ភ្នំពេញៈ ក្រុមកីឡាករ កីឡាការិនីរាំរបស់កម្ពុជា បានបង្កើតឲ្យមាននូវកំណត់ត្រាថ្មីមួយ ក្នុងការប្រកួតកម្រិតអាស៊ី បន្ទាប់ពីពួកគេបានឈ្នះបានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៣ ពីព្រឹត្តិការណ៍ប្រកួត ADSF Asain Dance Sport Championship និង Open Hong Kong 2018 នៅទីក្រុងហុង កាលពីម្សិលមិញ។
តាមរយៈការប្រកួត ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ និងបានបញ្ចប់ កាលពីថ្ងៃអាទិត្យនេះ កីឡាករ ច័ន្ទ វ៉ិចទ័រ និងកញ្ញា ព្រាប ដានីអែលឡា បានរួមគ្នាដណ្តើមបានមេដាយមាសឲ្យកម្ពុជា ក្នុងការប្រកួតរាំជាគូ លើវិញ្ញាសា Hong Kong Open Latin 5- dance ដែលមានប្រទេសចំនួន ៩ បានចូលរួម។
បន្ថែមលើនេះ ច័ន្ទ វ៉ិចទ័រ និង ព្រាប ដានីអែលឡា ក៏បានឈ្នះមេដាយសំរឹទ្ធ លើការប្រកួតជើងឯកអាស៊ី ADSF Asain Championship លើវិញ្ញាសាចង្វាក់រាំគូ Cha Cha Cha ផងដែរ ខណៈវិញ្ញាសានេះ មានប្រទេសចិន ជប៉ុន គៀហ្ស៊ីគីស្ថាន ចិនតៃវ៉ាន់ ម៉ាកាវ ហុងកុង កាហ្សាក់ស្ថាន Kazakhstan កូរ៉េខាងត្បូង ម៉ុងហ្គោលី ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា បានចូលរួម។
ប៉ុន្តែសម្រាប់ការប្រកួត ADSF Asain Championship ចង្វាក់ Rumba ដែលមាន ១៣ ប្រទេសចូលរួម និងវិញ្ញាសារាំចង្វាក់ Paso Doble ដែលមាន ១៦ ប្រទេសចូលរួម គឺកីឡាករ ច័ន្ទ វ៉ិចទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា របស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ៦ ទាំង ២ វិញ្ញាសា។
ចំពោះលទ្ធផលការប្រកួត Open ក្នុងព្រឹត្តិការណ៍ ADSF Asain Dance Sport Championship 2018 នេះ កីឡាករ សេង សុគីម បានឈ្នះមេដាយប្រាក់ លើវិញ្ញាសារ Hong Kong Open Latin ចង្វាក់ Cha Cha Cha និងបានមេដាយសំរឹទ្ធ លើចង្វាក់ Rumba។ រីឯកីឡាករ ម៉ូវ ដាវីន និងកីឡាការិនី ម៉ូវ ដានីតា បានឈ្នះមេដាយសំរឹទ្ធ ការប្រកួតរាំគូចង្វាក់ Cha Cha Cha, Jive។
ប៉ុន្តែកីឡាករ ភុន ស៊ីបុត្រា និង កីឡាការិនី សាន រ៉ូហ្សា បានត្រឹមលេខ ៥ ទាំងលើការរាំគូ ចង្វាក់ Cha Cha Cha និង Rumba ហើយកីឡាការិនី យី អ៊ីលីង ដែលរាំចង្វាក់ Cha Cha Cha និងRumba Jive បានទទួលចំណាត់ថ្នាក់លេខ ៥ ដែរ ហើយកីឡាការិនី ហ៊ាន លក្សី បានលេខ៦លើការរាំចង្វាក់ Rumba និងបានលេខ ៩ លើចង្វាក់ Jive។
គួររំឭកថា សហព័ន្ធកីឡារាំកម្ពុជា ត្រូវបានអញ្ជើញឲ្យទៅចូលរួមការប្រកួត ADSF Asain Dance Sport Championship នេះជាលើកទី ១ ដោយក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិកជម្រើសជាតិចំនួន៩រូប និងថ្នាក់ដឹកនាំចំនួន ២ រូប ឲ្យទៅចូលរួមការប្រកួតខាងលើនេះ៕