ភ្នំពេញៈ ក្រុមកីឡាកាយវប្បកម្មកម្ពុជា ដែលគេស្គាល់ជាទូទៅថា ជាអ្នកលេងសាច់ដុំនោះបានធ្វើដំណើរទៅកាន់ទីក្រុងឈៀងម៉ៃ ប្រទេស ថៃ ពីព្រឹកថ្ងៃអង្គារ ដើម្បីចូលរួមការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី ១០ ឆ្នាំ ២០១៨ (10th WBPF World Bodybuilding and Physique Sports Championships and Congress) ដល់ថ្ងៃទី ១៧ ខែ ធ្នូ ដោយពួកគេរំពឹងខ្ពស់ ក្នុងការការពារមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលកម្ពុជាធ្លាប់ដណ្តើមបានក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសម៉ុងហ្គោលី កាលពីឆ្នាំ ២០១៧។
សម្រាប់ការបញ្ជូនអត្តពលិក ៥ នាក់ចេញទៅប្រកួតលើកនេះ ម្ចាស់មេដាយមាស សំបូរ ណាន មានការជឿជាក់ខ្លាំងថា រូបគេអាចនឹងដណ្តើមបានមេដាយមាស ជាថ្មីម្តងទៀត ហើយ សំបូរ ណាន ក៏មានការសង្ឃឹមទៅលើបងប្អូនទាំង ២ របស់គេគឺ សំបូរ នន់ និង សំបូរ សុភណ្ឌ ព្រមទាំងមិត្តរួមជាតិ ២ នាក់ទៀតគឺ ណុំ សុបិន្ត និង ត្រឹង ចាន់ ថាអាចដណ្តើមបានមេដាយជូនជាតិ ផងដែរ។
សំបូរ ណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅពេលរូបគេ និងមិត្តរួមក្រុម ទៅទទួលសម្លៀកបំពាក់កីឡា ដែលឧបត្ថម្ភដោយក្លិបហាត់ប្រាណ Core Explore Fitness កាលពីថ្ងៃចន្ទថា៖ «ការទៅប្រកួតលើកនេះ ខ្ញុំមានសង្ឃឹមដល់ ៩០ ភាគរយ ក្នុងការការពារមេដាយមាស ព្រោះការត្រៀមខ្លួនរយៈពេល ៦ ខែមកនេះ បានធ្វើឲ្យសាច់របស់ខ្ញុំ ល្អជាងកាលប្រកួតឆ្នាំមុន ២០ ភាគរយ គឺល្អទាំងសាច់ស្មា ពោះ និងសាច់ជើង»។
ម្ចាស់មេដាយមាសរូបនេះបានបន្តថា៖ «សម្រាប់ខ្ញុំ គឺមានការបារម្ភតែទៅលើប្រទេសអ៊ីរ៉ង់មួយទេ ចំណែកថៃ គឺសុទ្ធតែអ្នកថ្មី គេមិនអាចឈានដល់កម្រិតយើងនោះទេ ដោយសារសាច់យើងល្អជាងពួកគេ អ៊ីចឹងសម្រាប់ពួកយើងទាំង ៥ នាក់ ដែលចេញទៅប្រកួតលើកនេះ គឺខ្ញុំសង្ឃឹមថា យើងអាចបានមេដាយទាំងអស់គ្នា»។
សម្រាប់ការចេញទៅប្រកួតជើងឯកពិភពលោកលើកនេះ សំបូរ ណាន ត្រូវប្រកួតបង្ហាញសាច់ដុំផ្នែក Athletic Physique កម្ពស់ចាប់ពី 175 cm (+6Kg) និង ណុំ សុបិន្ត ប្រកួតកម្ពស់ក្រោម 167 cm (+4kg)។ ចំណែក សំបូរ នន់ ត្រូវប្រកួតផ្នែក Bodybuilding ក្នុងទម្ងន់ ៩០ គីឡូក្រាម ហើយ សំបូរ សុភណ្ឌ ត្រូវប្រកួតផ្នែករាងស្អាត Sports Physique up to 170 cm-120=Max និង ត្រឹង ចាន់ ប្រកួតផ្នែករាងស្អាត Sports Physique Up to 175cm-100=Max។
លោក តឹក ប៊ុនវី អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដែលធ្លាប់បានឈ្នះមេដាយប្រាក់ ក្នុងការប្រកួតជើងឯកពិភពលោក កាលឆ្នាំ ២០១៧ បានប្រាប់ថា៖ «ការប្រកួតនេះ មានប្រទេសជាង ៥០ បានចូលរួម ប៉ុន្តែយើងមានការបារម្ភតែទៅលើប្រទេសថៃ និងអ៊ីរ៉ង់ទេ ចំណែកប្រទេសផ្សេងៗទៀត យើងអត់ខ្លាចទេ ព្រោះយើងធ្លាប់បានចូលរួម ហើយបានដឹងអស់ហើយ»។
ចំពោះមហិច្ឆតាការការពារមេដាយមាសរបស់ សំបូរ ណាន លោក តឹក ប៊ុនវី បាននិយាយថា៖ «យើងមានសង្ឃឹមច្រើនថា សំបូរ ណាន អាចដណ្តើមបានមេដាយមាសទៀត ព្រោះនៅឆ្នាំនេះសាច់របស់គាត់ស្អាតជាងកាលឈ្នះមេដាយមាស ឆ្នាំ ២០១៧ ទៅទៀត ហើយយើងមិនមានការបារម្ភថា ថៃជាម្ចាស់ផ្ទះ អាចមានប្រៀបលើយើងនោះទេ ដ្បិតអីកីឡានេះមានភាពយុត្តិធម៌ច្រើន គឺបើសាច់របស់យើងល្អដាច់ គេមិនអាចទម្លាក់យើងមកលេខ ២ នោះទេ អ៊ីចឹងដាច់ខាតយើងត្រូវតែបានលេខ ១ ហើយ»។
គួរបញ្ជាក់ថា សម្រាប់ការចេញទៅប្រកួតជើងឯកពិភពលោកនេះ កម្ពុជាបានបញ្ជូនចៅក្រមលោក នុត សុផល ទៅចូលរួមដែរ ហើយលោក ស៊ីម សុកមង្គលរស្មី ជាប្រធានខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ គឺជាប្រធានប្រតិភូ និងជាគ្រូបង្វឹក ដឹកនាំការប្រកួតជើងឯកពិភពលោកលើកនេះដោយផ្ទាល់៕