ភ្នំពេញ៖ ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា លោក Felix Dalmas បាន​ប្រាប់​ឲ្យ​កូន​ក្រុម​ត្រូវ​ចងចាំ​ភាព​ឈឺ​ចាប់ ដែល​ពួក​គេ​បាន​ជួប​ប្រទះ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣០ នៅ​ប្រទេស ​ហ្វីលីពីន ហើយ​ត្រូវ​​​ប្រើ​ការ​​ឈឺ​ចាប់​នោះ ទៅ​ជា​កម្លាំង​នៃ​ការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឲ្យ​បាន​​កាន់​តែ​ប្រសើរ ដើម្បី​ឈាន​ទៅ​រក​ការ​ទទួល​បាន​ជោគជ័យ​កាន់​តែ​ប្រសើរ​សម្រាប់​ការ​ប្រកួត​នា​ពេល​អនាគត។

លោក Felix មិន​បាន​គិត​ថា ការ​ដណ្តើម​មិន​​បាន​មេដាយ​សំរឹទ្ធ ​ក្រោយ​កម្ពុជា​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ដោយ​ការ​ទាត់បាល់​ប៉េណាល់ទី ៥-៤ បន្ថែម​​លើ​លទ្ធផល​ស្មើ​គ្នា ២-២ និង​ការ​ចាញ់​ក្រុម​វៀតណាម ៤-០ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជា​ការ​បរាជ័យ​ដែល​កម្ពុជា​ត្រូវ​តែ​ខូច​ចិត្ត​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រាប់​ក្រុម​កម្ពុជា​ឲ្យ​យក​បទពិសោធ ​ឈឺ​ចាប់​ទាំង​នោះ ជា​មេរៀន​ជំរុញ​ខ្លួន​ឯង​ឲ្យ​ខំ​ប្រឹង​អភិវឌ្ឍ​សមត្ថភាព​ថែម​ទៀត។ «សូម​គិត​ឡើង​វិញ​ថា ពួក​យើង​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ ដែល​យើង​មិន​បាន​រំពឹង​ទុក​នោះ​ទេ អ៊ីចឹង​យើង​គួរ​តែ​យក​អ្វី​ដែល​យើង​បាន​ធ្វើ​ មក​កែ​តម្រូវ​បន្ថែម​ ឲ្យ​ទៅ​ជា​ចំណុច​ដែល​យើង​គិត​ថា ប្រសើរ​ជាង​នេះ»។

គ្រូ​បង្វឹក​រូប​នេះបាន​បន្ថែម​ថា៖ ​«ពេល​ខ្លះ​​ខ្ញុំ​បាន​បង្ខំ​​ឲ្យ​ពួក​យើង ធ្វើ​ឲ្យ​បាន​ខ្លាំង​ជាង​មុន ធ្វើ​ឲ្យ​ច្រើន​ជាង​មុន ដែល​បញ្ហា​នេះ ប្រហែល​ជា​មិន​ចាំបាច់​ធ្វើ​​ដល់​ថ្នាក់​ហ្នឹង​ទេ បើ​សិន​ជា​យើង​លេង​នៅ​ក្នុង​លីក ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចេញ​មក​ប្រកួត​ខាង​ក្រៅ តំណាង​ឲ្យ​ជាតិ​យើង គឺ​អ្វី​ដែល​យើង​មាន​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ អ៊ីចឹង​យើង​ត្រូវ​តែ​ចងចាំ​ការ​ឈឺ​ចាប់ ដែល​យើង​ទទួល​បាន​នៅ​ពេល​នេះ ដើម្បី​កុំ​ឲ្យ​​ភាព​ឈឺ​ចាប់​នេះ វា​កើត​នៅ​ក្នុង​ជីវិត​របស់​​យើង​ម្តង​ទៀត»។

លោក Felix បញ្ជាក់​ថា៖ ​«យើង​មិន​សោកស្តាយ​ចំពោះ​ការ​ចាញ់​នេះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ដុត​កំហឹង​​នៃ​ភាព​ឈឺចាប់​របស់​យើង​ដើម្បី​ឲ្យ​ខ្លួន​​យើង​កាន់​តែ​មាន​ការ​ខំ​ប្រឹងប្រែង​ទៅ​មុខ​ថែម​ទៀត។ បើ​សិន​ជា​យើង​អាច​​ផ្លាស់ប្តូរ​ទម្លាប់ និង​គំនិត​ ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​​ការ​ខំ​ប្រឹង​ធ្វើ​ការ​ឲ្យ​បាន​​ខ្លាំង​ជាង​ហ្នឹង​នោះ គឺ​វា​​ប្រសើរ​ជាង​ការ​ឈ្នះ​បាន​មេដាយ​​ទៅ​ទៀត»។

សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ ក្រុម​កម្ពុជា​ដែល​ឈរ​នៅ​ពូល ​A គឺ​បាន​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ១-១ ឈ្នះ​ក្រុម​ទីម័រ​ ៥-០ ចាញ់​មីយ៉ាន់ម៉ា ២-១ និង​ឈ្នះ​ម៉ាឡេស៊ី ៣-១ ហើយ​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​កម្ពុជា ឡើង​ទៅ​កាន់​វគ្គ ១/២ ​ផ្តាច់​ព្រ័ត្រ​ជា​ប្រវត្តិសាស្រ្ត ក្រោយ​រង់​ចាំ​អស់​រយៈពេល ​៥៨ ​ឆ្នាំ ប៉ុន្តែ​លោក Felix ​មាន​ការ​ជឿជាក់​ថា ទៅ​ថ្ងៃ​អនាគត​ក្រុម​កម្ពុជា នឹង​ទទួល​​បាន​លទ្ធផល​កាន់​តែ​ល្អ​ប្រសើរ​ជាង​នេះ។

«បើ​​យើង​នៅ​តែ​​រក្សា​​ការ​​ធ្វើ​ការងារ​ឲ្យ​បាន​ខ្លាំង និង​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​​បាន​កាន់​​តែ​ប្រសើរ​ជាង​​នេះ គឺ​យើង​នឹង​មាន​ឱកាស​នាំ​យក​​ភាព​ជោគជ័យ​ច្រើន​ជាង​នេះ​ទៅ​ទៀត! ខ្ញុំ​ហ៊ាន​សន្យា​ ព្រោះ​ពួក​យើង​សុទ្ធ​តែ​មាន​សក្តានុពល​អាច​ធ្វើ​រឿង​នេះ​បាន គឺ​ទាំង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ក្រោយ Suzuki Cup និង​ការ​ប្រកួត​ជម្រុះ World Cup ក៏​ដោយ គឺ​ពួក​យើង​សុទ្ធ​តែ​នៅ​មាន​ឱកាស​ធ្វើ​បាន​ល្អ​ជាង​នេះ​ទៀត ប៉ុន្តែ​យើង​ត្រូវ​យក​ការ​ឈឺ​ចាប់​នៅ​ពេល​នេះ ដើម្បី​ដុត​កម្តៅ​ឲ្យ​យើង​មាន​កំហឹង​ក្នុង​ការ​​ខំ​ប្រឹង​ទៅ​មុខ​ទៀត»។

គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់​ទីន លោក Felix បាន​បញ្ជាក់​ពី​អារម្មណ៍​ពិត​ថា៖ ​«ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ខ្លាំង ដែល​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​អ្នក​ទាំង​អស់​គ្នា ព្រោះ​តាមរយៈ​ការ​ប្រកួត​ស៊ីហ្គេម​នេះ គេ​បាន​ដឹង​ពី​​របៀប​ និង​អ្វី​ដែល​យើង​ចង់​លេង ហើយ​អ្នក​កាសែត​បាន​សួរ​ខ្ញុំ​ថា តើ​អ្នក​ជឿ​ថា កម្ពុជា​នឹង​​អាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ធំ​ទាំង​នេះ​បាន​ទៀត​អត់​នៅ​ឆ្នាំ​ក្រោយ? រឿង​នេះ​វា​អាស្រ័យ​ទៅ​លើ​ពួក​យើង ​បើ​យើង​ខំ​ប្រឹង​ធ្វើ​ការងារ​ខ្លាំង គឺ​ប្រាកដ​ណាស់​ថា យើង​នឹង​​ធ្វើ​បាន​ល្អ​ជាង​នេះ និង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត»៕