ក្រុង​ឡុងដ៍៖ លោក Jose Mourinho បាន​និយាយ​ដោយ​ទទូច​ថា គាត់​មិន​បាន ​«​ច្រណែន​» ​នឹង​ក្លិប​ផ្សេង​ទៀត​ដូច​ជា​​ Liverpool និង​ Man City នោះ​ទេ ​ដោយ​អះអាង​ថា ក្រុម Spurs គឺ​ជា​រឿង​​​​ផ្សេង​មួយ​ទៀត​​។​

ក្លិប Man City កំពុង​ព្យាយាម​ឈ្នះ​ពាន​រង្វាន់​ក្របខ័ណ្ឌ​ Premier League ជាប់ៗ​​គ្នា ​ខណៈ​ដែល​ក្រុម​ Liverpool កំពុង​នាំ​មុខ​ដាច់ ​១៤ ​ពិន្ទុ ​ជាមួយ​ការ​នៅ​សល់ ​១ ​ប្រកួត​ទៀត​នៅ​រដូវ​កាល​នេះ​។​

លោក Mourinho ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​ក្លិប Spurs កាល​ពី​ខែ​វិច្ឆិកា ហើយ​ក្រុម​របស់​គាត់​កំពុង​បឹ្រងប្រែង​​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី ​៨ ​​នៅ​ក្នុង​​ក្របខ័ណ្ឌ​នេះ​។​

ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​និយាយ​ថា ពួក​គេ​មិន​អាច​យក​ទៅ​​ប្រៀប​ធៀប​នឹង​ក្រុម Man City និង​ក្លិប Liverpool បាន​ទេ​បើ​ទោះ​ជា​គាត់​មិន​ទាន់​មាន​ការ​អះអាង​ណាមួយ​ក៏​ដោយ​។​​

លោក Mourinho បាន​និយាយ​ថា៖ «​វា​គឺ​បែប​នេះ​ឯង​ ប៉ុន្តែ​យើង​មិន​អាច​យក​ក្រុម​មួយ​ទៅ​ប្រៀប​ធៀប​នឹង​ក្រុម​ផ្សេង​ទៀត​បាន​ទេ​​ព្រោះ​វា​មិនមែន​ជាខ្លួន​​យើង​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​បាន​​​មើល​ក្រុម Man City ប្រកួត​ជាមួយ​ក្រុម Aston Villa ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​កីឡាករ ​[Raheem] Sterling, Bernardo Silva, [Ilkay] Gundogan, [Nicolas] Otamendi អង្គុយ​នៅ​កៅអី​ផង​ដែរ​ ហើយ​រឿង​នេះ​អ្នក​ប្រហែល​ជា​យល់​ហើយ​»។​​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​រី​ឯ​ក្រុម​ Liverpool ដូច​អ្នក​ឃើញ​ហើយ​​ក៏​មាន​កីឡាករ​អង្គុយ​រង់ចាំ​នៅ​កៅអី​ ហើយ​ក៏​មាន​កីឡាករ​របួស​ផង​ដែរ​»។​

គ្រូ​បង្វឹក​ Mourinho បាន​បន្ត​ថា៖ «​ខ្ញុំ​មិន​ច្រណែន​នោះ​ទេ​ ហើយ​ខ្ញុំ​​មាន​ការងារ​ដ៏​អស្ចារ្យ​មួយ​ ប៉ុន្តែ​ពួក​គេ ​គឺ​ជា​ការងារ​ផ្សេង​ពី​យើង​ព្រោះ​នេះ​គឺ​ជា​ក្លិប​ផ្សេង​​មួយ​ទៀត​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បង្ហាញ​ថា ​ការងារ​នៅ​ក្លិប Spurs គឺ​ជា​ការងារ​ដ៏​លំបាក​បំផុត​របស់​គាត់​​តាំង​ពី​គាត់​ស្ថិត​នៅ​ក្លិប Porto ជា​ទី​ដែល​គាត់​បាន​ដឹកនាំ​នៅ​ដើម​ឆ្នាំ ​២០០២​។​​

លោក Mourinho បាន​និយាយ​ថា៖ «​វា​ជា​លើក​ទី ​២ ​ដែល​ខ្ញុំ​ទទួល​យក​ក្រុម​មួយ​នៅ​ពាក់​កណ្ដាល​រដូវកាល​នេះ​ គឺ​ទើប​តែ​លើក​​ទី ​២​ ប៉ុណ្ណោះ​​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​លើក​ដំបូង ​គឺ​មិន​ងាយ​ស្រួល​ទេ​ព្រោះ​វា​ជា​ចុង​បញ្ចប់​នៃ​ក្រុម​មួយ​ក៏​ដូច​ជា​ ចុង​បញ្ចប់​នៃ​រដូវកាល​មួយ​ដែល​​មិន​ទទួល​បាន​ពាន​រង្វាន់​ផង​ដែរ​»។​​

ទន្ទឹម​នឹង​នេះ​ ​លោក Jose Mourinho ​បាន​បញ្ជាក់​ពី​ព័ត៌មាន​​ចុង​ក្រោយ​ពី​ស្ថានភាព​របួស​របស់​កីឡាករ Harry Kane ហើយ​គាត់​​មិន​បាន​​ដឹង​ថា តើ​ខ្សែ​ប្រយុទ្ធ​ក្លិប​ Tottenham រូប​នេះ​នឹង​បន្ត​​អវត្តមាន​​ក្នុង​ការ​ប្រកួត​រហូត​ដល់​ខែ​មេសា​ ខែ​ឧសភា​ ឬ​រដូវកាល​ក្រោយ​នោះ​ទេ​។​​

ក្លិប​នេះ​បាន​បញ្ជាក់​ពី​សប្ដាហ៍​មុន​ថា កីឡាករ​ Kane ត្រូវ​ការ​វះ​កាត់​សរសៃ​ពួរភ្លៅ​ខាង​ឆ្វេង​ ហើយ​នឹង​អវត្តមាន​ការ​ប្រកួត​រហូត​ដល់​យ៉ាង​ហោច​ណាស់​ខែ​មេសា​ក្រោយ​ពី​រង​របួស​ក្នុង​ការ​ប្រកួត​ចូល​ឆ្នាំ​ថ្មី​​ជាមួយ​ក្រុម​ Southampton នៅ​ពេល​​រូប​គេ​បាន​ស៊ុត​​បាល់​ចូល​ទី​​​​​ ប៉ុន្តែ​ត្រូវ​លុប​ចោល​វិញ​ដោយសារ​បាល់​ offside។​

ក្លិប Spurs សង្ឃឹម​ថា កីឡាករ​អាយុ ​២៦ ​ឆ្នាំ​រូប​នេះ ​នឹង​បាន​ជា​សះស្បើយ​​​ឆាប់ៗ​ និង​អាច​ចូល​រួម​ប្រកួត​ឡើង​វិញ​សម្រាប់​ក្លិប​នេះ​​នៅ​ចុង​រដូវកាល​នេះ​ និង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​ការ​ប្រកួត​ Euro 2020 ផង​ដែរ​។​​​

លោក Mourinho បាន​និយាយ​ថា៖ «​យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ ហើយ​ព័ត៌មាន​ជុំវិញ​ស្ថានភាព​របស់ Kane យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ ហើយ​ប្រសិន​បើ​អ្នក​នៅ​តែ​បន្ត​​សួរ​ខ្ញុំ​គ្រប់​ពេល​ យើង​នឹង​មក​ទី​នេះ​បន្ត​ឆ្លើយ​នូវ​សំណួរ​ដដែលៗ​នេះ​»៕ AFP/SN