ក្រុងហ្សេហ្រ្គេប: ក្រោយពី​បាន​ជួប​ភាព​ត្រដាប​ត្រដួស​បន្ទាប់​ពី​ព្រឹត្តិការណ៍ World Cup ក្រុម​ជើង​ឯក​រង​ក្រូអាស៊ី កំពុង​តែ​ស្រេក​ឃ្លាន​ដណ្តើម​យក​ជ័យ​ជម្នះ​ជា​លើក​ទី ១ របស់​ពួកគេ​ក្នុង​យុទ្ធនាការ Nations League នៅ​ពេល​ដែល​ពួកគេ​ប៉ះ​ជាមួយ​នឹង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ជា​ក្រុម​ដែល​ធ្លាប់​បាន​ផ្តួល​ពួកគេ ៦-០ កាល​ពី​ខែ​កញ្ញា។

លោក Zlatko Dalic គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ក្រូអាស៊ី បានប្រកាស​ឈ្មោះ​កីឡាករ​ទាំង ២៥ នាក់​ក្នុង​ក្រុម​របស់​លោក ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​កីឡាករ​ចំណូល​ថ្មី ៣ នាក់​ផង​ដែរ ដើម្បី​ជួប​ក្រុម​អេស្ប៉ាញ នា​កីឡដ្ឋាន Maksimir ក្នុង​ទីក្រុង Zagreb និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស នា​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា នា​កីឡដ្ឋាន Wembley។

កាលពី​ដើមខែ​នេះ លោក Dalic បាន​និយាយថា៖ «ខ្ញុំ​កំពុង​ផ្តោតលើ​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម​អេស្ប៉ាញ។ យើង​ត្រូវ​តែ​ឈ្នះ»។ គ្រូបង្វឹក​រូប​នេះ​បាន​ប្រាប់​កាសែត Jutarnji List ថា៖ «ខ្ញុំ​ដឹងថា មនុស្ស​ជា​ច្រើន​មិន​ជឿ​ជាក់​ថា ក្រុម​របស់​យើង​មាន​សមត្ថភាព​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​ទាំង ២ ឡើយ ប៉ុន្តែ ខ្ញុំ​ឆ្លើយ​តប​វិញ យើង​នឹង​ធ្វើ​ពេល​នេះ ដូច​ដែល​យើង​បាន​ធ្វើ​នៅ​រុស្ស៊ី ពី ១ ជំហាន​ទៅ ១ ជំហាន​អ៊ីចឹង។ ដំបូង​ឡើយ ចាប់​ពី​អេស្ប៉ាញ»។

ក្រូ​អាស៊ី ដែលជា​ប្រទេស​មាន​ប្រជាជន​សរុប ៤,២ លាន​នាក់​នោះ បាន​ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី ១ ក្រោម​ជំនួយ​ដ៏​ធំ​ពី​ខ្សែ​បម្រើ​ឆ្នើម Luka Modric ហើយ​បើ​ទោះបី​ចាញ់​ក្នុង​លទ្ធផល ៤-២ ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​ក៏ដោយ ប៉ុន្តែ លោក Dalic និង​កីឡាករ​របស់​លោក​ត្រូវ​បាន​ស្វាគមន៍​ដោយ​ចាត់​ទុក​ថា ជា​វីរបុរស។ ប៉ុន្តែ ត្រឹម​តែ​រយៈពេល ២ ខែ​ក្រោយ​មក ក្រុម​ជម្រើស​ជាតិ​ក្រូអាស៊ី បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ស្នាដៃ​ក្រុម​អេស្ប៉ាញ ក្នុង​ការ​ប្រកួត​ទី ១ របស់​ពួកគេ​ក្នុង​យុទ្ធនាការ Nations League។

ពួកគេ​បានបង្ហាញ​ពី​ទម្រង់​លេង​ល្អប្រសើរ​ឡើងវិញ​ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ អង់គ្លេស ខណៈ​ពួកគេ​ក៏បាន​ជួប​គ្នា​ក្នុង World Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ផង​ដែរ ប៉ុន្តែ ការ​ប្រកួត​នោះ​ត្រូវ​បាន​លេង​ដោយ​គ្មាន​អ្នក​ទស្សនា​នា​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង Rijeka។

សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប​ហៅ​កាត់​ថា UEFA បាន​ហាម​មិន​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនាការ​ប្រកួត ដោយ​សារ​តែ​ការ​ប្រើ​កាយ​វិការ​ដ៏​ចម្រូង​ចម្រាស​នៅ​លើ​ទីលាន អំឡុង​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ ២០១៦ ជាមួយ​នឹង​ក្រុម​អ៊ីតាលី។

នោះ​គឺជា​ការដាក់ពិន័យ​ចុងក្រោយ​គេ​បំផុត​ទៅលើ​ការប្រព្រឹត្ត​ល្មើស​ទាក់ទង​នឹង​ការ​រើស​អើង​ជាតិ​សាសន៍ ដែល​បាន​នាំ​ឲ្យ​ក្រូអាស៊ី រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់។

ដោយសារតែ​គ្មាន​អ្នក​ទស្សនាពេល​ជួប​ក្រុម​អង់គ្លេស​ការប្រកួត​នៅ​រាត្រី​នេះ នឹង​ក្លាយជា​ការ​ប្រកួត​ទី ១ របស់ Modric នៅ​ពី​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន ចាប់​ពី​តាំង​ពី World Cup។

ក្រោយពី​ការជួប​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​ដែល​បានធ្វើ​ឲ្យ​រូបគេ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ FIFA កីឡាករ​របស់​ក្រុម Real Madrid រូប​នេះ ជិត​រឹង​មាំ​ទាំង​ស្រុង​ហើយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Dalic។

គ្រូបង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ក្រោយ​ពី​ការ​ជួប​ឆ្នាំ​នៃ​ការ​ប្រកួត​ដ៏​អស្ចារ្យ រូប​គេ​មិន​អាច​ស្ថិត​ក្នុង​កម្រិត​ល្អ​ឡើយ។ ខ្ញុំ​មិន​ធ្លាប់​សង្ស័យ​លើ Luka ឡើយ។ រូបគេ​គឺជា​អ្នក​ដឹកនាំ ហើយ​រូបគេ​នឹង​វិល​ទៅ​កាន់​កម្រិត​ដ៏​ខ្ពស់​វិញ»។

ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ២:៤៥ ទៀបភ្លឺ (ម៉ោង​នៅ​កម្ពុជា)៕