ភ្នំពេញៈ ក្រុមកីឡាករ កីឡាការិនីប៉េតង់របស់ក្លិបយោធភូមិភាគពិសេស បានរួមគ្នាបង្កើតស្នាដៃដ៏ល្អមួយ នៅក្នុង ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៨ ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃពុធ ខណៈពួកគេបានឈ្នះពានសំខាន់ទាំង ២ ក្នុងចំណោមពានត្រឹម ៣ ក្នុងការប្រកួត ដែលមានក្លិបរហូតដល់ ២១ បានចូលរួមប្រកួតនេះ។
តាមរយៈប្រកួតប្រជែងត្រឹម ៣ ថ្ងៃ លើ ៣ ប្រភេទវិញ្ញាសា ដោយបានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែធ្នូ និងបានបញ្ចប់កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ក្រុមយោធភូមិភាគពិសេស សុទ្ធតែធ្វើបានល្អ នៅក្នុងការប្រកួតជាក្រុម ៣ នាក់ទល់ ៣ នាក់ក្របខ័ណ្ឌក ១ និងប្រកួតជាក្រុមនារី បើទោះបីជាការប្រកួតនេះមានអត្តពលិករហូតដល់ ១៩៥ នាក់ មកពី ២១ ក្លិប នៅទូទាំងប្រទេសបានចូលរួមក៏ដោយ។
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃពុធ កីឡាករ ថោង ឈឿន, ហេង ស៊ូមាន, សៅ សុភារ៉ាន់ និង ឈុន សុផាត (បម្រុង ២ នាក់) បានយកឈ្នះលើម្ចាស់មេដាយមាសពិភពលោក សុខ ច័ន្ទមាន រួមទាំងកីឡាករ សុខ ច័ន្ទម៉ុល យឹម សោភ័ណ្ឌ និង អៀត សុផាត របស់ក្រុមក្រសួងការពារជាតិ ជាមួយលទ្ធផលល្អបំផុតគឺ ១៣-២ ដើម្បីលើកពានជាក្រុមបុរស ខណៈអគ្គភ័ស្តុភារហិរញ្ញវត្ថុក្រសួងការពារជាតិ បានលេខ ៣ និងក្លិបសេនារាជសីហ៍ បានលេខ ៤។
ចំណែកកីឡាការិនីជើងខ្លាំង អ៊ុន ស្រីយ៉ា, ដួង ឌីណា និង ពៅ ឈូករ័ត្ន របស់យោធភូមិភាគពិសេសបានយកឈ្នះក្រុមក្រសួងមហាផ្ទៃ ១៣-៨ ដើម្បីគ្រងជើងឯកការប្រកួតជាក្រុមនារី ខណៈលេខ ៣ បានទៅក្រុមទីស្តីការគណៈរដ្ឋមន្ត្រី និងលេខ ៤ ក្រុមមជ្ឈមណ្ឌលខ.ភ.ម។
ប៉ុន្តែសម្រាប់ការប្រកួតជាក្រុម ៣ នាក់ទល់ ៣ នាក់ក្របខ័ណ្ឌក ២ ក្រុមក្រសួងមហាផ្ទៃ ដណ្តើមបានពាន ហើយលេខ ២ បានទៅក្រុមនាគរាជ ២ លេខ ៣ ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី និងលេខ ៤ ក្រុមនាគរាជ។
លោក អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដែលបានចូលរួមជាអធិបតីភាព ក្នុងពិធីបិទការប្រកួតនេះ បានធ្វើការវាយតម្លៃខ្ពស់ ទៅលើការខិតខំប្រឹងប្រែង និងលទ្ធផលដែលទទួលបានពីការប្រកួតថ្នាក់ជាតិ នៅឆ្នាំនេះថា ដំណើរទៅដោយយុត្តិធម៌។
លោកបានថ្លែងថា៖ «ក្នុងនាមឲ្យក្រសួងអប់រំ យុវជន និងកីឡា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក៏ដូចជាមន្ត្រីបច្ចេកទេស និងគណៈកម្មការគ្រប់ផ្នែក ដែលបានអនុវត្ត និងផ្តល់ភាពយុត្តិធម៌តាមបទបញ្ជានៃការប្រកួត ហើយអត្តពលិកចូលរួម ក៏បានគោរពនូវបទបញ្ជា និងខិតខំប្រកួតអស់ពីសមត្ថភាព។ នេះជាសមិទ្ធផល ដែលសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក៏ដូចជាក្លិបទាំងអស់ បានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដំណើរឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ដែលត្រូវធ្វើនៅកម្ពុជា»៕