ភ្នំពេញ៖ ក្រុមអតីតម្ចាស់ពានធំ Avatar FC ដែលទើបបានយកឈ្នះក្រុមជើងឯកឆ្នាំចាស់ ISI Dangkor Senchey ដើម្បីលើកពានសប្បុរសធម៌បើករដូវកាល នៃព្រឹត្តិការណ៍ KW Cambodia League 2020 នោះ មិនបានចាត់ទុកជ័យជម្នះនេះ ជាការបើកផ្លូវសម្រាប់ពួកគេ ក្នុងការឈានទៅរកការឈ្នះពានធំ ក្នុងរដូវកាលលើកទី ៩ នេះនោះទេ។
ប្រធានក្លិប Avatar FC លោក ស៊ូ សុភាក់ បានទទួលស្គាល់ថា ការផ្តួលក្រុម ISI ដែលជាគូសត្រូវចាស់របស់ខ្លួនក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន KHM កាលពីថ្ងៃអាទិត្យកន្លងមកនេះ វាបានក្លាយជាការបំបែកកំណត់ត្រាដ៏ល្អរបស់ Avatar ប៉ុន្តែលោកបានលើកឡើងថា ការប្រកួតពានពាក់កណ្តាល KW Cambodia League ក្នុងរដូវកាលថ្មីនេះ គឺមានការប្រកួតប្រជែងកាន់តែខ្លាំង។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា៖ «យើងគិតថា យើងនៅតែធ្វើបានល្អ ព្រោះយើងបានឈ្នះពានបើករដូវកាលនេះ ចំនួន ៣ ឆ្នាំជាប់ៗគ្នាតែម្តងហើយកាលពីថ្ងៃអាទិត្យនោះ យើងបានយកឈ្នះ ISI ខណៈប្រវត្តិសាស្រ្តកន្លងមក យើងមិនដែលឈ្នះក្រុមមួយនេះនោះទេ អ៊ីចឹងមានន័យថា យើងបានបំបែកប្រវត្តិសាស្រ្តក្នុងការយកឈ្នះក្រុម ISI»។
ទោះបីជាយ៉ាងណា លោក ស៊ូ សុភាក់ បានបន្ថែមថា៖ «សម្រាប់ការប្រកួតកាលពីឆ្នាំ ២០១៩ យើងបានចាញ់ក្រុម ISI តែមួយគត់ គឺចាញ់ ១-០ ដោយបាល់ពិន័យ ១១ ម៉ែត្រ ធ្វើឲ្យយើងមានពិន្ទុចាញ់ក្រុមនេះ ត្រឹម ១ ពិន្ទុ អ៊ីចឹងបើធ្វើការប្រៀបធៀប ISI មិនលើសយើងប៉ុន្មានទេ ប៉ុន្តែតាមខ្ញុំដឹង KW Cambodia League នៅរដូវកាលថ្មីនេះ មានក្រុមថ្មីៗចូលរួមជាច្រើនទៀត អ៊ីចឹងការប្រកួតប្រជែងវាកាន់តែមានភាពតានតឹងខ្លាំងជាងឆ្នាំមុនៗទៅទៀត»។
ក្រុម Avatar ដែលធ្លាប់ឈ្នះពានធំនៃព្រឹត្តិការណ៍នេះ កាលពីឆ្នាំ ២០១៨ ហាក់មានការចាប់អារម្មណ៍ខ្លាំងទៅលើវត្តមានរបស់ក្រុមពាក់កណ្តាលអាជីព TN Kandal និងក្រុមរបស់អ្នកបង្កើតពាននេះ គឺ Khmer United។ លោក ស៊ូ សុភាក់ បានបញ្ជាក់ថា៖ «នៅរដូវកាលនេះ មានក្រុមខ្លាំង TN Kandal ចូលរួមដែរ គឺបូកបន្ថែមទៅលើក្រុម ISI ចំណែកក្រុមម្ចាស់អ្នកបង្កើតពាន Khmer United ក៏អាចនឹងល្អជាងមុនដែរ។ ហេតុនេះយើងមានការប្រកួតប្រជែងកាន់តែច្រើន»។
តាមលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាស្ថាបនិកដ៏សំខាន់ ដែលបង្កើតឲ្យបានព្រឹត្តិការណ៍នេះឡើង បានឲ្យដឹងថា KW Cambodia League 2020 មានក្រុមចំនួន ១៤ បានចូលរួម ហើយការប្រកួតផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី ១៦ ខែកុម្ភៈ ចុងសប្តាហ៍នេះ។
ជាមួយគ្នានេះ លោកឧញ៉ាបណ្ឌិត គីម ហ៊ាង បានទទួលស្គាល់ថា ការបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមលេខ ១ ពី ២០ លានរៀល រហូតដល់ ៤០ លានរៀល (១ ម៉ឺនដុល្លារ) ក្រុមលេខ ២ ចំនួន ២០ លានរៀល លេខ ៣ ចំនួន ១០ លាន ក្រុមលេខ ៤ ចំនួន ៥ លាន ក្រុម Fair play ២ លានរៀល ព្រមទាំងផ្តល់ជូនអ្នកទាត់បាល់បញ្ជូលទីច្រើនជាងគេ និងអ្នកចាំទីល្អជាងគេ ១០ ម៉ឺនរៀលដូចគ្នានោះ វានឹងធ្វើឲ្យសម្ទុះនៃការប្រកួតប្រជែងនៅរដូវកាលនេះ កាន់តែមានភាពស្វិតស្វាញខ្លាំង។
ទោះបីជាយ៉ាងណា លោកបណ្ឌិត គីម ហ៊ាន រីករាយនឹងការចំណាយនេះ ដោយបានថ្លែងថា៖ «អ្វីដែលយើងបានកសាង ៩ ឆ្នាំមកនេះ គឺកីឡាករមួយចំនួន ដែលបានលេងក្នុងពានយើង ឥឡូវគាត់បានលេងឲ្យជម្រើសជាតិ ដូចជា U19, U22 ឬឈុតធំជាដើម ហើយខ្លះទៀតបានលេងឲ្យក្លិបអាជីព ដូចជាបឹងកេត ណាហ្គាវើល និងវិសាខាជាដើម។ អ៊ីចឹងទាំងនេះ ជាអ្វីដែលយើងសប្បាយចិត្តក្នុងការចំណាយរៀបចំពាននេះបន្តទៀត ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែមានការរីកចម្រើន»៕