ភ្នំពេញៈ ក្រុម​ក្រសួងការពារជាតិ (ទ័ព) គ្រោង​នឹង​កែប្រែ​ភាព​ឈឺចាប់ ចំពោះ​ការ​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន កាល​ពី​ជើង​ទី ១ ឲ្យ​ទៅ​ជា​កម្លាំង​ចិត្ត សម្រាប់​ការ​សង​សឹក ភ្នំពេញ​ក្រោន វិញ ចំពោះ​ការ​វិល​មក​ជួប​គ្នា ក្នុង​ជើង​ទី ២ នៃ​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ នៅ​ចុង​សប្តាហ៍ នេះ ឯ​ក្រុម​បឹងកេត និង​ណាហ្គាវើល ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ឈ្នះ​បាន ៣ ពិន្ទុ​បន្ថែម ដើម្បី​បន្ត​ឈរ​នៅ តំបន់​កំពូល​តារាង​ទាំង ២។

គេ​នៅ​ចាំបាន​ថា ក្រុម​ភ្នំពេញ​ក្រោ​ន បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​រង ២ សម័យ​កាល ក្រសួង​ការពារ​ជាតិ ស្គាល់​រស​ជាតិ​ចាញ់​តាំង​ពី​ដើម​រដូវកាល​នេះ តាមរយៈ​ការ​យក​ឈ្នះ ២-០ ប៉ុន្តែ លោក ភា សុភ័ក្ត្រា គ្រូបង្វឹក​ក្រុម​ទ័ព បាន​អះអាង​ថា ការ​ចាញ់​កាល​នោះ ដោយសារ​ទ័ព ស្ទើរ​តំបន់​ប្រយុទ្ធ និង​លេង​មិន​សូវ​យល់​ចិត្ត​គ្នា។

លោក ភា សុ​ភ័​ក្ត្រា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «ការ​ចាញ់ ២-០ កាល​នោះ ដោយសារ​យើង​មិន​សូវ​មាន​អ្នក​ប្រយុទ្ធ​មុត​ស្រួច ហើយ​ការ​លេង​របស់​យើង ក៏​មិន​ទាន់​ស៊ី​ចង្វាក់​គ្នា​ល្អ ប៉ុន្តែ​នៅ​ពេល​នេះ​យើង​មាន​ការ​រីក​ចម្រើន​ជាង​មុន ហើយ​រឿង​ដែល​សំខាន់​នោះ ខ្ញុំ​បាន​ប្រាប់​កីឡាករ ឲ្យ​ធ្វើការ​ប្រែ​ភាព​ឈឺ​ចាប់​ចំពោះ​ការ​ចាញ់​លើក​មុន​ទៅ​ជា​កម្លាំង​ចិត្ត​វិញ គឺ​យើង​ត្រូវ​តែ​ប្រឹង​ប្រែង​រក​ជ័យជម្នះ​ត្រឡប់​មក​វិញ»។

សម្រាប់​ការប្រកួត៣លើកចុងក្រោយ​នេះ ក្រុម​ទ័ព ទទួលបាន​ជ័យជម្នះ​រហូត ពិសេស​ការ​ឈ្នះ​ក្រុម​ប៉ូលិស ៤-០ និង​ការ​បន្ត​ឈ្នះ​ក្រុម​អង្គរ​ថាយហ្គឺរ ២-០ បាន​ធ្វើ​ឲ្យ​ពួកគេ​អាច​បន្ត​ឈរ​នៅ​លេខ​រៀង​ទី ៤ ដោយ​មាន ២៤ ពិន្ទុ។ រីឯ​ភ្នំពេញ​ក្រោន ក៏មាន​ការ​ផ្លាស់​ប្តូរ​ទម្រង់​លេង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ហើយ​ការ​បន្ត​ឈ្នះ​ក្រុម​សូល​ទីឡូ​អង្គរ ២-១ កាល​ពី​​សប្តាហ៍​មុន បាន​ជួយ​ឲ្យ​ពួកគេ ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី ៥ វិញ ដោយ​មាន ២១ ពិន្ទុ។ ហេតុនេះ ភ្នំពេញ​ក្រោន ក៏ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ដើម្បី​ដណ្តើម​យក​ទីតាំង​របស់​ក្រុម​ទ័ព​ផង​ដែរ។

ជុំវិញ​ទម្រង់​លេង​របស់​ភ្នំពេញ​ក្រោ​ន ក្នុង​ជើង​ទី២នេះ លោក​ភា សុ​ភ័​ក្ត្រា បាន និយាយ​ថា៖ «ខាង​គេ​មាន​ការ​ផ្លាស់ប្តូរ​ដែរ ព្រោះ​គេ​យក​ខ្សែ​ការពារ​ទៅ​លេង​ប្រយុទ្ធ គេ​យក​ប្រយុទ្ធ​ទៅ​លេង​ការពារ វិញ ដែល​នេះ​ជា​ស្ទីល​របស់​គេ ប៉ុន្តែ​ខ្ញុំ​អត់​ខ្វល់​ទេ ព្រោះ​វា​ជា​ការ​រៀបចំ​របស់​គេ សំខាន់​ខ្ញុំ​មើល​ឃើញ​ការ​រីក​ចម្រើន​របស់​ខ្លួន​ឯង​វិញ»។

លោក សុ​ភ័​ក្ត្រា បាន​បញ្ជាក់ថា៖«ពីមុន​ក្រុម​យើង​ស្ទើរ យើង​ខ្សោយ យើង-លេង​អត់​ទាន់​ត្រូវ​គ្នា ប៉ុន្តែ​ឥឡូវ​យើង​លេង​បាន​ស៊ី​ចង្វាក់​គ្នា រហូត​ដល់​បាន​ឈ្នះ​ការ​ប្រកួត ៣ លើក​ចុង​ក្រោយ ហើយ នេះ​ជា​ហេតុផល​នាំ​ឲ្យ​ក្រុម​របស់​យើង មាន​កម្លាំង​ចិត្ត និង​មាន​ការ​សហការ​គ្នា​ជា​ក្រុម​បាន​ល្អ។ ហេតុនេះ​សម្រាប់ ការ​ជួប​ភ្នំពេញ​ក្រោន​លើក​នេះ យើង មាន​រំពឹង​ច្រើន ក្នុង​ការ​ឈ្នះ»។

ដោយឡែក​ក្រុម​កំពុង​ឈរ​នៅ​កំពូល​តារាង មាន ៣០ ពិន្ទុ បឹងកេត និង​គូប្រជែង​យ៉ាង​ស្រួច​ស្រាល់​របស់​ខ្លួន​គឺ ណាហ្គាវើល ឈរ​នៅ​លេខ ២ មាន ២៨ ពិន្ទុ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ទទួល​បាន ៣ ពិន្ទុ​បន្ថែម​ដូចគ្នា ព្រោះ​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី ១៣ នេះ បឹងកេត ត្រូវ​វិល​ទៅ​ជួប​ក្រុម​ឈរ​នៅ​បាត​តារាង វេស្ទើន ដែល​ពួកគេ​ធ្លាប់​ឈ្នះ ៣-១ ក្នុង​ជើង​ទី ១ ហើយ​ណាហ្គាវើល ត្រូវ​ជួប​ក្រុម​អគ្គិសនី​កម្ពុជា ដែល​ពួកគេ​ធ្លាប់​លត់ ៥-១។

ចំណែក​ក្រុម​កំពុង​ឈរ​លេខ​រៀង​ទី ៣ មាន ២៦ ពិន្ទុ វិសាខា ត្រូវ​ជួប​ក្រុម-អង្គ​រថាយហ្គឺរ ដែល​ពួកគេ​ធ្លាប់​ឈ្នះ ២-០ ហើយ​ក្រុម​ប៉ូលិស ឈរ​នៅ​លេខ ៦ មាន ២០ ពិន្ទុ ត្រូវ​វិល​មក​ជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ពួកគេ​ធ្លាប់​ស្មើ ០-០ ខណៈ​ក្រុម​អាស៊ី​អឺរ៉ុប ត្រូវ​ប៉ះ​ក្រុម​សូល​ទីឡូ​អង្គរ ដែល​ពួកគេ​ធ្លាប់​ឈ្នះ ២-១៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-ណាហ្គា​វើ​ល v អគ្គិសនី​កម្ពុជា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ម៉ោង ៣:០០

-ស្វាយរៀង v ប៉ូលិស នៅ​កីឡដ្ឋាន​ស្វាយរៀង ម៉ោង ៦:០០

-បឹងកេត v វេ​ស្ទើ​ន នៅ​ពហុ​កីឡដ្ឋាន​ជាតិ ម៉ោង ៦:០០

៣ ប្រកួត​នៅ​ថ្ងៃអាទិត្យ

-អាស៊ី​អឺរ៉ុប v សូល​ទី​ឡូ​អង្គរ នៅ AEU Sport Park ម៉ោង ៣:០០

-ភ្នំពេញ​ក្រោ​ន v ទ័ព នៅ​កីឡដ្ឋាន RSN វេលា​ម៉ោង ៦:០០

-វិសាខា v អង្គ​រថា​យ​ហ្គឺ​រ នៅ​កីឡដ្ឋានស្តាត​ចាស់ ម៉ោង ៦:០០