ភ្នំពេញ៖ ​ក្រុម​អត្តពលិក​កីឡាករ​​តេក្វាន់ដូ ITF របស់​ខេត្ត​ប៉ៃលិន បាន​បង្កើត​នូវ​ស្នាដៃ​ដ៏​ពិសេស​មួយ គឺ​ការ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង តាមរយៈ​ការ​ដណ្តើម​បាន​មេដាយ​មាស​ ​៤ ប្រាក់ ​១ និង​មេដាយ​សំរឹទ្ធ ​៤ ពី​ការ​ប្រកួត​កីឡា​តេក្វាន់ដូ ITF ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ ​២០១៩។

បើ​ទោះបី​ជា​ការ​ប្រមាញ់​បាន​មេដាយ​សរុប​ចំនួន ​៩ ​នេះ ​​បាន​ត្រឹម​ជួយ​ឲ្យ​ក្រុម​ខេត្ត​ប៉ៃលិន បាន​ត្រឹម​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ​១ ក្រោម​ក្រុម​អត្តពលិក​ក្រសួង​មហាផ្ទៃ ដែល​ឈ្នះ​បាន​មេដាយ​​មាស ​៦ ប្រាក់ ​២ និង​សំរឹទ្ធ ​៣ ប៉ុន្តែ​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន លោក តង់ ធារ៉ា បាន​ចាត់​ទុក​​លទ្ធផល​នេះ​ថា ជា​មោទនភាព និង​ជា​ជោគជ័យ​យ៉ាង​ធំធេង ដែល​ខេត្ត​ប៉ៃលិន មិន​ធ្លាប់​ទទួល​បាន។

ស្មារតី​ខិតខំ​ហ្វឹកហាត់ និង​ប្រឹងប្រែង​ប្រកួត​ក្នុង​ការ​ស្វែងរក​មេដាយ​របស់​អត្តពលិក និង​​គ្រូ​បង្វឹក​ជា​កត្តា​ចម្បង ដែល​លោក តង់ ធារ៉ា ជឿ​ថា ​បាន​ជួយ​ឲ្យ​ក្រុម​អត្តពលិក​របស់​ខេត្ត​ប៉ៃ​លិន ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​ការ​ប្រកួត​កីឡា​តេក្បាន់ដូ ITF ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ ​២០១៩ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។

លោក តង់ ធារ៉ា បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រោយ​ការ​ប្រកួត​ថា៖ ​««កត្តា​ដែល​នាំឲ្យ​ខេត្ត​ប៉ៃលិន​ជោគជ័យ ទី ១ ​គឺ​ស្មារតី​កីឡាករ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ប្រកួត ​ដោយសារ​កន្លង​មក​ខេត្ត​ប៉ៃលិន ពុំ​ដែល​មាន​មោទនភាព​លើ​វិស័យ​កីឡា ពិសេស​កីឡា​តេក្វាន់ដូ ITF នេះ​តែ​ម្តង។ ទី ២ ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូ​បង្វឹក​ដែល​បាន​ខិតខំ​បង្វឹក ផ្តល់​ដំបូន្មាន និង​ផ្ទេរ​បច្ចេកទេស​ថ្មីៗ​ដល់​កីឡាករ ជាពិសេស​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត»។

ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន​រូប​នេះ ​បាន​បន្ថែម​ថា៖ ​«យើង​មិន​នឹក​ស្មាន​ថា ក្នុង​ការ​ប្រកួត​នេះ កីឡាករ​កីឡាការិនី​យើង​បាន​ខិតខំ​ប្រឹងប្រែង តស៊ូ ប្តូរ​ផ្តាច់ ទោះបី​មាន​របួស​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​បាន​ខំ​ប្រឹង​​ប្រកួត​អស់​ពី​សមត្ថភាព រហូត​អាច​ស្វែងរក​មេដាយ​​បាន​ច្រើន​លើស​លប់ ពិសេស​មេដាយ​មាស​តែ​ម្តង ដែល​ជា​មោទនភាព​សម្រាប់​ខេត្ត​របស់​យើង»។

ចំណែក​ក្រុម​អត្តពលិក​របស់​​ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឈរ​លេខ ​៣ ​ក្រោយ​ឈ្នះ​មេដាយ​​មាស ​៣ ប្រាក់ ​៤ និង​សំរឹទ្ធ ៥ ខណៈ​សេរីភាព របស់​ខេត្ត​កណ្តាល​ឈរ​នៅ​​លេខ ​៤ ក្រោយ​ឈ្នះ​មេដាយ​មាស ​៣ និង​ប្រាក់ ​៤ ហើយ​ក្រុម ស.ស.យ.ក ​ខេត្ត​កំពង់ស្ពឺ ដណ្តើម​​បាន​មេដាយ​មាស ​២ ប្រាក់ ​៤ និង​សំរឹទ្ធ ​៣ ដើម្បី​ឈរ​នៅ​លេខ ​៥ រី​ឯ​ក្លិប​សមាគម​ចំនួន ​១៣ ​ទៀត ក៏​ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ​ដែរ​។

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ​ ITF ជ្រើសរើស​ជើង​ឯក ឆ្នាំ ​២០១៩ នេះ ទាំង ​លោក កែវ រ៉េមី ជាប្រធាន​សហព័ន្ធ និង​លោក បួនហ៊ីង សុធីយ៉ា ជាអគ្គលេខាធិការ​សហព័ន្ធ សុទ្ធ​តែ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ប្រកួត​នេះ​ថា បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ហើយ​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​នៅ​ឆ្នាំ​នេះ​ មាន​ការ​រីក​ចម្រើន​ខ្លាំង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ​បើ​ធៀប​នៅ​នឹង​ការ​ប្រកួត​ឆ្នាំ​​មុនៗ៕