ភ្នំពេញៈ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រើប្រាស់​ការហ្វឹកហាត់​រួម​គ្នា​បាន​ត្រឹម​ ៣ ​ថ្ងៃ​ដើម្បី​ប្រកួត​ជម្រុះ World Cup 2022 និង Asian Cup 2023 ជុំ​ទី​ ១ ក្នុង​តំបន់​អាស៊ី​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​នៅ​ពហុកីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦:៣០ ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​គ្រូបង្វឹក​ជនជាតិ​អាហ្សង់ទីន​លោក Felix Dalmas បាន​បង្ហាញ​ទំនុកចិត្ត​ខ្ពស់​ទៅ​លើ​ក្រុម​កម្ពុជា និង​បាន​សរសើរ​ថា ពួកគេ​សុទ្ធ​តែ​មាន​ឆន្ទៈ​លេង ដើម្បី​ជាតិ​ទាំងអស់​គ្នា​។

លោក Felix បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​សម្រាប់​ការរៀបចំ​ការប្រកួត​លើក​នេះ​គឺ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ទៅ​លើ​កីឡាករ និង​ក្រុម​ការងារ​របស់​យើង ដែល​យើង​ទើប​បាន​ផ្លាស់ប្តូរ និង​បង្កើត​ថ្មី ហើយ​ពួកគាត់​ពិតជា​ធ្វើ​បាន​ល្អ​ចំពោះ​ក្រុម​។ យើង​មាន​ទំនុកចិត្ត​ខ្លាំង​ទៅ​លើ​កីឡាករ ព្រោះ​ជា​ក្រុម​ដែល​មាន​កាយសម្បទា​ល្អ និង​មាន​គុណភាព​ខ្ពស់​ក្នុង​ការប្រកួត​អ៊ីចឹង​យើង​នឹង​ធ្វើ​បាន​ល្អ​»​។

យ៉ាងណា​ក៏ដោយ​ការមិន​បាន​កោះ​ហៅ​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ដែល​ទើប​ចែក​ផ្លូវ​នឹង​ក្លិប PKNS របស់​ម៉ាឡេស៊ី និង​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ទៀត​ឲ្យ​ចូល​ប្រមូលផ្តុំ​លើក​នេះ​បាន​ធ្វើឲ្យ​មាន​ការងឿងឆ្ងល់​ពី​អ្នកគាំទ្រ ហើយ​បញ្ហា​នេះ​ត្រូវ​បាន​អ្នកកាសែត​ចោទសួរ​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​នោះ​ដែរ​។

ប៉ុន្តែ​លោក Felix បាន​ឆ្លើយតប​ថា​៖ «​យើង​ត្រូវ​ស្វែងរក​កីឡាករ​ ២៣ ​នាក់​នៅក្នុង​ចំណោម​អ្នក​ទាំង​ ២៦ ​នាក់​ដែល​យើង​បាន​ប្រមូលផ្តុំ ដើម្បី​ចូលរួម​ការប្រកួត​នេះ​អ៊ីចឹង​រឿង​សំខាន់​គឺ​ក្រុម គឺ​យើង​ត្រូវការ​កីឡាករ​ដែល​មាន​ចំណង់ និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការលេង​សម្រាប់​ជម្រើស​ជាតិ ហើយ​កីឡាករ​ទាំងអស់​ដែល​យើង​បាន​ប្រមូលផ្តុំ​លើក​នេះ គឺ​ពួកគាត់​មាន​ទឹកចិត្ត និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការលេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អស់​ពី​ចិត្ត​»​។

លោក​បាន​បន្ថែម​ថា​៖ «​មាន​កីឡាករ​មួយ​ចំនួន​មិន​សូវ​បាន​លេង​នៅក្នុង​លីក ប៉ុន្តែ​យើង​បាន​ទំនាក់ទំនង​ទៅ​កាន់​ក្រុមការងារ​របស់​ក្លិប ដើម្បី​បាន​ដឹង​ពី​សកម្មភាព អាកប្បកិរិយា និង​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅក្នុង​ក្លិប ហើយ​យើង​បាន​យល់​ច្បាស់​ថា ហេតុអ្វី​គាត់​មិន​មាន​វត្តមាន​ច្រើន​នៅក្នុង​លីក​? ប៉ុន្តែ​សំខាន់​យើង​ដឹង​ពី​គុណភាព អត្តចរិត និង​សកម្មភាព​របស់​កីឡាករ​នោះ ទើប​យើង​កោះ​ហៅ​ពួកគេ​ឲ្យ​ចូល​ជម្រើស​ជាតិ ព្រោះ​បាល់ទាត់​ត្រូវ​លេង​ជា​ក្រុម អ៊ីចឹង​យើង​ត្រូវការ​មនុស្ស​ដែល​ធ្វើ​ការងារ​ជា​ក្រុម​បាន​គឺ​ធ្វើ​ការងារ​ដើម្បី​ក្រុម​»​។

ចំណែក​លោក Jose Antonio Nogueira គ្រូបង្វឹក​ក្រុម ជម្រើសជាតិ​ប៉ាគីស្ថាន ថ្លែង​ថា​៖ ​«​ការជួប​ក្រុម​កម្ពុជា​គឺជា​ការប្រកួត​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​យើង ហើយ​យើង​បាន​ព្យាយាម​គ្រប់យ៉ាង​ក្នុង​ការត្រៀម​ខ្លួន​ជាមួយ​នឹង​រយៈពេល​ខ្លី ប៉ុន្តែ​យើង​មាន​ការហ្វឹកហាត់​ល្អ​ខ្លះ​ដែរ និង​រៀបចំ​ក្រុម​បាន​ល្អ​ដើម្បី​ប្រកួត​ទល់​នឹង​កម្ពុជា ព្រោះ​ពួកគេ​ជា​ក្រុម​ដ៏ល្អ និង​ជា​ក្រុម​ដែល​គ្រោះថ្នាក់​សម្រាប់​យើង​»​។

នៅពេល​មាន​ការលើក​ឡើង​ថា ក្រុម​ប៉ាគីស្ថាន​អាច​មាន​បៀប​លើ​ក្រុម​កម្ពុជា ផ្នែក​កាយសម្បទា និង​កម្លាំង​នោះ​លោក Jose Antonio Nogueira បាន​ឆ្លើយតប​ថា​៖ «​វា​មិន​ដូច្នេះ​ទេ​! ខ្ញុំ​មិន​បាន​គិត​អំពី​កាយសម្បទា និង​កម្លាំង​របស់​កីឡាករ​ឡើយ​អ្វី​ដែល​សំខាន់​គឺ បច្ចេកទេស​ភាព​វៃឆ្លាត​ក្នុង​ការប្រកួត​គឺ​របៀប​ដែល​ពួកគេ​ធ្វើ របៀប​ដែល​ពួកគេ​បង្ហាញ​ក្នុង​ពេល​ប្រកួត ដូច្នេះ​ក្រុម​ខ្ញុំ​មិន​មាន​គុណសម្បត្តិ​ទៅ​លើ​កាយសម្បទា​អ្វី​ឡើយ ប៉ុន្តែ​ពិត​ណាស់​យើង​រៀបចំ​បាន​ល្អ ព្រោះ​កីឡាករ​កម្ពុជា​រហ័សរហួន និង​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការប្រកួត​»៕