ភ្នំពេញៈ ក្រុម​កីឡាករ កីឡាការិនី​បាល់បោះ​ជនពិការ​កម្ពុជា សុទ្ធតែ​ដណ្តើម​បាន​មេដាយ​រៀងៗ​ខ្លួន​នៅក្នុង​ការប្រកួត​កីឡា​បាល់បោះ​ជិះរទេះ​ដណ្តើម​ពាន​អន្តរជាតិ Bali Cup លើក​ទី​ ៦ ឆ្នាំ​ ២០១៩ (6th Bali Cup International Wheelchair Basketball 2019) នៅ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។

តាមរយៈ​ការប្រកួត​ដាច់​ដោយ​ឡែក​ពី​គ្នា​នេះ​ក្រុម​កីឡាការិនី​បាល់បោះ​ជនពិការ​កម្ពុជា​ធ្វើ​បាន​ល្អប្រសើរ​ជាង​ក្រុម​បុរស ប៉ុន្តែ​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ទាំង​ ២ ​នេះ​សុទ្ធតែ​ចាញ់​ក្រុម​បារាំង​ដូច​គ្នា មុនពេល​ដណ្តើម​បាន​មេដាយ​ប្រាក់ និង​មេដាយ​សំរឹទ្ធ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។

ជាមួយ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ក្នុង​ប្រភេទ​វិញ្ញាសា ៣ ​នាក់​ទល់​ ៣ ​នាក់​ដែល​មាន​ ៤ ​ក្រុម​ចូលរួម​នោះ ក្រុម​នារី​កម្ពុជា​បាន​ចាញ់​តែ​ម្តងគត់​ក្នុង​វគ្គ​ជម្រុះ​វិលជុំ​ទាំង​ ២ ​ជើង​ដោយ​ពួកគេ​រកបាន​ ៩ ​ពិន្ទុ​ជាមួយ​ការឈ្នះ​ ៤ ស្មើ​ ១ និង​ចាញ់​ ១ ​ប្រកួត​មុន​ពេល​ក្រុម​នារី​ដ៏ស្វាហាប់​មួយ​នេះ​បាន​បន្ត​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​បាលី​ជាមួយ​ពិន្ទុ ៨-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ក្រុម​លេខ​ ១ ​របស់​បារាំង​បាន​លត់​ក្រុម Jakarta ១៣-១ ក្នុង​វគ្គ​នេះ​ផង​ដែរ​។

លទ្ធផល​នេះ​បាន​ធ្វើឲ្យ​ក្រុម​នារី​កម្ពុជា និង​ក្រុម​នារី​បារាំង​ឡើង​ទៅ​ជួប​គ្នា​ម្តង​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ការជួប​គ្នា​ ២ ​លើក​ក្នុង​វគ្គ​ជម្រុះ​វិលជុំ ក្រុម​បារាំង​បាន​ឈ្នះ​ពិន្ទុ ៩-៧ ក្នុង​ជើង​ទី​ ១ និង​ស្មើគ្នា​ ៨-៨ ក្នុង​ជើង​ទី​ ២​។ ប៉ុន្តែ​វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​បំផុត​ដែល​ក្រុម​កម្ពុជា​បាន​បន្ត​ចាញ់​ក្រុម​បារាំង ៩-៨ ដោយ​ទទួល​បាន​មេដាយ​ប្រាក់ ខណៈ​បារាំង​បាន​មេដាយ​មាស រីឯ​ក្រុម​បាលី​បាន​យក​ឈ្នះ​ក្រុម Jakarta ជាមួយ​ពិន្ទុ ៤-០ ដើម្បី​ទទួល​បាន​មេដាយ​សំរឹទ្ធ​។

ដោយឡែក​សម្រាប់​ការប្រកួត​ ៥ ​នាក់​ទល់​ ៥ ​នាក់​ផ្នែក​បុរស​វិញ ក្រុម​កម្ពុជា បាន​ទទួល​ចំណាត់ថ្នាក់​លេខ​ ៤ ក្នុង​ការប្រកួត​ជម្រុះ​វិលជុំ​ដែល​មាន​ ៦ ​ក្រុម​ចូលរួម​ដោយ​ឈ្នះ​ ២ និង​ចាញ់​ ៣ ​ដង ប៉ុន្តែ​ការឡើង​ទៅ​ជួប​ក្រុម​បារាំង​នៅ​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ ក្រុម​កម្ពុជា​បាន​បន្ត​ចាញ់​ ៩៥-១២ បន្ថែម​ទៅ​លើ​ការចាញ់​ពិន្ទុ ៧៨-១៧ កាល​ជួប​គ្នា​ក្នុង​វគ្គ​ជម្រុះ​។

យ៉ាងណា​ក៏ដោយ​ក្រុម​កីឡាករ​កម្ពុជា​បាន​សម្រេច​ការសងសឹក​លើ​ក្រុម​សិង្ហបុរី​តាមរយៈ​ការយក​ឈ្នះ​ជាមួយ​ពិន្ទុ ៣០-២៥ ក្នុង​ការប្រកួត​ដណ្តើម​យក​មេដាយ​សំរឹទ្ធ​ដើម្បី​លុបចោល​ការចាញ់ ២៣-១៩ កាល​ជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​។ ចំណែកឯ​ក្រុម​បារាំង​បាន​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ៧៦-៤ ពិន្ទុ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ទទួល​បាន​មេដាយមាស​ជាមួយ​កំណត់ត្រា​ឈ្នះ​គ្រប់​ការប្រកួត​ទាំង​ ៦ ​លើក​៕