ភ្នំពេញៈ ​ក្រុម​កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា ​បាន​​ត្រឹម​នាំ​យក​បទពិសោធ​ដ៏​ជូរចត់​ ជាមួយ​ការ​ចាញ់​គ្រប់​ប្រកួត​ក្នុង​​ពាន​រង្វាន់ AFF Women''s Championship 2019 មក​ដល់​មាតុ​ប្រទេស​វិញ កាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ ប៉ុន្តែ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ១៥ ​ឆ្នាំ​ ​បាន​និង​កំពុង​ប្រកួត​ប្រជែង​ក្នុង​ពាន “Jinshan Cup” International Youth Football Championship 2019 នៅ​ ស៊ាងហៃ ប្រទេស ​ចិន។

សម្រាប់​ការ​ប្រកួត​ដែល​បាន​ធ្វើ​នៅ​ប្រទេស ​ថៃ នោះ ក្រុម​កីឡាការិនី​កម្ពុជា ​​បាន​ចាញ់​​ទាំង ​៣ ​ប្រកួត និង​បាន​របូត​គ្រាប់​បាល់​រហូត​ដល់ ​២៤ ​គ្រាប់ និង​រក​បាន​តែ​ ​១ ​គ្រាប់​គត់ ដែល​ជា​ការ​ស៊ុត​បាល់​ពិន័យ ​១១ ម៉ែត្រ ​បាន​សម្រេច​របស់​​កីឡាការិនី សំរ៉ិត និមល នៅ​​ពេល​ក្រុម​ពួក​គេ​ចាញ់​ក្រុម​នារី​មីយ៉ាន់ម៉ា ១០-១ ក្នុង​ការ​ប្រកួត​ជម្រុះ​លើក​ទី​២ ប្រចាំ​ពូល B កាល​ពី​ថ្ងៃទី ​១៨ ខែ សីហា។

ចំណែក​ ​២ ប្រកួត​ទៀត ក្រុមនារី​កម្ពុជា បាន​ចាញ់​ក្រុម​នារី​វៀតណាម ១០-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​កាល​ពី​ថ្ងៃ​ទី ១៦ ខែ សីហា ហើយ​ការ​ប្រកួត​បង្រ្គប់​កិច្ច​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អង្គារ ក្រុម​កម្ពុជា​ចាញ់​ក្រុម​នារី​ឥណ្ឌូនេស៊ី ៤-០ មុន​ពេល​ក្រុម​ទាំង ​២ ​នេះ បាន​ធ្លាក់ និង​វិល​ត្រឡប់​មក​ផ្ទះ​វិញ កាល​ពី​ម្សិលមិញ។

ចំណែក​ក្រុម​វៀតណាម ដែល​ទទួល​បាន​លេខ ​១ ដោយ​​​ឈ្នះ​ទាំង ​៣ ​ប្រកួត មាន ​៩ ពិន្ទុ​ពេញ និង​​ក្រុម​មីយ៉ាន់ម៉ា​ឈរ​នៅ​លេខ ​២ ជាមួយ​ការ​​ឈ្នះ ​២ និង​ចាញ់ ​១ មាន ​៦ ពិន្ទុ ត្រូវ​បន្ត​ដំណើរ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​​ក្រុម​ទាំង ​២ ​នេះ អាច​​នឹង​ត្រូវ​ជួប​ក្រុម​នារី​ថៃ និង​ក្រុម​នារី​ហ្វីលីពីន ព្រោះ​ក្រុមទាំង ​២ ​នេះ កំពុង​មាន​ពិន្ទុ​នាំ​មុខ​​ និង​មាន​ប្រៀប​លើ​ក្រុម​ម៉ាឡេស៊ី ទីម័រ​ខាង​កើត និង​ក្រុម​នារី​សិង្ហបុរី ដែល​ឈរ​នៅពូល ​A ជាមួយ​គ្នា។

ដោយ​ឡែក​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ១៥ ​ឆ្នាំ បាន​និង​កំពុង​​ប្រកួត​ប្រជែង ក្នុង​ពាន​រង្វាន់ “Jinshan Cup” International Youth Football Championship 2019 ដែល​ធ្វើ​នៅ​ទីក្រុង​​ស៊ាងហៃ ខណៈ​ព្រឹត្តិការណ៍​នេះ​មាន​ប្រទេស​ចំនួន ​៧ ​ចូលរួម ស្មើ​នឹង​​១២​ក្រុម ហើយ​ការ​ប្រកួត​មាន​ទាំង​​ក្របខ័ណ្ឌ ​U15 និង U14។

តាម​កម្មវិធី​ប្រកួត​នៃ​ក្របខ័ណ្ឌ ​U15 គឺ​ក្រុម ​U15 កម្ពុជា បាន​ឈរ​នៅ​ពូល B ជាមួយ​ក្រុម​ U15​ជម្រើស​របស់​ចិន ក្រុម U15 West Austrlia របស់​អូស្រ្តាលី និងក្រុម​យុវជន U15 Standard de Liege របស់​ប្រទេស ​បែលហ្ស៊ិក ខណៈ​ពូល ​A មាន​ក្រុម U15 Hubei FA របស់​ចិន ក្រុម U15 SK Slavia Praha របស់​ឆែក ក្រុម ​U15 AJ Auxerre របស់​ប្រទេស បារាំង និង​ក្រុម U15 Sh.Shenxin របស់​ចិន។

ការ​ប្រកួត​ជម្រុះ​តាម​ពូល​ទាំង ​២ នេះ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ពុធ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី ​២៦ ខែ​សីហា ដោយ​ក្នុង​នោះ​ក្រុម​បាន​លេខ ​១ ពូល A និង​​លេខ ​១ ពូល ​A ត្រូវ​ឡើង​ទៅ​ជួប​គ្នា ដើម្បី​ប្រជែង​យក​លេខ ​១ និង​លេខ ​២ ឯ​ក្រុម​លេខ​ ​២ នៃ​ពូល​ទាំង ​២ ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤ ចំណែក​ក្រុម​លេខ ​៣ ​ពូល ​A និង​ពូល ​B ប្រកួត​គ្នា​យក​លេខ ​៥ និង​លេខ ​៦ ខណៈ​ក្រុម​លេខ ​៤ ​បាត​តារាង​នៃ​ពូល​ទាំង ​២ ក៏​ត្រូវ​ប្រកួត​គ្នា យក​លេខ ៧ និង​លេខ ​៨ ផង​ដែរ។

ដោយ​ឡែក​ការ​ប្រកួត​ក្របខ័ណ្ឌ U14 មាន ​៤ ​ក្រុម គឺ ​ U14 West Austrlia របស់​អូស្រ្តាលី ក្រុម U14 Sh.Shenxin របស់​ម្ចាស់​ផ្ទះ​ចិន ក្រុម​ U14 Hong Kong និង​ក្រុម U14 Shonan Bellmare របស់​ប្រទេស ​ជប៉ុន ដោយ​ក្រុម​ទាំង ​៤ ​នេះ ត្រូវ​ប្រកួត​វិល​ជុំ រួច​យក​ក្រុម​លេខ ​១ និង​លេខ ​២ ដណ្តើម​យក​ពាន ខណៈ​ក្រុម​លេខ ​៣ និងលេខ ​៤ គឺ​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​លេខ ​៣ និងលេខ ​៤៕