ភ្នំពេញ៖ កីឡាករ ​បាំង ​ណុន ​​របស់​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​ និង​​​កីឡាករ ​សៅ ​រង្សី​ មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ ដែល​ទើប​ឈ្នះ​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​កីឡា​ប្រដាល់​សកល​ថ្នាក់​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ ព្រម​ទាំង​​កីឡាករ ​វី ​សុភ័ស្ស​ ដែល​ឆ្នាំ​នេះ​ធ្លាក់​ចេញ​ពី​ជយលាភី​ប្រចាំ​ឆ្នាំ​ ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ការ​ប្រកួត 2nd Belt and ​Road ​CHINA-ASIAN ​Boxing​ Championship ​2019 នៅ​ប្រទេស ​ចិន។​

អ្នក​ប្រដាល់​សកល​កម្ពុជា​ទាំង ​៣​ នាក់​ខាង​លើ និង​ប្រតិភូ នឹង​​ចាក​ចេញ​ពី​មាតុ​ប្រទេស​នៅ​​ថ្ងៃ​ពុធ​នេះ ដើម្បី​ចូលរួម​ការ​ប្រកួត 2nd Belt and ​Road ​CHINA-ASIAN ​Boxing​ Championship ​2019 នៅ​ខេត្ត​ណាននីង​ ដែល​​ប្រកួត​ផ្លូវ​ការ​ពី​ថ្ងៃទី ​២៥​ ដល់​ថ្ងៃ​ ​២៧ ​ខែ​តុលា។

អត្តពលិក​មក​ពី​ប្រទេស​ចំនួន ​៩ ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​កីឡាករ​កម្ពុជា​ទើប​មាន​ឱកាស​បាន​ចូល​ប្រកួត​លើក​​នេះ ដោយសារ​ប្រទេស ​ចិន ​ជា​ម្ចាស់​ផ្ទះ​ ជា​អ្នក​ជួយ​ឧបត្ថម្ភ ខណៈ​ប្រទេស​ផ្សេង​ទៀត ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​មាន ថៃ ​ហ្វីលីពីន​ ម៉ាឡេស៊ី ​ឡាវ​ ឥណ្ឌូនេស៊ី ​សិង្ហបុរី ​និង​វៀតណាម ជា​ដើម។

លោក ​ប៊ុយ ​សោភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ បាន​ប្រាប់​ថា៖ ​«ការ​ប្រកួត​នេះ ​សហព័ន្ធ​បាន​ធ្វើ​ការ​ជ្រើសរើស​យ៉ាង​សម្រិត​សម្រាំង​នូវ​កីឡាករ​ឆ្នើម​ចំនួន ​៣ ​រូប ​ទៅ​ចូលរួម ដើម្បី​​ទទួល​បាន​លទ្ធផល​ល្អ​ គឺ​កីឡាករ សៅ ​រង្សី ​ទើប​តែ​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ ​ក្នុង​ទម្ងន់ ​៤៩ ​គីឡូក្រាម​ ​កីឡាករ ​បាំង ណុន ​ទើប​ឈ្នះ​មេដាយ​មាស​ក្នុង​ទម្ងន់ ​៥២ ​គីឡូក្រាម និង​កីឡាករ​ វី​ សុភ័ស្ស​ ក្នុង​ទម្ងន់ ​៦៤ ​គីឡូក្រាម​ ​ហើយ​ពួក​គាត់ សុទ្ធ​តែ​ជា​កីឡាករ​ជម្រើស​ជាតិ ​ដែល​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម ​នៅ​ហ្វីលីពីន ​ចុង​ឆ្នាំ​នេះ​ផង​ដែរ»​។​

សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​នេះ​ ដឹកនាំ​ដោយ​លោក​ វេជ្ជបណ្ឌិត ​ឆឹង យ៉ៅយ៉េន ​ជា​ប្រធាន​សហព័ន្ធ​ប្រដាល់​សកល​ និង​លោក ​ប៊ុយ សោភ័ណ្ឌ​ ព្រម​ទាំង​​គ្រូ​បង្វឹក​​លោក​ ជ័យ ​ដារា ​និង​លោក​ សួស ​លីណា​ ហៅ​ ឡុង ​ស៊ីលីន​។

ជាមួយ​គ្នា​នេះ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ត្រូវ​បាន​ម្ចាស់​ផ្ទះ​អញ្ជើញ​ឲ្យ​ចូលរូម​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​ចិន និង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ ដើម្បី​ពិភាក្សា​ពី​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កីឡា​ប្រដាល់​សកល​ ក្នុង​តំបន់​អាស៊ាន​ជាមួយ​ប្រទេស ​ចិន ​ក្នុង​គោលដៅ​ពាក្យ​ថា ​«Belt មួយ​ Road មួយ​នៃ​​ CHINA-ASIAN ​Boxing​ Championship ​2019»។

លោក ប៊ុ​យ សោភ័ណ្ឌ​ បាន​លម្អិត​ទៀត​ថា៖ ​«នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត ​ដែល​កីឡា​ប្រដាល់​សកល​កម្ពុជា ​បាន​ធ្វើ​ការ​ដក​ស្រង់​បទពិសោធ និង​បច្ចេកទេស​ ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ​ហើយ​ក៏​ជា​ឱកាស​ក្នុង​ការ​វាស់​ស្ទង់​នូវ​កម្រិត​បច្ចេកទេស​ មុន​ពេល​ចេញ​ទៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​ផង​ដែរ ​ហើយ​សកម្មភាព​របស់​ប្រដាល់​សកល​ គឺ​មាន​ទីផ្សារ​ប្រកួត​ឡើង​វិញ​លើ​ឆាក​អន្តរជាតិ​»។​

ចំណែក​លោក ​ឆឹង ​យ៉ៅ​យ៉េន​ ​បាន​ថ្លែង​​ថា​៖ «​បេសកកម្ម​ចេញ​ទៅ​ប្រកួត​នេះ ​សហព័ន្ធ​ទទួល​បាន​ការ​ហូប​ចុក​ស្នាក់​នៅ​ ព្រម​ទាំង​សំបុត្រ​យន្តហោះ​ពី​ម្ចាស់​ផ្ទះ​​ចិន ​ខណៈ​ដែល​ប្រាក់​ហោប៉ាវ​ទទួល​បាន​ពី​គណៈកម្មាធិការ​រៀបចំ​កីឡា​អាស៊ាន​លើក​ទី ​៣២ (CAMSOC) ​ហើយ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ អនុញ្ញាត​ច្បាប់»៕