អាមេរិកៈ កីឡាករ​បាល់បោះ Kawhi Leonard និង Paul George បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​នឹង​ក្លិប​បាល់បោះ Los Angeles Clippers ជា​ផ្លូវការ​ហើយ​ពី​ថ្ងៃ​ពុធ​ដោយ​ក្លិប​នេះ​បាន​ប្រកាស​ពី​ការចុះ​កុងត្រា​ជាមួយ Leonard ជា​ម្ចាស់​ជើងឯក​ពាន NBA ឆ្នាំនេះ និង​ជាមួយ​កីឡាករ George ពី​ក្លិប Oklahoma City​។

ក្លិប Clippers មិន​បាន​បញ្ជាក់​លម្អិត​ពី​កុងត្រា​ជាមួយ​កីឡាករ Leonard ទេ​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ ESPN និង​គេហទំព័រ Athletic បាន​និយាយ​ថា​កុងត្រា​របស់​កីឡាករ Leonard គឺ​មាន​រយៈពេល​ ៣ ​ឆ្នាំ​មិនមែន​ ៤ ​ឆ្នាំ​ដូច​កាលពី​ពួកគេ​បាន​សម្រេចចិត្ត​កាលពី​សប្ដាហ៍​មុន​ទេ​។

ប្រសិន​បើ​ពិតមែន​ក្លិប Clippers អាច​ផ្ដល់​កុងត្រា​ជាមួយ Leonard សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ​ក្នុង​តម្លៃ​ខ្លួន​ ១៩៦ ​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២១ និង​ជ្រើស​យក​កុងត្រា​រយៈពេល​ ៥ ​ឆ្នាំ​របស់​កីឡាករ George ក្នុង​តម្លៃ​ខ្លួន​ ២៥៤ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​ដូចគ្នា​នោះ​។

ប្រធាន​ប្រតិបត្តិការ​ក្លិប​បាល់បោះ Clippers លោក Lawrence Frank បាន​និយាយ​ថា​៖ «​នេះ​ជា​ពេលវេលា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ក្លិប និង​អ្នកគាំទ្រ​របស់​យើង​»​។

កីឡាករ Leonard ដែល​មកពី​ទីក្រុង Los Angeles បាន​ចេញពី​ក្លិប Toronto Raptors ក្រោយពី​ជួយ​ឲ្យ​ក្លិប​នេះ​លើក​ពាន NBA នៅក្នុង​រដូវកាល​មួយ​របស់​គាត់​ជាមួយ​ក្លិប Toronto របស់​ប្រទេស​កាណាដា​បន្ទាប់ពី​មាន​ការដោះដូរ​ពី​គាត់​បាន​ចេញ​ពី​ក្លិប San Antonio​។

លោក Frank បាន​និយាយ​ថា​៖ «​យើង​សូម​អរគុណ និង​មាន​កិត្តិយស​បំផុត​ដែល Kawhi Leonard បាន​សម្រេច​ចិត្ត​ត្រឡប់មក​ស្រុក​កំណើត​វិញ​ដើម្បី​ចូលរួម​នឹង​ក្លិប Clippers ហើយ​គាត់​ជា​កីឡាករ​ម្នាក់​ដែល​គ្មាន​គូ​ប្រៀប ព្យាយាម និង​ទេពកោសល្យ​ពី​កំណើត​សម្រាប់​កីឡា​ដែល​ក្រុម​យើង​បាន​បង្កើត​ឡើង​នេះ​»​។

ប្រធាន​ប្រតិបត្តិ​រូបនេះ​បាន​បន្ថែម​ថា​៖ «​វត្តមាន​របស់​គាត់​នៅ​ជាមួយ​ក្លិប​យើង​គឺជា​រឿង​កិត្តិយស​អស្ចារ្យ​មួយ និង​ជា​ការទទួល​ខុសត្រូវ​ធំ​មួយ​ដែល​យើង​នឹងត្រូវ​ទទួល​ដោយ​ហ្មត់ចត់ ហើយ​ក្ដីរំពឹង​របស់​គាត់​ដូចគ្នា​នឹង​ការរំពឹង​របស់​យើង​ដែរ​គឺ ត្រូវ​តែ​ទទួល​បាន​ជើងឯក​ឲ្យ​ខាង​តែ​បាន​នៅ​រដូវកាល​ក្រោយ​នេះ​»​។

ដំបូង​ឡើយ Leonard ត្រូវ​បាន​រាយការណ៍​ថា​នឹង​មិន​ទទួល​យក​កុងត្រា​នេះ​ទេ​ប្រសិន​បើ​ក្លិប Clippers មិន​ទទួល​យក George ខណៈ​ក្លិប​នេះ​គ្រោង​ទិញ​ខ្សែការពារ​កាណាដា Shai Gilgeous Alexander និង​ខ្សែប្រយុទ្ធ​អ៊ីតាលី Danilo Gallinari ជំនួស​ឲ្យ George វិញ​។

លោក Frank បាន​និយាយ​ថា​៖ «George គឺជា​កីឡាករ​ឆ្នើម​ម្នាក់​នៅក្នុង​ការប្រកួត​របស់​យើង ហើយ​គាត់​គឺជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើន​ជាង​គេ និង​ការពារ​បាន​ល្អ​ជាងគេ​ផង​ដែរ​»៕ SN