ភ្នំពេញ: មឿ​ន សុខ​ហ៊ុ​ច ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ Chek Nuondaengyim ហើយ​កីឡាករ​មុត សំបូរ ហៅ​មុត ខ្លឹម​ខ្មៅ នឹង​ជួប​ជាមួយ​កីឡាករ​ថៃ Rong Napha ក្នុង​ជុំ​ដំបូង​ដែល​មាន ៣ ទឹក ក្នុង​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​លក្ខណៈ​អន្តរជាតិ​ម៉ារាតុង​ទម្ងន់ ៦៥ គីឡូក្រាម ក្នុង​កម្មវិធី​ជើង​ឯក​ភេសជ្ជៈ Zorus ប្រាក់​លាន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នៅ សង្វៀន​ទូរទស្សន៍ CNC។

តាម​រូបមន្ត​ប្រកួត​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ប្រសិន​មុត ខ្លឹម​ខ្មៅ និង​មឿន សុខ​ហ៊ុច មាន​ឱកាស​ឈ្នះ​កីឡាករ​ថៃ​ដូចគ្នា ពួកគេ​នឹង​ត្រូវ​ឆ្លង​ចូល​វគ្គ​ទី ១ ភ្លាមៗ​ដើម្បី​ប្រកួត​ម៉ារ៉ាតុង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ៥ ទឹក​យក​ប្រាក់​លាន​តែ​ម្តង។

លោក​ ម៉ា ស៊ី​ថេត អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ប្រដាល់ CNC មិនអាច​ទំនាក់​ទំនង​សុំ​ប្រវត្តិ​ការ​ប្រកួត​របស់​កីឡាករ​ប្រដាល់​ថៃ​ចំនួន ២ នាក់ ដែល​ត្រៀម​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ម្សិលមិញ។

ទោះ​ជា​យ៉ាង​ណា តាម​កំណត់ត្រា និង​សមត្ថភាព​របស់​កីឡាករ​ថៃ Chek Nuondaengyim ដែល​ត្រូវ​ប៉ះ​មឿ​ន សុខហ៊ុច និង Rong Napha ដែល​ត្រូវ​ប៉ះ​ជាមួយ​មុត ខ្លឹម​ខ្មៅ ពួកគេ​សុទ្ធ​តែ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ​កន្លង​មក​ដែល​មាន​សមត្ថភាព​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។

និយាយ​ពី​សមត្ថភាព​កីឡាករ​កម្ពុជា មុត ខ្លឹម​ខ្មៅ វិញ មួយរយៈពេល​ពេញ ១ ឆ្នាំ ២០១៨ នេះ រូបគេ​ប្រកួត​មិន​ដែល​ចាញ់​សោះ ហើយ​ថ្មីៗ​នេះ រូបគេ​បាន​ឈ្នះ​ពាន​ស្រា​បៀរ Ganzberg ទម្ងន់ ៦៥ គីឡូក្រាម នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

ប្រវត្តិសំខាន់ៗរបស់​កីឡាករ​ខ្លឹមខ្មៅ រូបគេ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ ៣ ស្ថាប័ន និង​ពាន​ចំនួន ៣ ព្រម​ទាំង​ជើង​ឯក​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី ២ ឆ្នាំ ២០១៨។ មុត ខ្លឹម​ខ្មៅ បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Rong Napha នោះ​ទេ ប៉ុន្តែ​ធ្លាប់​មើល​វីដេអូ​ប្រកួត​របស់​គាត់​ដែល​មាន​កម្រិត​បច្ចេកទេស​ល្អ កម្លាំង​ល្អ និង​សមត្ថភាព​ខ្ពស់»។

កីឡាករ​រូបនេះ​បាន​បន្តថា៖ «ខ្ញុំ​ហ្វឹកហាត់​ត្រៀម​បានល្អ និង​មាន​ជំនឿ​ខ្លួនឯង​ថា ប្រឹង​យក​ឈ្នះ​ឲ្យ​បាន។ ខ្ញុំ​សង្ឃឹម​ឈ្នះ ៧០ ភាគរយ ហើយ​ក្បាច់​ជង្គង់​របស់​ខ្ញុំ អាច​ទប់​ទល់​ជាមួយ​ថៃ​បាន​ល្អ»។ អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​បញ្ហា​កម្លាំង​ធ្លាក់​ចុះ ចំណែក​បច្ចេកទេស​នៅ​តែ​ល្អ ពីព្រោះ​ប្រកួត​សរុប​ទៅ​ច្រើន​ទឹក»។

មឿ​ន សុខ​ហ៊ុ​ច ដែល​ធ្លាប់​សាង​ភាពល្បីល្បាញ​កន្លងមក និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ចំនួន ៣ ស្ថាប័ន ក្នុង​ឆ្នាំ ២០១៧ នោះ មក​ដល់​បច្ចុប្បន្ន​មាន​បច្ចេកទេស និង​ទឹកចិត្ត​ប្រកួត​ល្អ ប៉ុន្តែ​បញ្ហា​កម្លាំង​សុទ្ធ​តែ​ធ្លាក់​ចុះ​ជាង​មុន​ដោយ​វ័យ​កាន់​តែ​ចាស់។

សុខ​ហ៊ុ​ច បាន​និយាយថា៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​ក្នុង​វគ្គ​ដំបូង ពីព្រោះ​កីឡាករ​ថៃ​រូបនេះ​ល្អ​ដែរ ហើយ​បើ​ឆ្លង​ផុត​ចូល​ដល់​វគ្គ​ទី ២ គឺ​មិន​អី​ទេ ហើយ​បើ​មាន​ឱកាស​ប៉ះ ខ្លឹម​ខ្មៅ ក៏​ងាយ​ស្រួល​ជាង​ដែរ។ ខ្ញុំ សង្ឃឹម​ឈ្នះ​ត្រឹម ៦០ ភាគរយ​ប៉ុណ្ណោះ»៕