ក្រុង​មីឡានៈ ក្រោយ​ពី​បាន​​កែប្រែ​ប្រព័ន្ធ​ហ្វឹកហាត់​​ដោយសារ​មាន​បញ្ហា​ប្រឈម​សំខាន់ៗ​មួយ​ចំនួន​​​រួច​ហើយ​នោះ ​គ្រូ​បង្វឹក​ក្លិប Napoli លោក Carlo Ancelotti អាច​មាន​ឱកាស​ល្អ​បំផុត​ក្នុង​ការ​បញ្ចប់​ការ​រង់ចាំ​រយៈពេល ​៣០ ​ឆ្នាំ ​របស់​ក្លិប​ Napoli ដើម្បី​លើក​ពាន​ Serie A។​

ប៉ុន្តែ​ការ​ចូល​មក​ដឹកនាំ​របស់​លោក Antonio Conte នៅ​ក្លិប Inter Milan ក៏​បង្កើន​ក្ដី​រំពឹង​ផង​ដែរ ​ក្នុង​ការ​បញ្ចប់​ការ​គ្រង​តំណែង​ជើងឯក​អ៊ីតាលី​ Serie A ជា​យូរ​ឆ្នាំ​មក​ហើយ​របស់​ក្លិប Juventus នៅ​ក្នុង​រដូវ​កាល​នេះ ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ។​

ក្លិប Napoli ដែល​ជា​ម្ចាស់​ជើង​ឯក​រង​ Serie A ​នេះ​​ បាន​ខកខាន​លើក​ពាន​នេះ​តាំង​ពី​វីរបុរស​អាហ្សង់ទីន​ Diego Maradona បាន​ជួយ​ឲ្យ​ពួក​គេ​លើក​ពាន​នេះ​តែ ​២ ​លើក​គត់ ​គឺ​នៅ​ឆ្នាំ ​១៩៨៧ ​និង​ឆ្នាំ ​១៩៩០​។​

យុទ្ធនាការ​របស់​លោក Ancelotti នឹង​ចាប់​ផ្ដើម​នៅ​ទីក្រុង​ Fiorentina ប្រទេស អ៊ីតាលី ​នៅ​ថ្ងៃ​សៅរ៍​ ​បន្ទាប់​ពី​ក្លិប Juventus ​ដឹកនាំ​ដោយ​លោក Maurizio Sarri នឹង​ចាប់​ផ្ដើម​នៅ​ទីក្រុង​ Parma ក្នុង​បំណង​លើក​ពាន​នេះ​ជា​លើក​ទី​៩​។​

ក្លិប​ Inter គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ក៏​បាន​ផ្លាស់ប្ដូរ​គ្រូ​បង្វឹក​មួយ​ចំនួន​ដែល​បញ្ចុប្បន្ន​ដឹកនាំ​ដោយ​លោក Conte អតីត​គ្រូ​បង្វឹក​ក្លិប Juventus និង​ Chelsea ដែល​បាន​ត្រឡប់​ទៅ​ប្រទេស ​អ៊ីតាលី វិញ។​​ ​

ចំណែក​លោក Sarri បាន​ដឹកនាំ​ក្លិប Napoli កាល​ពី ​២ ​ឆ្នាំ​មុន ​ជា​ពេល​ដែល​លោក​បាន​ជួយ​ឲ្យ​ក្លិប​នេះ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​រង​ដោយ​ចាញ់​ក្លិប Juventus ​តែ ​៤ ​ពិន្ទុ ​មុន​ពេល​គាត់​បាន​ទៅ​ដឹកនាំ​បន្ត​ក្លិប Chelsea។​​

នៅ​ក្នុង​អាយុ ​៦០ ​ឆ្នាំ​ លោក Sarri បាន​ត្រឡប់​ទៅ​ប្រទេស ​អ៊ីតាលី ​វិញ ​ដើម្បី​ដឹកនាំ​ក្លិប Juventus ខណៈ​ម្ចាស់​ជើងឯក​មួយ​នេះ​កំពុង​ស្វែងរក​ទិស​ដៅ​ថ្មី​មួយ​ ទោះ​ជា​ទទួល​បាន​ជ័យជម្នះ ​៥ ​រដូវ​កាល​ក្រោម​ការ​ដឹកនាំ​របស់​លោក Massimiliano Allegri រួច​មក​ហើយ​ក៏​ដោយ​។​​

ការ​សម្រេច​ចិត្ត​របស់​លោក Sarri ក្នុង​ការ​ទៅ​ដឹក​នាំ​ក្លិប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ក្លិប Napoli ដែល​ជា​ទី​កន្លែង​កំណើត​របស់​គាត់​។​

ប្រធាន​ក្រុម និង​ខ្សែ​ប្រយុទ្ធ​​ Lorenzo Insigne នៅ​ក្លិប Napoli បាន​និយាយ​ថា៖ «​​ក្នុង​នាម​​យើង​ជា​ពលរដ្ឋ​នៅ​ទីក្រុង Napoli បញ្ហា​នោះ​គឺ​ជា​អំពើ​​ក្បត់ ​ដូច្នេះ​ហើយ​ពេល​នេះ​យើង​ត្រូវ​តែ​ព្យាយាម​យក​ឈ្នះ​គាត់​នៅ​គ្រប់​តម្លៃ​ទាំង​អស់​»។​​

លោក Ancelotti បាន​ចាប់​ផ្ដើម​​ឆ្នាំ​ទី​២ នៃ​​កិច្ចសន្យា​រយៈពេល ​៣ ​​ឆ្នាំ ​របស់​គាត់​ និង​ចង់​ឈ្នះ​​ពាន​សំខាន់​មួយ​នៅ​រដូវកាល​នេះ​។​​

គ្រូ​បង្វឹក​វ័យ ​៦០ ​ឆ្នាំ​រូប​នេះ ​បាន​ឈ្នះ​ពាន​មួយ​ចំនួន​នៅ​ក្នុង​ការ​ប្រកួត​លីក​សំខាន់​ចំនួន ​៥ ​នៅ​អឺរ៉ុប​ក្នុង​នោះ​មាន​ពាន Serie A ក្នុង​ពេល​គាត់​ដឹក​នាំ​នៅ​ក្លិប AC Milan នៅ​ឆ្នាំ​ ២០០៤​។​

គ្រូ​បង្វឹក​រូប​នេះ​ក៏​ធ្លាប់​ឈ្នះ​បាន​ពាន Champions League ៣ ​លើក ​នៅ​​ពេល​គាត់​ដឹក​នាំ​ក្លិប Milan និង​ Real Madrid និង​បាន​ពាន​ Premier League ១ ​​លើក ​ក្នុង​ពេល​ដឹកនាំ​រយៈពេល ​២ ​ឆ្នាំ​នៅ​ក្លិប Chelsea​។​​

លោក Ancelotti ​បាន​ទទូច​ថា គាត់​បាន​រៀន​សូត្រ​ពី​​រដូវកាល​ដំបូង​ដែល ​«​ជា​ដំណើរការ​ផ្លាស់ប្ដូរ​» ​របស់​គាត់​។​

គ្រូ​បង្វឹក​ជើង​ចាស់​​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​យើង​បាន​ទាញ​ព្រួញ​ដើម្បី​​ត្រៀម​​ខ្លួន​​បាញ់​ឲ្យ​ចំ​គោលដៅ»។​​

គ្រូ​បង្វឹក​វ័យ ​៦០ ​ឆ្នាំ​រូប​នេះ ​បាន​បង្កើន​គ្រប់​តំបន់​​ទាំង​អស់​ជា​មួយ​វត្តមាន​របស់​ខ្សែ​ការពារ​ Kostas Manolas ខ្សែ​បម្រើ​ Elif Elmas និង​ខ្សែ​ការពារ​ស្លាប​ Hirving Lozano៕ AFP/SN