ភ្នំពេញ: សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បានសម្រេច​ប្រកាស​រំសាយ​ក្រុម​យុវជន​ចំនួន ១៦ នាក់ (៣ នាក់​សុំ​លា​ឈប់) បន្ទាប់​ពី​ពួកគេ​បាន​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់ នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់​ទាត់​ជាតិ​បាទី អស់​រយៈពេល ៤ ឆ្នាំ ហើយ​មាន​តែ​ក្លិប​លេង​ក្នុង​លីក​កំពូល​កម្ពុជា​ចំនួន ៤ ប៉ុណ្ណោះ ទទួល​បាន​យុវជន​ទាំង​នេះ​យក​ទៅ​រួម​រស់​ជាមួយ​ក្លិប​របស់​ខ្លួន ក្នុង​នោះ​មាន​បឹងកេត វិសាខា ណាហ្គាវើល និង​ក្លិប​អគ្គិសនី​កម្ពុជា។

ចំពោះ​លក្ខខណ្ឌ​នៃ​ការទទួលបាន​យុវជន​ទាំងនេះ​ត្រូវបាន​លោក កែវ សារ៉េត អគ្គលេខា​ធិការ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​អង្គារ ម្សិលមិញ​ថា៖ «តាម​គោល​ការណ៍​របស់​ឯកឧត្តម​ប្រធាន (សៅ សុខា) គឺ​យើង​ត្រូវការ​កម្លាំង​យុវជន​ទៅ​ជួយ​ដល់​ក្លិប​នានា ហេតុ​នេះ​យើង​មិន​ទាន់​មាន​គោល​ការណ៍​ឲ្យ​ក្លិប​បង់​ប្រាក់ សម្រាប់​ការ​ទទួល​បាន​យុវជន​ទាំង​នេះ​នៅ​ឡើយ​ទេ»។

យ៉ាងណាក៏ដោយ តាម​លោក កែវ សារ៉េត បាន​ឲ្យ​ដឹងថា ចំពោះ​ក្លិប ដែល​ទទួលបាន​យុវជន​ទាំង​នេះ ត្រូវ​បាន FFC ដាក់​លក្ខខណ្ឌ ៣ ឲ្យ​អនុវត្ត ទី ១ ត្រូវ​ឲ្យ​យុវជន​ទាំង​នេះ​បាន​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ ដូច​នៅ​បាទី និង​មាន​ការ​ប្រកួត​ផង​ដែរ។ ទី ២ នៅ​ពេល FFC មាន​ការ​ប្រមូល​ផ្តុំ​ក្រុម​យុវជន​ជម្រើស​ជាតិ​ពី​អាយុ​ក្រោម ១៨ ឆ្នាំ ដល់​ក្រោម ២២ ឆ្នាំ ក្លិប​ត្រូវ​បង្ក​ការ​ងាយ​ស្រួល ដោយ​ឲ្យ​ពួកគេ​មក​ប្រមូលផ្តុំ​វិញ ហើយ​ទី ៣ ក្លិប​ត្រូវ​ឲ្យ​យុវជន​ទាំង​នោះ បាន​សិក្សា​រៀន​សូត្រ ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​លទ្ធផល​រក​ការងារ​ធ្វើ ក្រោយ​ឈប់​ពី​អាជីព​ជា​កីឡាករ។

គួរ​បញ្ជាក់ថា នៅក្នុង​ចំណោម​យុវជន​ទាំង ១៦ នាក់ ដែល​ត្រូវបាន​រំសាយ​នេះ ក្លិប​វិសាខា បាន​ទទួល​ច្រើន​ជាង​គេ គឺ​រហូត​ដល់ ៦ នាក់ ក្នុង​នោះ​មាន​កីឡាករ គង់ ពី​លត់, ផុន តែនិញ, ឡុង ម៉េង​ហាវ, ទូច គឹម​ឆាយ, អាត អូន​តូច និង ទៀត គឹម​ហេង ឯ​ក្លិប​អគ្គិសនី​កម្ពុជា បាន ៤ នាក់ មាន ផាច សុជា​វីឡា, ឈឿង វិស៊ីនុ, លន ថេន និង​កីឡាករ សៀន សុភត្ត្រា។

ចំណែក​ក្លិប​ណាហ្គា​វើ​ល បានទទួល​យុវជន​ទាំងនេះ​ចំនួន ៣ នាក់ ក្នុងនោះ​មាន​កីឡាករ សេត ម៉ាន់​ស៊ូត, ហេង ទីណា និង រ័ត្ន ប៊ុន​នូ ហើយ​ក្លិប​បឹងកេត ទទួល​បាន ៣ នាក់​ដែរ​មាន​កីឡាករ ហ៊ុល គីមហ៊ុយ, ទេស សម្បត្តិ និង សឿត ណាវ៉ា។ រីឯ​ប្រាក់​តម្លៃ​ខ្លួន​ដែល​យុវជន​ទាំង ១៦ នាក់​នេះ​ទទួល​បាន​ពី​ក្លិប មិន​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ។

សម្រាប់​ការ​បែក​គ្នា​ពី​ការរំសាយ នៃ​ការប្រមូលផ្តុំ និង​រួមរស់​ជាមួយគ្នា​អស់​រយៈពេល ៤ ឆ្នាំ ដើម្បី​ទៅ​ប្រកប​អាជីព​នៅ​តាម​ក្លិប​នេះ កីឡាករ ទៀត គឹម​ហេង បាន​និយាយ​ថា៖ «សម្រាប់​កម្រិត​សមត្ថភាព ដែល​ទទួល​បាន​ពី​ការ​ហ្វឹក​ហាត់​ជុំគ្នា​នៅ​បាទី​រយៈពេល ៤ ឆ្នាំ​នេះ គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ពួក​យើង​នោះ​ទេ អ៊ីចឹង​ការ​បែក​គ្នា ទៅ​ក្លិប​ពេល​នេះ យើង​នឹង​ប្រឹង​ប្រែង​ហ្វឹក​ហាត់ ពង្រឹង​សមត្ថភាព​របស់​ពួក​យើង​បន្ថែម​ទៀត»។

ជាមួយគ្នានេះ ទៀត គឹម​ហេង ក៏បាន​ប្តេជ្ញាចិត្ត​ខំ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង ធ្វើ​ឲ្យ​គ្រូបង្វឹក​ក្រុម​វិសាខា ចាប់​អារម្មណ៍​មក​លើ​រូបគេ ផង​ដែរ​ដើម្បី​រូបគេ​អាច​ប្រជែង​បាន​ឱកាស​លេង​ក្នុង​ជម្រើស ១១ នាក់​ដំបូង។ ចំណែក​កីឡាករ ផាច សុជាវីឡា បាន​ចាត់​ទុក​ការ​ទៅ​រួម​រស់​ជាមួយ​ក្លិប​អគ្គិសនី​កម្ពុជា ជា​កន្លែង​ដែល​ពួកគេ​អាច​បង្ហាញ​ពី​សមត្ថភាព ក្នុង​ការ​ប្រកួត​នៅ​លីក​កំពូល​កម្ពុជា។

សុជា​វីឡា បាន​និយាយថា៖ «ការសម្រេច​ទៅ​នៅ​ក្លិប​អគ្គិសនីកម្ពុជា​នេះ ដោយសារ​ក្លិប​មួយ​នេះ មាន​គោល​ការណ៍​មិន​យក​កីឡាករ​បរទេស ដោយ​ផ្តល់​អាទិភាព​ឲ្យ​កីឡាករ​ក្នុង​ស្រុក​បាន​លេង ដូច្នេះ​សមត្ថភាព ពួក​យើង អាច​នឹង​ជួយ​ឲ្យ​ក្លិប​នេះ កាន់​តែ​ល្អ​ជាង​នេះ​ទៀត ហើយ​យើង​ក៏​នឹង​មាន​ឱកាស​ប្រកួត​ប្រជែង​ជាមួយ​កីឡាករ​បរទេស និង​កីឡាករ​ល្អៗ​ក្នុង​ស្រុក​ផ្សេង​ទៀត​ផង​ដែរ»៕