ្លាំង​ក្នុង​ការ​យក​ឈ្នះ​អតីត​ម្ចាស់​ជើងឯក ​អាណាចក្រ​បៃតង​នោះ​ទេ ខណៈ​ក្រុមទាំង ​២ ត្រូវ​ប្រកួត​​គ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

ខ្សែ​ការពារ​ដ៏​រឹងមាំ ទៀង ទិនី ដែល​ជា​គ្រូ​បង្វឹក​ក្រុម ​ស.ស.យ.ក ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«​យើង​​បាន​ជួប​​ការ​លំបាក​ច្រើន ទម្រាំ​បាន​ឡើង​មក​ដល់​វគ្គ ​៤ ​ក្រុម​នេះ ហើយ​យើង​ពិតជា​សប្បាយ​ចិត្ត។ យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ការ​ជួប​​ក្រុម​អាណាចក្រ​បៃតង ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ដឹង​ថា យើង​នឹង​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ឬយ៉ាង​ណា​នោះ​ទេ ព្រោះ​ខាង​គេ​ក៏​ត្រៀម​ខ្លួន​បាន​ល្អ​ដែរ អ៊ីចឹង​អ្វី​ដែល​យើង​រំពឹង​ទុក​មុន ​គឺ ​៥០ ​ទល់​នឹង ​៥០ ​ភាគរយ»។

យ៉ាង​ណា​មិញ ​ក្រុម​អាណាចក្រ​បៃតង ដែល​ចម្រុះ​ទៅ​ដោយ​កីឡាករ​មាន​បទពិសោធ និង​មាន​គ្រូ​បង្វឹក​កម្រិត​លីក​កំពូល​កម្ពុជា ចាំ​ជួយ​ផ្តល់​ជា​យោបល់​នោះ ក៏​​មិន​ហ៊ាន​មើល​រំលង​ក្រុម​​ម្ចាស់​ជើងឯក​ខណ្ឌ​ពោធិ៍​សែនជ័យ​នោះ​ដែរ។ ខ្សែ​ការពារ ខែក ខេមរិន្ទ ដែល​ជា​គ្រូ​បង្វឹក​ក្រុម​នេះ បាន​និយាយ​ថា៖ ​«យើង​អាច​នឹង​មាន​ការ​ពិបាក ក្នុង​ការ​ប្រមូល​កម្លាំង​មក​វិញ ខណៈ​ក្រុម​យើង​ទើប​ប្រកួត​វគ្គ ​៨ ​ក្រុម កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​យើង​តែងតែ​មាន​ឆន្ទៈ និង​លេង​ដោយ​យុត្តិធម៌»។

ខ្សែ​ការពារ​ក្រុម​ក្រសួង​ការពារ​ជាតិ ខេមរិន្ទ បាន​បន្ថែម​ថា៖ ​«យើង​​មាន​ការ​ពិបាក​ក្នុង​ការ​ប្រាប់​ពី​ប្លង់​លេង​របស់​ក្រុម​យើង ប៉ុន្តែ​យើង​មាន​បុគ្គល​ល្បីៗ ដែល​មាន​បទពិសោធ ចាំ​ជួយ​ជា​យោបល់ និង​លើក​ទឹក​ចិត្ត ហើយ​យើង​ក៏​មិន​ពិបាក​​ដឹកនាំ​ដែរ ដោយសារ​យើង​មាន​​​លោក​គ្រូ កែវ កុសល ជា​អ្នក​នាំ​លេង​នៅ​លើ​ទីលាន។ យើង​អាច​និយាយ​​បាន​ថា ក្រុម​គេ​ត្រៀម​បាន​ល្អ ​១០០ ​ភាគរយ​ពេញ ខណៈ​ក្រុម​យើង​បាន​​ ​៩០ ​ភាគរយ តែ​ខ្ញុំ​ជឿ​ថា ខ្សែ​ការពារ​របស់​យើង​អាច​បិទ​ខ្សែ​ប្រយុទ្ធ​របស់​​ក្រុម​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន»។

យ៉ាង​ណា​មិញ ក្រុម សុភីណា​អេហ្វស៊ី និង​ក្រុម Avatar FC នឹង​ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​ពហុកីឡដ្ឋាន​ជាតិ​ ម៉ោង ​៥ ​ល្ងាច​ដូច​គ្នា តែ​ធ្វើ​នៅ​ល្ងាច​ថ្ងៃ​ពុធ ខណៈ​ក្រុម​ទាំង ​២ ​នេះ សុទ្ធ​តែ​​ធ្វើ​បាន​ល្អ​ដូច​គ្នា បើ​ទោះបី​ជា​ពួក​គេ ជា​ក្រុម​ចំណូល​ថ្មី ដែល​ទើប​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Soccer League នេះ​ក៏​ដោយ។

លោក វី លីកា គ្រូ​បង្គោល​ក្រុម​យុវជន​ក្លិប​វិសាខា និង​ជា​គ្រូ​បង្វឹក​ក្រុមសុភីណា​អេហ្វស៊ី បាន​និយាយ​ថា៖ ​«នេះ​ជា​លើក​ទី ​១ ដែល​​ក្រុម​របស់​យើង បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំ​បែប​នេះ ហើយ​យើង​ពិត​ជា​សប្បាយ​ចិត្ត ដែល​បាន​ឡើង​មក​ដល់​វគ្គ ​៤ ក្រុម​ចុង​ក្រោយ ប៉ុន្តែ​ការ​ប្រកួត​នៅ​វគ្គ​នេះ ពិត​ជា​មាន​ការ​លំបាក អ៊ីចឹង​ហើយ​យើង​បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ក្រុម​ខំ​ប្រឹង​លេង​ឲ្យ​អស់​ពី​ចិត្ត​ក្នុង​ការ​ប្រកួត​នេះ»។

ចំណែក​​កីឡាករ សោម សុវិសាល ជា​ប្រធាន​ក្រុម Avatar បាន​និយាយ​ថា៖ ​«យើង​មិន​ហ៊ាន​រំពឹង​ខ្ពស់​ទេ សម្រាប់​ការ​ជួប​ក្រុម​សុភីណា ក្នុង​វគ្គ​នេះ ប៉ុន្តែ​យើង​ក៏​មិន​បាក់​ទឹក​ចិត្ត​នោះ​ដែរ គឺ​យើង​នឹង​ព្យាយាម​លេង​ទៅ​តាម​អ្វី​ដែល​យើង​បាន​រៀបចំ ដើម្បី​ស្វែងរក​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែរ»។

ជាមួយ​គ្នា​នេះ​លោក ហុក សុចិត្ត្រា ​ប្រធាន​គណៈកម្មការ​ដឹកនាំ​ការ​ប្រកួត​នេះ ​បាន​ថ្លែង​ថា ​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ Soccer League 2019 ​ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ព្រោះ​មាន​ក្រុម​ចូលរួម​រហូត​ដល់ ​៧២ ​ក្រុម ហេតុ​នេះ​​ក្រុម​ការងារ​របស់​លោក ​បាន​ពុះពារ​គ្រប់​យ៉ាង និង​ធ្វើ​ការងារ​ជាមួយ​​ក្រុម​អាជ្ញា​កណ្តាល ដើម្បី​សិក្សា ឬ​ក៏​បាន​ដឹង​បន្ថែម​នូវ​ច្បាប់ និង​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ថ្មីៗ​របស់​អន្តរជាតិ គឺ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ប្រកួត​នេះ​ដំណើរ​ទៅ​បាន​ល្អ៕