ភ្នំពេញ៖ ក្រុម​ហ្វុតសាល​ជម្រើសជាតិ​​កម្ពុជា មិន​អាច​ប្រើ​ប្រាស់បទពិសោធ ដែលកើត​ចេញ​ពី​ការ​ត្រៀម​ខ្លួន​រយៈ​ពេល​មិន​ដល់​ ១​ ខែ ដើម្បី​ទៅ​ទប់​ទល់​ជាមួយ​ក្រុម​ហ្វុត​សាល​ជម្រើសជាតិ​ ម៉ាឡេស៊ី បាន​នោះ​ទ គឺ​ពួក​គេ​បាន​ចាញ់​រហូត​ដល់ ១០-០ នៅក្នុងការ​ប្រកួត​បើក​ឆាក​​ពាន​រង្វាន់ AFF Futsal Championship 2018 នៅប្រទេស​ ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ចន្ទនេះ។

​សម្រាប់​ការ​ប្រកួត​​ត្រឹម​រយៈ​ពេល​៤០​នាទី ដែល​បាន​ចាប់​ផ្តើម កាល​ពី​ព្រឹក​ម៉ោង ១១:៣០ ថ្ងៃ​ចន្ទ​នេះ ​ក្រុម​ហ្វុត​សាល​ជម្រើសជាតិ​ ម៉ាឡេស៊ី បាន​ធ្វើ​ការ​ដាក់​សម្ពាធ​ ជា​បន្ត​បន្ទាប់ ដែល​ធ្វើ​ឲ្យ​ក្រុម​ហ្វុត​សាល កម្ពុជា បាន​ព្យាយាម​បិទ​នៅតំបន់ការពារ​ភាគ​ច្រើន និង​បាន​វាយ​បក​ទៅ​កាន់​ក្រុម​ម៉ាឡេស៊ី បាន​ម្តងម្កាល​ផងដែរ។

យ៉ាង​ណា​ក៏​ដោយ ឱកាស​ដ៏​តិចតួច​របស់​ក្រុម​កម្ពុជា មិន​អាច​ជួយ​ឲ្យ​ពួក​គេ ​រក​បាន​គ្រាប់​បាល់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ការវាយ​សម្រុក​របស់​ម៉ាឡេស៊ី បាន​ជួយ​ឲ្យ​ពួក​គេ រក​បាន ​៤ ​គ្រាប់ ក្នុងការ​ប្រកួត​រយៈ​ពេល​ ២០ ​នាទី ក្នុង​តង់​ទី ​១ ហើយ​នៅ​តង់​ទី​ ២ គឺ​ពេល​ដែល​ក្រុម​ហ្វុត​សាល​កម្ពុជា ថម​ថយ​គុណ​ភាព​កម្លាំង​នោះ ក្រុម​ម៉ាឡេស៊ី រក​បាន ​៦ ​គ្រាប់បន្ថែម​ទៀត។

ការ​យក​​ឈ្នះ​ក្រុមហ្វុត​សាល​​កម្ពុជា ១០-០ ក្នុងការ​ប្រកួត​បើក​ឆាក​នេះ បាន​ក្លាយ​ជា​ជ័យ​ជម្នះ​ដ៏​ធំ​មួយ ចំពោះ​ក្រុម​ហ្វុត​សាល​​ម៉ាឡេស៊ី ដែល​ធ្វើ​ឲ្យ​ពួក​គេ មាន​កម្លាំង​ចិត្តកាន់តែ​ខ្លាំង ក្នុងការ​បន្ត​ទៅ​​ប្រជែង​ជាមួយ​ក្រុម​ហ្វុត​សាល​ជម្រើសជាតិ​មីយ៉ាន់ម៉ា និងក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ខណៈ​ក្រុម​ហ្វុត​សាល​ហ្វីលីពីន បាន​ដក​ខ្លួន​ចេញ​ពីការ​ប្រកួត​នោះ។

ប៉ុន្តែ​ក្រុម​ហ្វុត​សាល​ជម្រើសជាតិ​កម្ពុជា ដែល​ទើប​ចូល​រួមការ​ប្រកួត​​ពាន​រង្វាន់ AFF Futsal Championship នេះជា​ថ្មី ក្រោយ​អាក់​ខាន​ចូល​រួម​អស់​ជា​ច្រើន​ឆ្នាំ​នោះ ត្រូវ​ធ្វើការ​ងារ​កាន់​តែ​ធ្ងន់ ព្រោះ​ ២ ​​ប្រកួត​ចុង​ក្រោយ​ ក្នុង​ពូល ​A នេះ ពួក​គេត្រូវ​​ជួប​ក្រុម​មីយ៉ាន់ម៉ា ​នៅព្រឹក​ម៉ោង ១១:៣០ ថ្ងៃ​អង្គារ​ស្អែក​នេះ មុន​ពេល​​ប្រឈម​ជាមួយ​​ក្រុម​ម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី ក្នុងការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ នៅ​រសៀល​ម៉ោង​ ២ ថ្ងៃ​ពុធ៕​