ភ្នំពេញ៖ ​គ្រូ​បង្វឹក​របស់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Felix Dalmas បាន​ព្យាយាម​ក្រើន​រំឭក និង​លើក​ទឹក​ចិត្ត​ដល់​កូន​ក្រុម​ គឺ​កុំ​ចាត់​ទុក​ការ​​ចាញ់​ក្រុម​វៀតណាម​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត ប៉ុន្តែ​ត្រូវ​បង្វែរ​ស្ថានភាព​លំបាក​ទាំង​នោះ ទៅ​ជា​បទពិសោធ​ក្នុង​ការ​ជំរុញ​ការ​លេង​របស់​ពួក​គេ​ឲ្យ​​បាន​កាន់​តែ​ល្អ ​ដើម្បី​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា ក្នុង​ការ​​ប្រកួត​ដណ្តើម​យក​លេខ ​៣ នៅ​ពហុកីឡដ្ឋាន Rizal Memorial នា​រសៀល​ម៉ោង ​៣ ថ្ងៃ​អង្គារ​នេះ គឺ​មុន​ពេល​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ រវាង​វៀតណាម និង​ឥណ្ឌូនេស៊ី។

លោក Felix Dalmas បាន​និយាយ​ទៅ​កាន់​កូន​ក្រុម​នៅ​ក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀក​បំពាក់ ក្រោយ​ចាញ់​វៀតណាម ៤-០ ថា៖​ «​យើង​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ខ្លួន​ឯង ហើយ​សម្រាប់​លទ្ធផល​តាំង​ពី​​យើង​ធ្វើ​បាន​កន្លង​មក ខ្ញុំ​គិត​ថា ពួក​យើង​ធ្វើ​បាន​​ល្អ ប៉ុន្តែ​​​អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​ផ្លាស់​ប្តូរ​ពី​ការ​ស្រេក​ឃ្លាន និង​មហិច្ឆតា ដែល​យើង​ចង់​រីក​ចម្រើន​ឲ្យ​​បាន​ល្អ​ប្រសើរ​ជាង​នេះ»។

លោក​បាន​បន្ថែម​ថា៖​ «ខ្ញុំ​សប្បាយ​ចិត្ត បើ​ពួក​យើង​មាន​ការ​រីក​ចម្រើន​ជាង​នេះ ព្រោះ​ពួក​យើង​នៅ​ក្មេង ដែល​មាន​ពេលវេលា​នៅ​វែង​ឆ្ងាយ​ទៀត ហើយ​អ្វី​ដែល​យើង​បាន​ជួប​ប្រទះ​នៅ​ក្នុង​ការ​ប្រកួត​កន្លង​មក​នេះ វា​ជា​បទពិសោធ​ដ៏​ល្អ​សម្រាប់​ពួក​យើង បើ​សិន​ជា​ពួក​យើង​ចេះ​ចាប់​យក​ផល​ចំណេញ​ពី​ការ​ប្រកួត ដែល​មាន​​ស្ថានភាព​ស្វិតស្វាញ​បែប​នេះ​បាន។ សូម​កុំបោះ​បង់​វា​ចោល គឺ​យើង​ត្រូវ​គិត​មើល​ថា តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ និង​រក​​ចំណុច​ខ្វះខាត ដើម្បី​​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​វា​បាន​ល្អ​ប្រសើរ​ជាង​ហ្នឹង»។

សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​ជាមួយ​ក្រុម​លេង ​១ មក​ពី​ពូល ​B វៀតណាម កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ ក្រុម​កម្ពុជា​បាន​ប្រឹងប្រែង​លេង​យ៉ាង​ខ្លាំង ដើម្បី​វាយ​​បក​តបត​ទៅ​ជាមួយ​ក្រុម​មាន​ទម្រង់​លេង​ល្អ​វៀតណាម ប៉ុន្តែ​ពួក​គេ​មិន​អាច​​ទម្លុះ​របាំង​ការពារ​ដ៏​រឹងមាំ​របស់​វៀតណាម ដើម្បី​រក​បាន​គ្រាប់​បាល់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ​​វៀតណាម​រក​បាន ​​៣ ​គ្រាប់ នៅ​ក្នុង​តង់​ទី ​១ និង​រក​បាន ​១ ​គ្រាប់​ទៀត នៅ​នាទីទី ​៦៩ មុន​ពេល​ កែវ សុខផេង ស៊ុត​បាល់​ពិន័យ ​១១ ម៉ែត្រ​ មិន​​បាន​សម្រេច​នៅ​ក្នុង​នាទី​បន្ថែម​។

ការ​បរាជ័យ​នេះ បាន​​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា នៅ​សល់​ឱកាស​ត្រឹម​ដណ្តើម​យក​លេខ ​៣ ឬ​មេដាយ​សំរឹទ្ធ ជាមួយ​ក្រុម​មីយ៉ាន់ម៉ា ដែល​បាន​ចាញ់​​ក្រុម​ឥណ្ឌូនេស៊ី ៤-២ ក្នុង​ការ​ប្រកួត ដែល​មាន​រយៈពេល​រហូត​ដល់ ​១២០ នាទី ក្នុង​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ​នោះ​ដែរ ហើយ​ការ​ជួប​គ្នា​នេះ ក៏​ជា​ពេល​ដែល​កម្ពុជា​អាច​ជួប​ក្រុម​មីយ៉ាន់ម៉ា​ជា​ថ្មី ដូច​ការ​រំពឹង​ផង​ដែរ ខណៈ​ជំនួប​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល​ មីយ៉ាន់ម៉ា បាន​យក​ឈ្នះ​កម្ពុជា នៅ​ចុង​ម៉ោង ២-១ ដើម្បី​ទទួល​បាន​លេខ ​១ ប្រចាំ​ពូល ​A។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ជួប​គ្នា​លើក​នេះ លោក Felix ពិតជា​ចង់​ឃើញ​កូន​ក្រុម​របស់​លោក​លេង​ដោយ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម​មីយ៉ាន់ម៉ា ដើម្បី​​ទទួល​បាន​មេដាយ​សំរឹទ្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​ដើម្បី​​បាន​កត់ត្រា ចំពោះ​ការ​ឈ្នះ​មេដាយ​ពី​ស៊ីហ្គេម ជា​លើក​ដំបូង​ផង​ដែរ។

គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់ទីន លោក Felix បាន​និយាយ​នៅ​ចំពោះ​មុខ​កូន​ក្រុម​ថា៖​ «ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​លេង​អស់​ពី​សមត្ថភាព និង​ជម្នះ​គ្រប់​បែប​យ៉ាង​របស់​ពួក​យើង ហើយ​ក្រៅ​ពី​លទ្ធផល ខ្ញុំ​គិត​ថា ពួក​យើង​បាន​ធ្វើ​ឲ្យ​ប្រទេស​ កម្ពុជា មាន​មោទនភាព ដូច្នេះ​សម្រាប់​​ការ​ប្រកួត​ក្រោយ​នេះ យើង​នឹង​មាន​ការ​រីក​ចម្រើន​ជាង​នេះ និង​អាច​ដណ្តើម​បាន​មេដាយ​ត្រឡប់​ទៅ​ផ្ទះ​វិញ»៕