ភ្នំពេញ៖ កីឡាករកម្ពុជា មុត ខ្លឹមខ្មៅ បានសម្តែងការខកចិត្ត និងបានចោទទៅភាគីថៃថា មានចេតនាអាក្រក់ ដោយបានកែប្រែការប្រកួតខុសទៅនឹងកិច្ចសន្យាក្នុងគោលបំណងឲ្យរូបគេចាញ់អ្នកប្រដាល់ថៃ Star Boy ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ Super Champ នៅលើសង្វៀនប៉ុស្តិ៍លេខ ៨ របស់ថៃ នាក្រុងបាងកក។
នៅក្នុងការប្រកួតជាលក្ខណៈម៉ារ៉ាតុង មាន ៣ ទឹក ដណ្តើមខ្សែក្រវាត់ទម្ងន់ ៦៣ គីឡូក្រាម ដោយមានកីឡាករ ៤ នាក់ មកពីប្រទេសខុសៗគ្នា កាលពីយប់ថ្ងៃអាទិត្យនោះ ខ្លឹមខ្មៅ បានផ្តួលដៃគូមកពីប្រទេស អាហ្សង់ទីន ឲ្យសន្លប់ត្រឹមទឹកទី ១ ដើម្បីឡើងទៅជួប Star Boy នៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែអ្នកទាំង ២ បានត្រឹមស្មើគ្នាក្នុងការប្រកួត ៣ ទឹក បើទោះបីជា ខ្លឹមខ្មៅ មានប្រៀបលើថៃក៏ដោយ។
ជាមួយគ្នានោះ គេមើលឃើញពីចេតនាលម្អៀងរបស់គណៈកម្មការថៃ ដោយបានបន្ថែមឲ្យមានការប្រកួតមួយទឹកទៀត ដើម្បីមានឱកាសឲ្យកីឡាករថៃ Star Boy បានទទួលខ្សែក្រវាត់ឈ្នះពី ខ្លឹមខ្មៅ ទោះបីជាការប្តូរលក្ខខណ្ឌប្រកួតភ្លាមៗនោះ វាខុសពីកិច្ចសន្យា ដែលកំណត់ថា ប្រកួតត្រឹម ៣ ទឹកក៏ដោយ។
ក្រោយពេលប្រកាសលទ្ធផល មុត ខ្លឹមខ្មៅ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ពីទីក្រុងបាងកកភ្លាមៗថា៖ «ពួកថៃវាមានចេតនាមិនឲ្យយើងឈ្នះខ្សែក្រវាត់ពីកីឡាកររបស់វាទេ ព្រោះការសន្យាប្រកួតមួយវគ្គ ៣ ទឹក ប៉ុន្តែចុងក្រោយនេះ ខ្ញុំវ៉ៃថៃ Star Boy ឲ្យធ្លាក់ពីលើរេញ មានប្រៀបឈ្នះពិន្ទុដាច់ ស្រាប់តែវាប្រកាសឲ្យស្មើ និងបន្ថែមការប្រកួត ១ ទឹកទៀត ដើម្បីធ្វើស៊ីយើងតែម្តង។ ខ្ញុំត្រៀមប្រកួតបានល្អ ដោយសង្ឃឹមឈ្នះខ្សែក្រវាត់ ហើយខ្ញុំធ្វើបានល្អ ប៉ុន្តែថៃវាមានគំនិតអាក្រក់មិនឲ្យយើងឈ្នះពួកវាទេ»។
ចំណែកលោក មីស្ទ័រលី ដែលជាប្រតិភូនាំកីឡាករខ្មែរទៅចូលរួមប្រកួតបានប្រាប់ថា៖ «ខ្ញុំបានសាកសួរ និងតវ៉ាខ្លះក្រៅផ្លូវការ ទៅគណៈកម្មការពីមូលហេតុឲ្យ ខ្លឹមខ្មៅ ចាញ់ ប៉ុន្តែគេបកស្រាយថា នៅក្នុងទឹកទី ៤ ជាទឹកបន្ថែម ដើម្បីកាត់សេចក្តី គឺ ខ្លឹមខ្មៅ វ៉ៃថយពេក និងបានដួល ២ លើក ទើបគណៈកម្មការឲ្យចាញ់»។
លោក Khun Dea អ្នកគ្រប់គ្រងកម្មវិធី Super Champ នៅលើសង្វៀនប៉ុស្តិ៍លេខ ៨ របស់ថៃ បានឆ្លើយនឹងសំណួរប្រាប់តាមបណ្តាញហ្វេសប៊ុកថា៖ «យើងមានកិច្ចសន្យាប្រកួតចំនួន ៣ ទឹកមែន ប៉ុន្តែករណីពិសេស ដែលមានពិន្ទុស្មើគ្នា យើងបន្ថែម ១ ទឹកទៀត ដើម្បីកាត់សេចក្តីទៅតាមភាពជាក់ស្តែង ព្រោះជាគូឯកដណ្តើមខ្សែក្រវាត់លក្ខណៈអន្តរជាតិ»។
លោក ប៊ុនរឿន អ្នកសម្របសម្រួលជាមួយគណៈកម្មការប្រកួត នៅប្រទេស ថៃ បាននិយាយថា៖ «ការប្រកួតដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុងនេះ យើងបានចរចា និងត្រៀមជិត ៣ ខែ និងឡើងប្រកួតបានល្អបំផុត ដោយ ខ្លឹមខ្មៅ បានវាយកែងឆ្វេងផ្តួលកីឡាករ Luca Lassaly ឲ្យសន្លប់ធំ ត្រឹមចុងទឹកទី ១ និងបន្តទៅវ៉ៃមានប្រៀបលើជើងខ្លាំងថៃប្រចាំសង្វៀន Star Boy ប៉ុន្តែអកុសលគេប្រកាសឲ្យស្មើ ហើយសុំឲ្យប្រកួតមួយទឹកទៀត នាំឲ្យ ខ្លឹមខ្មៅ ចាញ់ទាំងមិនអស់ចិត្តនោះ»។
លោកបណ្ឌិត រ័ត្ន សណ្តាប់ អ្នកស្រាវជ្រាវប្រវត្តិកីឡា និងវប្បធម៌ បានថ្លែងថា តាមគោលការណ៍កីឡាយើងឃើញថា ថៃមានជាតិនិយមខ្លាំងជាងគេដែលជាមូលហេតុនៃភាពលម្អៀង ហើយគោលការណ៍តម្លាភាពកីឡាលើពិភពលោកមិនសុក្រឹតដូចយើងគិតទេ។
លោកបន្ថែមថា៖ «ម្ចាស់ទឹកដី គឺគេមានប្រៀប ២៥ ភាគរយ ហើយការប្រកួតអន្តរជាតិ ដែលមានចៅក្រមអាជ្ញាកណ្តាលជាជាតិគេទាំងអស់នោះមានតម្លាភាពពីណា? ចំណែកមធ្យោបាយផ្គូផ្គង គេតែងតែស្វែងរកធនធានមានសមត្ថភាព លើយើងបន្តិចដែរ។ ហេតុនេះគណៈកម្មការប្រកួតរបស់ខ្មែរ យើងគួរមានចិត្តថ្លើមលើបញ្ហាជាតិនិយមខ្លះផង ព្រោះខ្ញុំឃើញថៃមកប្រកួតស្រុកខ្មែរ ពេលខ្លះចាញ់ប្រៀបយើងសោះ តែបានឈ្នះដែរ ហេតុអីមិនមើលការប្រកួតស្រុកគេផង?»៕