ភ្នំពេញ៖ ​ក្រុម​នារី​ជម្រើស​ជាតិ​ហុកគី​កម្ពុជា ​​បាន​កើន​ភាគរយ​មួយ​កម្រិត​ទៀត ដោយ​ឈាន​ទៅ​បង្កើត​ប្រវត្តិសាស្រ្ត ដើម្បី​ដណ្តើម​ឲ្យ​បាន​មេដាយ ជា​លើក​ដំបូង ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣០ ដែល​កំពុង​ធ្វើ​នៅ​ប្រទេស ​ហ្វីលីពីន ហើយ​ការ​កើន​ភាគរយ​នេះ ដោយសារ​តែ​ក្រុម​ខ្លាំង​របស់​ឥណ្ឌូនេស៊ី ត្រូវ​បាន​គណៈកម្មការ​សម្រេច​ដក​សិទ្ធិ​ចេញ​ពី​ការ​ប្រកួត​នេះ។

លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ មុន​ចេញ​ដំណើរ​ទៅ​ប្រទេស ​ហ្វីលីពីន ​ថា៖​ «​ការ​ចូលរួម​ប្រកួត​ស៊ីហ្គេម ជា​លើក​ដំបូង នៅ​ប្រទេស ​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ ​២០១៣ ​ក្រុម​ហុកគី​នារី​របស់​យើង មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ​ ប៉ុន្តែ​ការ​ចូលរួម​ស៊ីហ្គេម​ជា​លើក​ទី ​២ ​នេះ យើង​មាន​ការ​រំពឹង​ខ្ពស់ ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ»។

គួរ​រំឭក​ថា ​ក្រុមហុកគីនារី​កម្ពុជា​ធ្លាប់​បាន​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម​ជា​លើក​ដំបូង នៅ​ប្រទេស ​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ ​២០១៣ ប៉ុន្តែ​តាមរយៈ​ការ​ប្រកួត​នោះ ក្រុម​កម្ពុជា បាន​ចាញ់​គូ​ប្រកួត​​ដាច់​ស្ទើរ​គ្រប់​ការ​ប្រកួត។ យ៉ាង​ណា​ក៏​ដោយ ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​នៅ​ក្នុង​ស្រុក និង​ការ​ចេញ​ទៅ​ហាត់​នៅ​ក្រៅ​ប្រទេស ព្រម​ទាំង​ការ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ញឹក​ញយ​នោះ បាន​ធ្វើ​ឲ្យ​ក្រុម​នារី​តំណាង​ឲ្យ​ប្រទេស ​កម្ពុជា ​ទាំង​នេះ មាន​កម្រិត​បច្ចេកទេស​រីកចម្រើនគួរ​ឲ្យ​កត់​សម្គាល់។

លោក​ កាំង សុធា បាន​បន្ថែម​ថា៖ ​«​ការ​ហ៊ាន​រំពឹង​ខ្ពស់​នេះ ក៏​ព្រោះ​តែ​​ក្រុម​ហុកគី​កម្ពុជា បាន​ទៅ​ហ្វឹកហាត់ និង​ប្រកួត​ដង​ស្រង់​បច្ចេកទេស​នៅ​ប្រទេស ​ថៃ ​បាន​រយៈពេល ​១ ខែ​កន្លះ ព្រម​ទាំង​បាន​ចេញ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ផ្សេងៗ នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ពួក​គេ មាន​ការ​កើន​ឡើង​ច្រើន ព្រោះ​តាម​ការ​ប្រៀប​ធៀប​ទៅ​សមត្ថភាព​ក្រុម ដែល​បាន​ចូលរួម​ប្រកួត​ស៊ីហ្គេម កាល​ពី​ឆ្នាំ ​២០១៧ យើង​មើល​ឃើញ​ថា សមត្ថភាព​របស់​ក្រុម​យើង​ពេល​នេះ អាច​នៅ​លើ​គេ ឬ​ស្មើ​​គេ»។

បន្ថែម​លើ​ការ​រំពឹង​នេះ ក្រុម​ហុកគី​នារី​កម្ពុជា បាន​កើន​ភាគរយ​មួយ​កម្រិត​ទៀត ក្នុង​ការ​ឈាន​ទៅ​សម្រេច​ការ​ឈ្នះ​បាន​មេដាយ​នៅ​ស៊ីហ្គេម​លើក​នេះ ខណៈ​ក្រុម​ធ្លាប់​ឈ្នះ​មេដាយ​មាស​របស់​ឥណ្ឌូនេស៊ី ត្រូវ​បាន​គណៈកម្មការ​សម្រេច​ដាក់​ឈ្នះ​ចេញ​ពី​ការ​ប្រកួត​ក្នុង​ការ​ប្រជុំ​បច្ចេកទេស កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។

ការ​ដក​បេក្ខភាព​របស់​ក្រុម​នារី​ឥណ្ឌូនេស៊ី បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ហុកគី​ផ្នែក​នារី ក្នុង​យុទ្ធនាការ​ស៊ីហ្គេម​នៅ​ហ្វីលីពីន​លើក​នេះ ​​នៅ​សល់ ​៥ ​ក្រុម​ប៉ុណ្ណោះ គឺ​មាន​កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី និង​ម្ចាស់​ផ្ទះ​ហ្វីលីពីន ហើយ​តាម​រូបមន្ត និង​លក្ខខណ្ឌ​ប្រកួត គឺ​មាន​តែ ​១ ​ក្រុម​ប៉ុណ្ណោះ ដែល​មិន​បាន​មេដាយ​ពី​ការ​ប្រកួត​នេះ ខណៈ ​៤ ​ក្រុម​ទៀត យ៉ាង​ហោច​ណាស់ក៏​បាន​មេដាយ​សំរឹទ្ធ​ដែរ។

ចំណែក​រូបមន្ត​នៃ​ការ​ប្រកួត គឺ​ក្រុម​ទាំង ​៥ នេះ ត្រូវ​ប្រកួត​វិល​ជុំ​ចំនួន ​៤ លើក​ដូច​គ្នា រួច​ទើប​ធ្វើ​ការ​បូក​សរុប​លទ្ធផល ដើម្បី​យក​ ​៤ ​ក្រុម មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​ក្រុម​ទាំង ​៤ ​នេះ ក៏​មាន​មេដាយ​សំរឹទ្ធ​ក្នុង​ដៃ​រួច​ជា​ស្រេច​ផង​ដែរ។ ចំណែក​កម្ពុជា​នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​សិង្ហបុរី នៅ​ថ្ងៃ​ពុធ​នេះ មុន​ទៅ​ជួប​ក្រុម​ម៉ាឡេស៊ី ​ថៃ ហ្វីលីពីន និង​ម៉ាឡេស៊ី។

ជុំវិញ​ការ​ដក​បេក្ខភាព​ក្រុម​ឥណ្ឌូនេស៊ី​នេះ លោក កាំង សុធា បាន​ប្រាប់​ពី​ប្រទេស ហ្វីលីពីន ​ថា៖ «​ពិត​ណាស់​​ក្រុម​ឥណ្ឌូនេស៊ី គឺ​ជា​ក្រុម​ខ្លាំង​មួយ អ៊ិចឹង​ការ​គ្មាន​វត្តមាន​ក្រុម​នេះ នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​សង្ឃឹម​ខ្ពស់ ក្នុង​ការ​ឈាន​ទៅ​ដណ្តើម​​បាន​មេដាយ»៕​