ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ ​ដែល​មាន​ភារកិច្ច​ទំនាក់​ទំនង​ផ្សព្វផ្សាយ​គុន​ខ្មែរ ​និង​បង្កើត​សហព័ន្ធ​គុន​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​​លើ​ពិភព​លោក​នោះ​ គ្រោង​នឹង​​បើក​វគ្គ​បណ្តុះបណ្តាល​ចៅ​ក្រម​អាជ្ញា​កណ្តាល​កម្រិត​ទី ​៣ ​លើក​ដំបូង​ ដែល​មាន​សិក្ខាកាម​ជាង ​៥០ ​នាក់ ​មក​ពី​ប្រទេស​ក្នុង​អាស៊ាន​ និង​នៅ​លើ​ពិភព​លោក​ ហើយ​វគ្គ​នេះ នឹង​ធ្វើ​នៅ​ខេត្ត​សៀមរាប ពី​ថ្ងៃទី ​១៤ ដល់​ទី ​១៦ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩។

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ​ បាន​ថ្លែង​ប្រាប់​ថា​៖ «​វគ្គ​បណ្តុះបណ្តាល​នេះ​ជា​កម្មវិធី​សំខាន់​​របស់​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ ​ដែល​ផលិត​ធនធាន​មនុស្ស​ហើយ​ក៏​ជា​ការ​ចាប់​ផ្តើម​​លើក​ដំបូង​ បន្ទាប់​ពី​ប្រភេទ​កីឡា​គុន​ខ្មែរ​ បាន​ចូលរួម​ប្រកួត​ទទួល​បាន​លទ្ធផល​ល្អ​មេដាយ​មាស ​ប្រាក់​ និង​សំរឹទ្ធ​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ កាល​ពី​ឆ្នាំ ​២០១៧​»។

លោក​ វ៉ាត់ ​ចំរើន ដែល​​ជា​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផង​នោះ ​បាន​បន្ថែម​ថា៖ ​«​អ្វី​ដែល​យើង​សំខាន់​ គឺ​ដាច់​ខាត យើង​​ត្រូវ​មាន​អាជ្ញា​កណ្តាល​ចៅ​ក្រម​កម្រិត​អន្តរជាតិ​ពី​កម្រិត ​៣​ ដល់​កម្រិត ​១​ ដែល​មាន​សមត្ថភាព​អាច​ចូល​ទៅ​បំពេញ​ការងារ ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឬ​​ការ​​ប្រកួត​អន្តរជាតិ​នានា​»។

ជាមួយ​គ្នា​នេះ​ តាម​ការ​បែង​ចែក​សិក្ខាកាម​​ដែល​ត្រៀម​ប្រហែល ​៥០ ​នាក់​នោះ នឹង​​ផ្តល់​ជូន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន ​១១ មុន ​​បន្ទាប់​មក​ផ្តល់​ជូន​ប្រទេស​នានា ​ដែល​ជា​សមាជិក​​បាន​បង្កើត​ប្រភេទ​កីឡា​គុន​ខ្មែរ​រួច​ហើយ​ និង​កំពុង​តែ​ត្រៀម​បើក​ មាន​ដូច​ជា​នេប៉ាល់​ ឥណ្ឌា​ បារាំង​ អ៊ីរ៉ង់ ​ប្រហែល​ជាង​ ១០ ​ប្រទេស​ទៀត​។​ ចំណែក​​គ្រូ​ឧទ្ទេស​ ​មាន​មក​ពី​ប្រទេស ​ឡាវ ​ម៉ាឡេស៊ី និង​មក​ពី​អីរ៉ុប ​​ដែល​ជា​ចៅ​ក្រម ​និង​អាជ្ញា​កណ្តាល​ មាន​បទពិសោធ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​​កន្លង​មក​នេះ​។

ចំពោះ​​សិក្ខាកាម ជា​ចៅ​ក្រម​ អាជ្ញា​កណ្តាល​កម្ពុជា​ នឹង​ផ្តល់​ជូន​ជា​អាទិភាព​ដល់​គ្រូ​កីឡា​វ័យ​ក្មេង ​ដែល​មាន​ជំនាញ​ និង​​លក្ខណ​សម្បត្តិ​ល្អ​ ពិសេស​ចេះ​ភាសា​អន្តរជាតិ ​ដូច​ជា​ភាសា​អង់គ្លេស​ ដើម្បី​ងាយ​ស្រួល​ទៅ​បំពេញ​ភារកិច្ច​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នានា ​នា​ពេល​អនាគត​ ហើយ​នៅ​ក្រោយ​បញ្ចប់​​វគ្គ​នេះ ​នឹង​ផ្តល់​ជូន​លិខិត​បញ្ជាក់​ពី​សមត្ថភាព​។​

លោក​ ម៉ាម ​រ៉ា​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ ​បាន​បង្ហើប​ថា​ នៅ​ពេល​បើក​​វគ្គ​​បណ្តុះបណ្តាល​នោះ​ យើង​នឹង​មាន​គម្រោង​ធ្វើ​មហាសន្និបាត​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​ថ្មី ដែល​​មាន​សមត្ថភាព ​ដើម្បី​​ស្វែង​រក​ការ​​ទ្រទ្រង់​ឲ្យ​​សហព័ន្ធ​​មាន​សកម្មភាព​ល្អ ​ខណៈ​ដែល​រូប​លោក​សុំ​សម្រាក​។​

លោក ​ម៉ាម ​រ៉ា ​​បាន​ប្រាប់​​ថា​៖ ​«ខ្ញុំ​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​គុន​នេះ​ ​ចប់ ​១ ​អាណត្តិ​ហើយ ​ហើយ​ក្រោយ​ពី​ខ្ញុំ​ឈប់​ នឹង​មាន​ឥស្សរជន​ឆ្នើម ​មាន​លទ្ធភាព​ដឹកនាំ​ គ្រប់គ្រង​ និង​ទ្រទ្រង់​ឲ្យ​សហព័ន្ធ ​មាន​សកម្មភាព​ល្អ ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នៅ​​ស៊ី​ហ្គេម ​២០២៣។​​​ ទោះបី​ជា​ខ្ញុំ​សម្រាក​ពី​ប្រធាន ​ប៉ុន្តែ​កិច្ច​ការ​មួយ​ចំនួន ខ្ញុំ​​នៅ​តែ​ស្ម័គ្រ​ចិត្ត​ជួយ​បំពេញ​ ទៅ​តាម​លទ្ធភាព​ជានិច្ច ​ដើម្បី​កីឡា​គុន​ខ្មែរ​យើង ​ពិសេស​ការ​ធ្វើ​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​ ទទួល​បាន​លទ្ធផល​ល្អ»​។​

គួរ​រំឭក​ថា​ ​ក្រោម​ការ​ដឹកនាំ​របស់​ លោក​ ម៉ាម ​រ៉ា ​​និង​​លោក ​វ៉ាត់ ​ចំរើន ​ក្នុង​​រយៈពេល​ ១ ​អាណត្តិ​នេះ លោក​បង្កើត​បាន​ស្នាដៃ​ល្អ​ ដូច​ជា​ការ​រៀបចំ​ព្រឹត្តិការណ៍​គុនខ្មែរ​អន្តរជាតិ ​លើក​ទី​ ១ ធ្វើ​នៅ​ពហុកីឡាដ្ឋានជាតិ ​កាល​ពី​ឆ្នាំ​ ២០១៧​ ព្រឹត្តិការណ៍​គុន​ខ្មែរ​អន្តរជាតិ​លើក​ទី​ ២ ​ឆ្នាំ​ ២០១៨​ នៅ​វិមាន​ឈ្នះ​ឈ្នះ​ ហើយ​ការ​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ​លើក​ទី​ ៣ ​គ្រោង​ធ្វើ​ឡើង​ចំនួន​ ៣ ​ថ្ងៃ ​នៅ​ខេត្ត​កំពត​ ក្នុង​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​ ៨​ ពី​ថ្ងៃទី ​២០​ ដល់​ ២២​ ខែ​ ធ្នូ ​ឆ្នាំ​ ២០១៩​ ​ខណៈ​ដែល​កីឡាករ​បាន​ចុះ​ឈ្មោះ​មក​ពី​ ១៥ ​ប្រទេស​រួច​ហើយ​៕