ទីក្រុងណាន់ៈ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រទេស​បារាំង​បាន​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ប្រទេស​បូលីវី​នៅ​ក្នុង​ការប្រកួត​មិត្តភាព​មួយ​នៅ​ទីក្រុង​ណាន់ (Nantes) ប្រទេស​បារាំង​កាលពី​ថ្ងៃ​អាទិត្យ​នៅ​មុន​ពេល​ម្ចាស់​ជើងឯក​ពានរង្វាន់​ World Cup ឆ្នាំ​ ២០១៨ មួយ​នេះ​នឹង​បន្ត​យុទ្ធនាការ​ប្រកួត​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍ Euro ឆ្នាំ 2020​។

ជុំវិញ​ការប្រកួត​មិត្តភាព​នេះ​កីឡាករ Thomas Lemar បាន​ជួយ​ឲ្យ​បារាំង​នាំ​មុខ​ ១ ​គ្រាប់​នៅ​នាទី​ទី​ ៥ បន្ទាប់មក​កីឡាករ Antoine Griezman ដែល​ប្រកាស​កាលពី​ខែ​មុន​ថា គាត់​នឹង​ចេញ​ពី​ក្រុម Atletico Madrid ក្រោយពី​លេង​ឲ្យ​ក្លិប​នេះ​​ ៥ ​រដូវកាល​ហើយ​នោះ​រក​បាន​ ១ ​គ្រាប់​ទៀត​នៅ​នាទី​ទី​ ៤២ ធ្វើឲ្យ​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​បូលីវី​លទ្ធផល ២-០​។

កីឡាករ Griezmann បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៨ ​នៅក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​រក​បាន​គ្រាប់​ច្រើន​ជាងគេ​បំផុត​នៅ​ប្រទេស​បារាំង​ជាមួយ​ការបញ្ចូល​ទី​លើក​ទី​ ២៩ ​របស់​គាត់​ក្នុង​ការប្រកួត​ថ្មីៗ​នេះ​ធ្វើឲ្យ​គាត់​វ៉ា​ដាច់​កីឡាករ Youri Djorkaeff ដែល​ជា​អ្នក​ជួយ​ឲ្យ​ជម្រើស​ជាតិ​បារាំង​ឈ្នះ​ពាន World Cup ឆ្នាំ​ ១៩៩៨​។

ឥឡូវ​នេះ​គាត់​ចាញ់​កីឡាករ Just Fontaine និង​ Jean-Pierre Papin តែ​ ១ ​គ្រាប់​ប៉ុណ្ណោះ​ ខណៈ​ដែល​គាត់​ចាញ់​អតីត​កីឡាករ​បាល់ទាត់​គឺ​លោក Zinedine Zidane ចំនួន​ ២ ​គ្រាប់​។

ជុំវិញ​ការប្រកួត​បែប​មិត្តភាព​នេះ​ក៏​មាន​ក្ដីកង្វល់​ខ្លះៗ​ចំពោះ​ក្រុម​ជម្រើសជាតិ​បារាំង​ផង​ដែរ ខណៈ​ពួកគេ​គ្មាន​វត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe នៅក្នុង​តង់​ទី​ ២ ​ដោយសារ​គាត់​រងរបួស​ត្រង់​កជើង​។

ក្រុម​ជម្រើសជាតិ​បារាំង​ក្រោម​ការដឹកនាំ​របស់​លោក Didier Deschamps នឹង​វិល​ទៅ​ប្រកួត​ជាថ្មី​ម្ដង​ទៀត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​តួកគី​នៅក្នុង​ពូល H នៅ​ថ្ងៃទី​ ៨ ខែ​មិថុនា ខណៈ​ជម្រើស​ជាតិ​ទាំង​ ២ ​នេះ​មាន​ ៦ ​ពិន្ទុ​ក្នុង​ដៃ​រៀងៗ​ខ្លួន​ក្រោយពី​បាន​ប្រកួត​​ ២ ​លើក​រួច​មក​ហើយ​។

កីឡាករ Griezmann បាន​និយាយ​ថា​៖ «​យើង​ត្រូវ​តែ​ធ្វើការ​ប្រកួត​កម្ដៅ​សាច់ដុំ​ខ្លះៗ​មុន​ពេល​មាន​ការប្រកួត​កាន់តែ​តឹងរ៉ឹង​ជាមួយ​ប្រទេស​តួកគី​ដើម្បី​ត្រៀម​ខ្លួន​ទុក​ជាមុន​»​។

កីឡាករ​រូបនេះ​បន្ថែម​ថា​៖ «​ខ្ញុំ​ប្រហែល​ជា​មិន​អាច​ស្ថិត​នៅក្នុង​ទម្រង់​លេង​កំពូល​នោះ​ទេ ប៉ុន្តែ​ការប្រកួត​នេះ​នឹង​ធ្វើឲ្យ​ខ្ញុំ​ល្អ​ដើម្បី​ទទួល​បាន​បទពិសោធ​ខ្លះៗ និង​មាន​ទម្រង់​លេង​ល្អ​សម្រាប់​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​»៕ SN