ភ្នំពេញៈ ក្រុម​ជម្រើសជាតិ​ហ្វុ​ត​សាល​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ធ្វើការ​ហ្វឹក​ហាត់​នៅ​ទីនោះ រយៈពេល ១ សប្តាហ៍​ពេញ ត្រៀម​ការ​ប្រកួត​ហ្វុតសាល​ពាន​រង្វាន់ AFF Futsal Championship 2018 ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

លោក ឃុ​ល ភី​រម្យ នាយក​អភិវឌ្ឍន៍​ហ្វុ​ត​សាល​ជាតិ នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ហ្វុត​សាល​កម្ពុជា ទៅ​ហ្វឹក​ហាត់​នៅ​ថៃ លើក​នេះ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «នៅ​ក្នុង​ការ​ចេញ​ទៅ​ហ្វឹក​ហាត់​នេះ យើង​មាន​ការ​ប្រកួត​ដក​ស្រង់​បច្ចេកទេស​ជាមួយ​ក្លិប​ហ្វុត​សាល ដែល​លេង​នៅ​លីក​កំពូល​របស់​ថៃ​ចំនួន ៣ ដោយ​យើង​លេង​នៅ​ថ្ងៃ​ទី ២៤ ទី ២៥ និង​ទី ២៦ ខែ​តុលា»។

យ៉ាងណាក៏ដោយ ចំពោះ​ពេលវេលា និង​ឈ្មោះ​ក្លិប​ហ្វុ​ត​សាល ដែល​ត្រូវ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហ្វុត​សាល​កម្ពុជា ត្រូវ​បាន​លោក ឃុល ភីរម្យ ប្រាប់​ថា អាច​នឹង​ដឹង​ច្បាស់ នៅ​ថ្ងៃ​អង្គារ​នេះ ព្រោះ​តាមរយៈ​ការ​ទាក់​ទង​ជាមួយ​ក្លិប​ហ្វុត​សាល​ទាំង ៣ របស់​ថៃ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ។

នៅមុន​ការធ្វើដំណើរ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែម នៅ​ប្រទេស​ថៃ​នេះ ក្រុម​ជម្រើស​ជាតិ​ហ្វុត​សាល បាន​យក​ឈ្នះ​ក្រុម​ហ្វុត​សាល Home Sport FC ៣-២ នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​ក្នុង​ស្រុក នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ហើយ​ការ​ប្រកួត​ពាន AFF Futsal Championship 2018 នេះ ក្រុម​កម្ពុជា​ឈរ​នៅ​ពូល A ជាមួយ​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ហ្វីលីពីន ខណៈ​ពូល B មាន​ថៃ វៀតណាម ប្រ៊ុយណេ និង​ទីម័រ​ខាង​កើត។

គួរ​បញ្ជាក់ថា កីឡាករ​ចំនួន ២០ នាក់ ក្នុងនោះ​មាន ហេង សុខលី, រស់ រតនៈ, រស់ ស៊ី​ចំរើន, គន្ធ លន់​ដារ៉ូត, គឹម សុខ​យុទ្ធ, កែវ ជា​តូ, គឹម ហាប់, អ៊ុក សេរី​រតនៈ, នៅ រ៉ូហ្សែត, តាត់ ផាត់​ឌី, សឹង ចាន់​វ៉ានណូ, ផុន ចាន់​ឧត្តម, វង្ស ដារ៉ា, ញឹក ថា​លីដា, ហូ អត្រា, អ៊ឹង ស្លូត, ចន្ថា ចន្ធាកា, សេដ្ឋា សច្ចៈ​បុត្រ, កែវ ណា​រ៉េត និង ឡាក់ ភីរុណ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ប្រមូល​ផ្តុំ​ជា​បឋម សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ AFF Futsal Championship 2018 នេះ៕