ភ្នំពេញ៖ ​ប្រធាន​គណៈកម្មការ​ស្ត្រី និងកី​ឡា អម​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា លោកស្រី កុយ ពិសី បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​ស្រ្តី គប្បី​​ទុក​ពេល​សម្រាប់​ខ្លួន​ឯង​ក្នុង​ការ​​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព និង​ជ្រើសរើស​បាន​អ្នក​មាន​ទេពកោសល្យ ចេញ​ពី​ស្រ្តី​ចូលរួម​ប្រកួត​ប្រជែង​រក​មេដាយ នៅ​លើ​ឆាក​អន្តរជាតិ​ពិសេស​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោកស្រី កុយ ពិសី ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ផង​នោះ បាន​ចាត់​ទុក​ស្រ្តី ជា​ឆ្អឹង​ខ្នង​របស់​ប្រទេស​ជាតិ ដែល​មិន​អាច​ខ្វះ​បាន​ទាំង​ការ​បំពេញ​ការងារ​រដ្ឋ ការងារ​សង្គម និង​ការងារ​កីឡា ព្រោះ​ការ​ប្រកួត​ប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ការ​ប្រកួត​ស៊ីហ្គេម និង​អាស៊ី​ហ្គេម ស្រ្តី​តែងតែ​​ដណ្តើម​បាន​មេដាយ​មាស ប្រាក់ និង សំរឹទ្ធ មក​ជូន​ប្រទេស​ជាតិ​ជានិច្ច។

លោកស្រី​បាន​ថ្លែង​ថា៖ ​«ស្ត្រី គឺ​ជា​ឆ្អឹង​ខ្នង​នៃ​ប្រទេស​ជាតិ ជា​ប្រភព​នៃ​ចំណូល​ថវិកា ហិរញ្ញវត្ថុ ហើយ​ស្រ្តី​ក៏​ជា​ប្រភព​នៃ​សុភមង្គល​ នៅ​ក្នុង​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ ហេតុ​នេះ​បើ​ស្រ្តី​មិន​រឹងមាំ និង​មាន​បញ្ហា​សុខភាព​នោះ​បញ្ហា​ប្រឈម​ នឹង​ត្រូវ​កើត​មាន​ផង​ដែរ ដូច្នេះ​ស្រ្តី​គប្បី​ទុក​ពេល​សម្រាប់​ខ្លួន​ឯង ក្នុង​ការ​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​មាន​ភាព​រឹងមាំ​ថែម​ទៀត»។

ការ​លើក​ឡើង​របស់​លោកស្រី កុយ ពិសី ត្រូវ​បាន​ធ្វើ​ឡើង នៅ​ពេល​លោកស្រី​បាន​ចូល​រួម​នៅ​ក្នុង​សន្និសីទ​កាសែត ស្តីពី​ទិវា​រត់​ប្រណាំង​ស្រ្តី​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ ​នៅ​ទី​ស្នាក់ការ​​គណៈ​កម្មាធិការជាតិ​អូឡាំពិក​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃសុក្រ ហើយ​ព្រឹត្តិការណ៍​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ​៨ ខែ មីនា ឆ្នាំ ​២០២០ នេះ គឺ​លោកស្រី​បាន​អំពាវនាវ​សុំ​ឲ្យ​ស្រ្តី​ចូលរួម​ឲ្យ​បាន​ច្រើន។

លោកស្រី កុយ ពិសី បាន​បញ្ជាក់​ថា៖​ «បច្ចុប្បន្ន​មាន​ស្ត្រី​ជា​ច្រើន​បាន​ចូលរួម​លេង​កីឡា ប៉ុន្តែ​នៅ​មាន​ស្រ្តី​ជាច្រើន​ទៀត មិន​ទាន់​បាន​ចូលរួម​លេង​កីឡា​ផង​ដែរ ដូច្នេះ​​​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ចូលរួម​​លេង​កីឡា​ទាំង​អស់​គ្នា​​ដើម្បី​សុខភាព ហើយ​នៅ​ពេល​ស្រ្តី​ចូលរួម​លេង​កីឡា​ច្រើន យើង​នឹង​អាច​ជ្រើសរើស​ស្រ្តី ដែល​មាន​សមត្ថភាព និង​មាន​ទេពកោសល្យ​យក​មក​បណ្តុះបណ្តាល​ទៅ​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​កីឡា​សម្រាប់​ត្រៀម​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ ​២០២៣ ព្រោះ​គ្រប់​ព្រឹត្តិការណ៍​កីឡា​មិន​អាច​ខ្វះ​ស្រ្តី​បាន​នោះ​ទេ»។

សម្រាប់​ទិវា​រត់​ប្រណាំង​ស្រ្តី​ ដែល​មាន​ការ​បង្កើន​ចម្ងាយ​រត់​ពី ​៥ ​គីឡូក្រាម ទៅ​ជា​ចម្ងាយ ​១០ ​គីឡូម៉ែត្រ ជា​លើក​ដំបូង​នេះ ​ត្រូវ​បាន​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ​ប្រាប់​​ថា នឹង​រៀបចំ​ទៅ​តាម​បច្ចេកទេស​យ៉ាង​ត្រឹម​ត្រូវ ហើយ​តាម​គម្រោង​ទិវា​រត់​ប្រណាំង​​នេះ នឹង​ចេញ​ដំណើរ​នៅ​​មុខ​វត្តបទុម ឆ្ពោះ​ទៅ​ផ្លូវ​សុធារស់ បត់​ចូល​កោះពេជ្រ រួច​ចេញ​សំដៅ​ទៅ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ បត់​តាម​ផ្លូវ​មុខ​វត្ត​ឧណ្ណាលោម និង​បន្ត​រត់​តាម​​ផ្លូវ​មាត់​ទន្លេ មក​បញ្ចប់​នៅ​មុខ​វាំង។

នៅ​ក្នុង​ទិវា​រត់​ប្រណាំង​ស្រ្តី​ចម្ងាយ ​១០ ​គីឡូក្រាម​នេះ ក៏​មាន​ការ​រត់​ចម្ងាយ ​៤ គីឡូម៉ែត្រ​ផង​ដែរ ចំណែក​អ្នក​មាន​បំណង​ចង់​ចូលរួម ត្រូវ​កំណត់​ឲ្យ​បង់​ប្រាក់ សម្រាប់​យក​មក​ធ្វើ​ជា​អាវ បោះ​លេខ ធ្វើ​ប្រព័ន្ធ​ដាក់​ពិន្ទុ និង​បង្កើត​ជា​មូលនិធិ ដោយ​ក្នុង​នោះ​ចម្ងាយ ​១០ គ.ម គឺ​បរទេស​ត្រូវ​បង់ ​២០ ដុល្លារ ខ្មែរ​យើង​បង់ ​១២ ​ដុល្លារ រីឯ​ចម្ងាយ ​៤ ​គ.ម បរទេស​បង់ ​១៥ ​ដុល្លារ ហើយ​ខ្មែរ​យើង​បង់ ​៧ ​ដុល្លារ។

ទាក់ទង​ទៅ​នឹង​គោលបំណង​នៃ​ទិវា​រត់ប្រណាំង​នេះ លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ ​«ទិវា​រត់​ប្រណាំង​នេះ គឺ​ទី​១ ​ដើម្បី​លើក​កម្ពស់​ចលនា​ស្រ្តី នៅ​ក្នុង​វិស័យ​​កីឡា ទី​២ ការពារ​សិទិ្ធ និង​លើក​កម្ពស់​សមភាព​យ៉េនឌ័រ ទី​៣ រួម​គ្នា​ការពារ និង​ថែរក្សា​បរិស្ថាន​ ព្រោះ​បច្ចុប្បន្ន​យើង​មាន​យុទ្ធនាការ​កម្ពុជា​ស្អាត។ ចំណែក​ថវិកា ដែល​ទទួល​បាន​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ យើង​នឹង​បង្កើតជា​មូលនិធិ សម្រាប់​ទិញ​ជា​សម្ភារ​កីឡា ឬ​ធ្វើ​កម្មវិធី​សម្រាប់​ស្ត្រី នៅ​ក្នុង​ចលនា​កីឡា ដើម្បី​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី ​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ»៕