ភ្នំពេញៈ ក្រុម​អ្នក​លេង​ចំបាប់រ​បស់​សមាគម​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង បាន​ទទួល​ការ​សរសើរ​ពី​ក្រុម​អ្នក​ជំនាញ​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ថា មាន​សមត្ថភាព និង​បច្ចេកទេស កាន់​តែ​រីក​ចម្រើន ហើយ​ខេត្ត​ទាំង ២ នេះ កឺ​ជា​ប្រភព​ដ៏​សំខាន់ ក្នុងការ​បណ្តុះ​បណ្តាល​ថ្នាក់​ថ្នាល​ជំនាន់​ក្រោយ​ដែរ។

ការសរសើរ និង​វាយតម្លៃ​ពី​ការរីក​ចម្រើន​របស់​ក្រុម​ចំបាប់​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​កណ្តាល​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ធិន វិចិត្រ បាន​ចុះ​ទៅ​បើក​វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ពង្រឹង​សមត្ថភាព ដល់​សមាគម​កីឡា​ចំបាប់​របស់​ខេត្ត​ទាំង ២ កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ។

លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ប្រាប់​កាល​ពី​ថ្ងៃ​ចន្ទ​ថា វគ្គ​បណ្តុះ​បណ្តាល​ដល់​សមាគម​កីឡា​ចំបាប់​របស់​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង​នេះ គឺ​ត្រូវ​បាន​ធ្វើ​រួមគ្នា​តែម្តង នៅ​វិហារ​សួគ៌ ដោយ​មាន​អ្នក​ចូល​រួម ៥០ នាក់ (ស្រី ១០ នាក់)។

លោក​បាន​បញ្ជាក់​ថា៖ «តាមរយៈ​ការ​ចុះ​ទៅ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ យើង​មើល​ឃើញ​ថា អ្នក​លេង​ចំបាប់​របស់​ខេត្ត​ទាំង ២ នេះ មាន​សមត្ថភាព និង​បច្ចេកទេស​រីក​ចម្រើន​ទាំង​ផ្នែក​ចំបាប់​សម័យ និង​បុរាណ ព្រោះ​សមាគម​ទាំង ២ នេះ មាន​កន្លែង​ហ្វឹក​ហាត់ និង​មាន​គ្រូ​បង្វឹក​ជា​ប្រចាំ ហើយ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ សហព័ន្ធ តែង​នាំ​យក​ក្រុម​ថ្នាល ទៅ​ហ្វឹកហាត់ និង​ប្រកួត​សមជា​មួយ​ពួកគាត់ ធ្វើ​ឲ្យ​ពួកគាត់ កាន់​តែ​មាន​សមត្ថភាព​រីក​ចម្រើន»។

លោក​បាន​បន្ថែម​ថា៖ «តាមរយៈ​ការសិក្សា​ទៅ​លើ​ទ្រឹស្តី និង​ការ​ធ្វើ​តេស្ត​ផង​នោះ យើង​ឃើញ​យុវជន​វ័យ​ក្មេង​ជាច្រើន​នាក់ មាន​ទេពកោសល្យ អាច​យក​មក​ហ្វឹក​ហាត់​ជាមួយ​ក្រុម​ថ្នាល​បាន ប៉ុន្តែ​សំខាន់​យើង​អត់​មាន​លទ្ធភាព​យក​ពួក​គាត់​មក​បង្វឹក ក្រៅ​តែ​ពី​ក្រុម​ថ្នាល​ទាំង ១៥ នាក់ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ នៅ​ឆ្នាំ​នេះ រួម​ជាមួយ​កីឡាករ ១ នាក់ នៅ​ខេត្ត​ពោធិ៍សាត់ និង​កីឡាការិនី ១ នាក់ នៅ​ខេត្ត​កំពង់ចាម ដែល​យើង​នឹង​យក​មក​បណ្តុះ​បណ្តាល​ជាមួយ​ក្រុម​ថ្នាល ក្រោម​ការ​រ៉ាប់រង​របស់​សហព័ន្ធ​ផ្ទាល់»។

គួររំឭកថា វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​នេះ ត្រូវបាន​រៀបចំ​ឡើង ដោយ​មាន​ការ​គាំទ្រ​ពី NOCC និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការ​ឧបត្ថម្ភ​ជា​ថវិកា​ទាំង​ស្រុង​ពី​លោក Casey Barnett ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ដើម្បី​ត្រៀម​ជ្រើសរើស​អត្តពលិក​មាន​សមត្ថភាព​ចូលរួម​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី ២ ឆ្នាំ ២០១៨ នេះ៕