ភ្នំពេញ៖ ​ក្រុម​អត្តពលិក​កីឡា​វ៉ូវីណាម​កម្ពុជា បាន​ធ្វើ​ឲ្យប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី កាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ទៅនឹង​ជោគ​ជ័យ​យ៉ាង​ធំ​ធេង​របស់​ពួក​គេ ដែល​ទើប​ទទួល​បាន នៅ​ក្នុង​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើង​ឯក​អាស៊ី លើក​ទី ​៤ ឆ្នាំ ​២០១៨ (The 4th AVF ASIAN Vovinam Cahmpionship 2018) ដែល​ទើប​បាន​បញ្ចប់ កាល​ពី​យប់​ថ្ងៃ​ចន្ទ នៅ​ឥណ្ឌូនេស៊ី ប៉ុន្តែ​ក្រុមហ្វុតសាល​ជម្រើសជាតិកម្ពុជា ​បាន​ជួបការ​បរាជ័យ​យ៉ាង​ចាស់​ដៃ​ម្តង​ទៀត នៅ​ថ្ងៃ​នេះ។​

បើ​ទោះ​បីជា​ក្រុម​វ៉ូវីណាម​កម្ពុជា មិន​ធ្លាប់​បាន​ចូល​រួម​ការប្រកួត​ជើង​ឯក​អាស៊ី​នេះ ពី​មុន​មក ប៉ុន្តែ​ការ​ចូល​រួម​ប្រកួតប្រជែង​ជា​លើក​ដំបូង ជាមួយ​បណ្តា​ប្រទេស​ចំនួន ​១៧ ក្នុង​ទ្វីប​អាស៊ី លើក​នេះ ក្រុមតំណាង​ឲ្យ​កម្ពុជា​មួយនេះ បាន​ឈ្នះ​មេដាយ​មាស​រហូត​ដល់​ ១១ រួមជាមួយ​មេដាយ​ប្រាក់​ ១១ និងមេដាយ​សំរឹទ្ធ ​១៤។

ជាមួយ​ជោគ​ជ័យ​យ៉ាងធំ​នេះ វា​បាន​ក្លាយជា​កំណត់ត្រា​ថ្មី​សន្លាង​មួយ​ទៀត ​របស់​​ក្រុម​វ៉ូវីណាម​កម្ពុជា បន្ថែម​ទៅ​លើ​ការ​ឈ្នះ​បាន​មេដាយ​មាស​៤ ប្រាក់​​៩ និងសំរឹទ្ធ​៩ ពី​ការ​ប្រកួត​​កីឡាវ៉ូវីណាម​ជើង​ឯក​ពិភព​លោក នៅ​ប្រទេស​​ឥណ្ឌា កាល​ពី​ឆ្នាំ​២០១៧ ហើយការ​ឈ្នះ​បាន​មេដាយ​សរុប​ចំនួន ​៣៦ ​ពី​ការ​ប្រកួត​ជើង​ឯក​អាស៊ីនេះ បាន​ធ្វើ​ឲ្យ​ក្រុម​វ៉ូវីណាម​កម្ពុជា ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ២ ក្នុង​នាម​ជា​ប្រទេស​ឈ្នះ​បាន​មេដាយ​មាស​ច្រើន​ជាង​គេ។

ក្រុម​ហ្វុត​សាល​កម្ពុជា បន្តចាញ់​មីយ៉ាន់ម៉ា ១១-២

ដោយ​ឡែក​ក្រុម​ហ្វុតសាល​ជម្រើសជាតិ​​កម្ពុជា នៅ​តែ​មិន​ទាន់​អាច​រក​ឃើញ​លទ្ធផល​ដ៏​ប្រសើរ​មួយ នៅ​ក្នុងការ​ប្រកួត​​​ពាន​រង្វាន់ AFF Futsal Championship 2018 នៅប្រទេស​ឥណ្ឌូនេស៊ី ព្រោះ​​នៅ​ថ្ងៃ​អង្គារ​នេះ ពួក​គេ​បាន​បន្ត​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ១១-២ បន្ថែម​ទៅ​លើ​ការ​ចាញ់​ក្រុម​​ហ្វុត​សាល​ជម្រើសជាតិ​ម៉ាឡេស៊ី ១០-០ កាល​ពី​ថ្ងៃ​ចន្ទ។

ការ​ចាញ់​ទាំង ​២ ​ប្រកួតជាប់ៗ​គ្នា ជាមួយ​​ការ​របូត​គ្រាប់​បាល់ ​២១ ​គ្រាប់ និង​ស៊ុត​ចូល​ទី​គេ​វិញ ​បាន​ត្រឹម ​២ ​​គ្រាប់​នេះ ​បាន​បង្ហាញ​ថា ក្រុម​ហ្វុត​សាល​កម្ពុជា បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួតនេះ ដោយ​ស្វ័យ​ប្រវត្តិ​ហើយ ហើយការ​ប្រកួត​បង្រ្គប់​កិច្ច​លើក​ចុង​ក្រោយ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ស្អែក ក៏​កម្ពុជា គ្មាន​រំពឹង​រក​ឃើញ​ការ​ឈ្នះ​នោះ​ដែរ ដ្បិត​អី ក្រុម​ឥណ្ឌូនេស៊ី មាន​លទ្ធផល​ភាព​អាច​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា​ រហូត​ដល់ ៥-១ ឯណោះ៕