ភ្នំពេញៈ ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​ចំនួន ២០ នាក់ រួម​ទាំង​ថ្នាក់​ដឹក​នាំ និង​គ្រូបង្វឹក​សរុប ៥ នាក់​ទៀត នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ព្រឹក​ម៉ោង ៩:៣០ ថ្ងៃ​សុក្រ​នេះ ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើង​ឯក​អាស៊ី លើក​ទី ៤ ឆ្នាំ ២០១៨ ៩The 4th AVF ASIAN Vovinam Cahmpionship 2018) នៅ​ទីនោះ ដែល​នឹង​ចាប់​ដំណើរ​ការ​ប្រកួត​ប្រជែង​ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា។

បើទោះបីជា ក្រុម​វ៉ូ​វី​ណា​ម​កម្ពុជា ធ្លាប់បាន​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ច្រើន​លើក និង​ធ្លាប់​ឈ្នះ​មេដាយ​មាស ៤ ប្រាក់ ៩ និង​សំរឹទ្ធ ៩ ពី​ការ​ប្រកួត​ជើង​ឯក​ពិភពលោក ឆ្នាំ ២០១៧ នៅ​ឥណ្ឌា​ក្តី ប៉ុន្តែ​នេះ​ជា​លើក​ទី ១ ដែល​ក្រុម​វ៉ូវីណាម បាន​ចូលរួម​ការ​ប្រកួត​ជើង​ឯក​អាស៊ី លើក​នេះ តែ​ជា​ការ​ចូលរួម​បែប​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ព្រោះ​ក្រុម​អត្តពលិក​ទាំង ២០ នាក់ បាន​ចូលរួម​គ្រប់​វិញ្ញាសា​តែ​ម្តង ដោយ​ក្នុង​នោះ​មាន​ប្រយុទ្ធ ១៣ ប្រភេទ​ទម្ងន់ និង​សម្តែង ២៤ វិញ្ញាសា។

លោក ទេព ជីវ​សុខុម អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា៖ «នេះ​ជា​លើក​ទី ១ ហើយ ដែល​យើង​បាន​ចូលរួម​ការ​ប្រកួត​ជើង​ឯក​អាស៊ី ហើយ​ការ​ទៅ​ចូលរួម​លើក​នេះ យើង​ត្រៀម​បាន​ល្អ​លើ​ការ​ហ្វឹកហាត់ ក៏​ដូចជា​បច្ចេកទេស​មួយ​ចំនួន ដែល​មាន​ការ​អភិវឌ្ឍ​ជាង​មុន អ៊ីចឹង​យើង​អាច​មាន​សង្ឃឹម​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ គឺ​យើង​រំពឹង​ថា អាច​នឹង​បាន​មេដាយ​មាស»។

យ៉ាងណាក៏ដោយ នៅក្នុង ចំណោម​ប្រទេស​ជាង ២០ ដែល​បាន​ចូលរួម ក្នុងការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើង​ឯក​អាស៊ី​នេះ លោក ជីវ​សុខុម បាន​ចាត់​ទុក​ប្រទេស ៣ ជា​រនាំង​សម្រាប់​ក្រុម​កម្ពុជា។

លោក​បាន​និយាយ​ថា៖ «យើង មិន​អាច​មើល​ស្រាល​ក្រុម​វៀតណាម​បាន​ទេ ព្រោះ​គេ​ជា​ម្ចាស់​ក្បាច់​គុន​នេះ ហើយ​ឥណ្ឌូនេស៊ី ក៏​អាច​រៀបចំ​បាន​ល្អ​ដែរ ទើប​គេ​ហ៊ាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ចំណែក​អ៊ីរ៉ង់ ល្អ​ប្រយុទ្ធ ជាង​វៀតណាម​ទៅ​ទៀត អ៊ីចឹង​ប្រទេស​ទាំង ៣ នេះ ស្ថិត​ក្នុង​ការ​បារម្ភរ​បស់​យើង»។

បើទោះបីជា មានការ​បារម្ភ​ពី​ប្រទេស​ទាំង ៣ ខាងលើនេះ​ក្តី ប៉ុន្តែ​លោក ទេព ជីវ​សុខុម នៅ​តែ​មាន​ការ​ជឿ​ជាក់​ថា ក្រុម​វ៉ូវីណាម​កម្ពុជា នឹង​នៅ​តែមា​ន​ភាព​អាទិភាព​ខ្ពស់ ប្រជែង​យក​មេដាយ ទាំង​លើ​វិញ្ញាសា​ប្រយុទ្ធ និង​សម្តែង។ បន្ថែម​លើ​នេះ ការ​ទើប​សម្រេច​ដាក់​ប្រភេទ​កីឡា​វ៉ូវីណាម ឲ្យ​ចូលរួម​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ជាថ្មី​វិញ របស់​ម្ចាស់​ផ្ទះ​ហ្វីលីពីន ក្នុង​ឆ្នាំ ២០១៩ បាន​បន្ថែម​កម្លាំង​ចិត្ត​ថ្មី​មួយ​ដល់​ដល់​ក្រុម​វ៉ូវីណាម​កម្ពុជា ក្នុង​ការ​ប្រជែង​យក​មេដាយ ការ​ប្រកួត​ជើង​ឯក​អាស៊ី លើក​នេះ។

លោក ជីវ​សុខុម បញ្ជាក់ថា៖ «ការដាក់​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម ឲ្យ​ចូលរួម​ស៊ីហ្គេម​វិញ នៅ​ហ្វីលីពីន ឆ្នាំ ២០១៩ បាន​ក្លាយជា​ដំណឹង​ដ៏​ល្អ​មួយ ដែល​នឹង​ធ្វើ​ឲ្យ​ក្រុម​អត្តពលិក​របស់​យើង មាន​ការ​ខិតខំ​ប្រឹង​ប្រែង​កាន់​តែ​ខ្លាំង ព្រោះ​យើង​កំពុង​សម្រួច​ទៅ​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា ដូច្នេះ​សូម​បង​ប្អូន​ជន​រួម​ជាតិ ចូលរួម​លើក​ទឹក​ចិត្ត​ដល់​ក្រុម​វ៉ូវីណាម​កម្ពុជា ​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​ទាំង​នៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​ទាំង​អស់​គ្នា ក្នុង​ទិស​ដៅ​ទទួល​បាន​ជោគ​ជ័យ​ធំ នៅ​ស៊ីហ្គេម ឆ្នាំ ២០២៣»៕