ភ្នំពេញ៖ ក្រុមប្រដាល់គុនខ្មែរ ដែលបានចូលរួមប្រកួតទាំងកីឡា Muay និងកីឡា Kickboxing នោះ បានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០ នៅហ្វីលីពីនជាផ្លូវការហើយ ប៉ុន្តែពួកគេមិនអាចឈានទៅដណ្តើមបានមេដាយមាស ឬប្រាក់ ដូចការរំពឹងទុករបស់ប្រមុខដឹកនាំប្រទេសនោះទេ។
សម្រាប់ការប្រកួតស៊ីហ្គេមលើកនេះ ក្រុមគុនខ្មែរដែលប្រកួតកីឡា Muay ដណ្តើមបានត្រឹមមេដាយសំរឹទ្ធ ៣ ប៉ុណ្ណោះ ហើយលទ្ធផលនេះ គឺផ្ទុយពីការរំពឹងទុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកបានការរំពឹងថា ក្រុមនេះនឹងនៅតែបន្តឈ្នះបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនជាតិ ដូចការប្រកួតស៊ីហ្គេមលើកទី ២៩ នៅម៉ាឡេស៊ី ដោយកាលនោះ ក្រុមគុនខ្មែរដណ្តើមបានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ នៅក្នុងចំណោមបេក្ខភាពចូលរួមប្រកួតប្រជែងចំនួន ៥ នាក់ដូចគ្នា។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតលើកនេះ កីឡាករជើងខ្លាំង ឃីម ឌីម៉ា ដែលធ្លាប់ដណ្តើមបានមេដាយមាស និង ម៉ឺន សុភា ដែលជាអ្នកដណ្តើមបានមេដាយប្រាក់ មិនបានទៅចូលរួមប្រកួតស៊ីហ្គេមលើកនេះដូចគ្នា។
ចំណែក ឡៅ ចិត្ត្រា និង វ៉ាន់ វឿន បានបន្តឈ្នះមេដាយសំរឹទ្ធ ដូចកាលពីឆ្នាំមុនដដែល។
កីឡាករជើងខ្លាំង ឡៅ ចិត្ត្រា ដែលប្រកួតក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមនោះ បានយកឈ្នះកីឡាករឡាវ Banxadeth Soubinh ជាមួយពិន្ទុជាឯកច្ឆន្ទ ៣-០ ប៉ុន្តែគេបានចាញ់កីឡាករថៃ Kundam Norapat ៣-០ វិញ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រីឯ វ៉ាន់ វឿន បានឈ្នះកីឡាករវៀតណាម Nguyen Quanghuy ក្នុងការប្រកួតទម្ងន់ ៥៤ គីឡូក្រាម ប៉ុន្តែរូបគេបានទៅចាញ់កីឡាករហ្វីលីពីន Lampacan Ariel Lee ៣-១ នៅវគ្គ ១/២ ផ្តាច់ព្រ័ត្រដែរ។
ចំណែកមេដាយសំរឹទ្ធ ១ ទៀត រកបានដោយកីឡាករវ័យក្មេង ហ៊ីម គឹមរៀង នៅក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាម ព្រោះ គឹមរៀង ដែលបានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិនោះ គឺបានចាញ់កីឡាករថៃ Chitra Naruephon ជាឯកច្ឆន្ទ ៣-០។
ប៉ុន្តែកីឡាការិនី សំ ថារ័ត្ន បានចាញ់កីឡាការិនីវៀតណាម Bui Yen Ly ៣-០ ក្នុងការប្រកួតទម្ងន់ ៥៤ គីឡូក្រាម ហើយបានធ្លាក់ចេញពីការប្រកួតនេះ ដូចកីឡាករ តាញ់ មករា ផងដែរ ព្រោះ មករា បានចាញ់កីឡាករឡាវ Ketnouvong Kay ជាមួយពិន្ទុមិនឯកច្ឆន្ទ ៣-១ ក្នុងវគ្គ ៨ នាក់ចុងក្រោយដ៏គួរឲ្យសោកស្តាយ។
ដោយឡែកក្រុមប្រដាល់គុនខ្មែរ ដែលប្រកួតកីឡា Kickboxing គឺមិនបានបង្ហាញវត្តមាននៅក្នុងការប្រកួតផ្តាច់ព្រ័ត្រកាលពីថ្ងៃចន្ទនោះទេ ខណៈពួកគេសុទ្ធតែបានធ្លាក់នៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ និងវគ្គជម្រុះ ៨ នាក់ដំបូងនោះ។
នៅក្នុងការប្រកួតនេះជើងខ្លាំង ឡៅ ចន្ទ្រា បានឈ្នះមេដាយសំរឹទ្ធ លើទម្ងន់ក្រោម ៦៩ គ.ក្រ ខណៈរូបគេបានចាញ់ថៃ Klinming Sarayut ៣-០ ក្នុងវគ្គ ១/២ ផ្តាច់ព្រ័ត្រ បន្ទាប់ពីបានឈ្នះកីឡាករវៀតណាម Hoang Van Toan ៣-០ នៅវគ្គជម្រុះ ៨ នាក់ដំបូងនោះ។
ចំណែកកីឡាករជើងខ្លាំងស្រករក្រោយ ខេម ចាន់ បានឈ្នះមេដាយសំរឹទ្ធ ក្នុងទម្ងន់ក្រោម ៥៤ គីឡូក្រាម។ ខេម ចាន់ បានចាញ់កីឡាករហ្វីលីពីន Balangui Jomar ៣-០ នៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ បន្ទាប់ពីរូបគេបានឈ្នះកីឡាករឡាវ Chansady Soutsakhone ក្នុងវគ្គជម្រុះ ៨ នាក់។
ជាមួយគ្នានេះកីឡាករ សុខ សាវិន បានឈ្នះមេដាយសំរឹទ្ធ លើទម្ងន់ក្រោម ៦០ គីឡូក្រាម បន្ទាប់ពីរូបគេបានចាញ់កីឡាករឡាវ Taipanyavong Soukan នៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ ៣-០ និងឈ្នះកីឡាករវៀតណាម Duong Danh Hoat ២-១ នៅវគ្គជម្រុះ ៨ នាក់នោះ។ ប៉ុន្តែ ផល សោភ័ណ្ឌ និង ហ៊ីម សេរី បានចាញ់វៀតណាម និងហ្វីលីពីន ៣-០ ក្នុងវគ្គជម្រុះ ៨ នាក់ ហើយមិនដណ្តើមបានមេដាយដូចគ្នា៕