ភ្នំពេញ៖ ក្រុមកីឡាការិនី​ប៉េតង់​កម្ពុជា បានឈ្នះឈ្នះ​មេដាយមាស​ទី ​២ ឲ្យ​កម្ពុជា សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​ ៣០ ឆ្នាំ​ ២០១៩ ដែល​កំពុង​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជ័យ​ជម្នះ​ដ៏​ធំ​នេះ បាន​កើត​មាន​ឡើង បន្ទាប់​ពួកគេបានរួម​គ្នា​យក​ឈ្នះ​ក្រុម​កីឡាការិនី​របស់ម៉ាឡេស៊ី ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ មុន​នេះ​បន្តិច។

​មេដាយ​មាស​ទី ​២ ដែល​កម្ពុជាទើប​តែ​ដណ្តើម​បាន​នេះ គឺ​រក​បាន​ដោយ​ ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, អ៊ិន ស្រីយ៉ា និង ឌួង ឌីណា (បម្រុង​ម្នាក់) បន្ទាប់​ពួក​គេ បាន​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ជាមួយ​ពិន្ទុ ១៣-៤ ក្នុងការ​ប្រកួត​វិញ្ញាសា​ ៣​ នាក់ ទល់ ​៣ ​នាក់ ខណៈ​មេដាយ​មាស​ទី ​១ រក​បាន​ដោយ​កីឡាករ​ល្បក្កតោ យ៉ង់ ម៉េងលី លើ​ការ​ប្រកួត​កីឡា Arnis។

ចំណែក​ការ​ប្រកួត​ជា​គូ របស់​ម្ចាស់​មេដាយ​មាស​ពិភព​លោក សុខ ច័ន្ទ​មាន និង ញឹម បូរ៉ា គឺ​បាន​យក​ឈ្នះ​ក្រុម​ឥណ្ឌូនេស៊ី ១៣-១ និង​ឈ្នះ​ក្រុម​វៀតណាម ១៣-១១ ហើយ​សម្រាប់​ការ​ប្រកួត​លើក​ទី​ ៣ អ្នក​ទាំង​ ២ ត្រូវ​ប្រឈមជាមួយ​ក្រុម​ថៃ ដែល​បានចាញ់​ក្រុម​វៀតណាម តែ​ឈ្នះ​ក្រុមឥណ្ឌូនេស៊ី ១៣-១ ដែរ។

ចំណែក​ការ​ប្រកួត​គូ​នារី​របស់​វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ បានចាញ់​ក្រុម​ម៉ាឡេស៊ី ១៣-៩ និង​បាន​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ១៣-២ ហើយ​​លើក​ទី ​៣ អ្នក​ទាំង​ ២ ត្រូវ​ជួប​​ក្រុមវៀតណាម នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​ក្រុមប៉េតង់​បុរស​កម្ពុជា ដែល​មាន​កីឡាករ ថោង ឈឿង, តិប ណូរ៉ា និង សៀង វណ្ណា បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ជា​ក្រុម​ ៣ នាក់​ ទល់​ ៣ នាក់នេះ ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល៕