ភ្នំពេញៈ គ្រូបង្វឹក និង​គ្រូ​ជំនួយ​លើ​ប្រភេទ​កីឡា​ចំនួន​ ៣៤ រួមទាំង​គ្រូបង្វឹក​ក្រុម​ជនពិការ​ត្រូវ​បាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាតិ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង​សហព័ន្ធ​កីឡា​ជាតិ កោះហៅ​ឲ្យ​មក​ចូលរួម​សិក្ខាសាលា​ស្តីពី​ការរៀបចំ​ផែនការ និង​ទ្រឹស្តី​ហាត់​ហ្វឹកហ្វឺន​របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​បន្ថែម​ទៀត​មុន​នឹង​ត្រូវ​ចូលរួម​បំពេញភារកិច្ច​ក្នុង​នាម​ជា​គ្រូវ​បង្វឹក​ក្នុង​ការប្រមូលផ្តុំ​ទាំង​ក្រុម​ជម្រើសជាតិ និង​ក្រុម​ថ្នាល​ជម្រើស​ជាតិ​ខាង​មុខ​នេះ​។

តាម​របាយការណ៍​របស់​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ឲ្យ​ដឹង​ថា វគ្គ​សិក្ខាសាលា​នេះ​មាន​គ្រូបង្វឹក គ្រូ​ជំនួយ​សរុប​ ១៦៥ ​នាក់​ដែល​មកពី​សហព័ន្ធ​កីឡា​ជាតិ​ទាំង​ ៣៤ និង​គ្រូបង្វឹក​កីឡា​ជនពិការ​ចំនួន​ ១០ ​នាក់ ហើយ​វគ្គ​នេះ​មាន​រយៈពេល​ ៣ ​ថ្ងៃ​ដោយ​បាន​ចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃ​ចន្ទ នឹង​គ្រោង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ពុធ​ខាង​មុខ​។

លោក ប៉ុន សុខ បាន​បញ្ជាក់​ថា​៖ «​ការបើក​ឲ្យ​មាន​វគ្គ​សិក្ខាសាលា​នេះ​គឺ​យើង​មាន​គោលបំណង​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​នៃ​ការបង្ហាត់ និង​ការហាត់​របស់​ក្រុម​ជម្រើសជាតិ និង​ក្រុម​ថ្នាល​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​មាន​ន័យ​ថា​មាន​ផែនការ​ល្អ​ហើយ​ត្រូវ​អនុវត្ត​ផែនការ​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​ទៀត ទើប​ការហាត់ និង​ការបង្ហាត់​បាន​ទទួល​លទ្ធផល​ល្អ ហើយ​គុណ​ផល​កើនឡើង​ក្នុង​ការប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំ​ ២០១៩​ ​នេះ ពិសេស​ការត្រៀម​លក្ខណៈ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ២០២៣ នៅ​កម្ពុជា និង​ការចូលរួម​ប្រកួត​អន្តរជាតិ​នានា​ទៀត​»​។

គួរ​បញ្ជាក់​ថា​ការប្រមូលផ្តុំ​ក្រុម​ជម្រើស​ជាតិ​ឆ្នាំ​ ២០១៩ ​នេះ​មាន​រយៈពេល​ ៧ ​ខែ​ដោយ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៦ ខែ​មេសា​ដល់​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា ចំណែក​ក្រុម​ថ្នាល​ជម្រើសជាតិ​មាន​រយៈពេល​ ៨ ​ខែ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ១ ខែ​ឧសភា​ដល់​ថ្ងៃទី​ ៣១ ខែ​ធ្នូ​។ ​នៅក្នុង​ការប្រមូលផ្តុំ​នេះ​គឺ​ទាំង​ក្រុម​ធំ និង​ក្រុម​ថ្នាល​ជម្រើសជាតិ​សុទ្ធតែ​មាន​ការបែងចែក​ជា​ ៣ ​ដំណាក់កាល​ដូចគ្នា​ហើយ​នៅក្នុង​ដំណាក់កាល​នីមួយៗ​នឹង​មាន​ការប្រជុំ​បច្ចេកទេស និង​វាយតម្លៃ​ដោយ​ប្រកួត​ធ្វើតេស្ត ដើម្បី​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស​គុណ​ផល​របស់​កីឡា​ផងដែរ​។

ជាមួយ​គ្នា​នេះ​លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​ជា​គណៈធិបតី​ក្នុង​ពិធី​បើក​វគ្គ​សិក្ខាសាលា​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នោះ បាន​ជំរុញ​ឲ្យ​គ្រូបង្វឹក និង​គ្រូ​ជំនួយ​ទាំងអស់​យក​ចិត្ត​ទុកដាក់​រៀនសូត្រ ដើម្បី​ទទួល​បាន​បទពិសោធ និង​បច្ចេកទេស​ថ្មីៗ​ពី​គ្រូឧទ្ទេស​សម្រាប់​យក​ទៅ​បង្ហាត់​ហ្វឹកហ្វឺន​ដល់​អត្តពលិក​ក្រុម​ជម្រើសជាតិ​ឲ្យ​មាន​គុណភាព​ល្អ ដើម្បី​អាច​ប្រជែង​យក​មេដាយ​ជូន​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ការប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន​នា​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា​ដល់​ថ្ងៃទី​ ១០ ខែ​ធ្នូ ឆ្នាំ​ ២០១៩ ខាង​មុខ​។

នៅក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នេះ​សិក្ខាកាម​ជា​គ្រូបង្វឹក និង​គ្រូ​ជំនួយ​ទាំង​ ១៦៥ ​នាក់​នេះ​នឹង​ទទួល​បាន​ការបង្ហាត់បង្ហាញ​ពី​គ្រូឧទ្ទេស​មាន​ជំនាញ​ចំនួន​ ៦ ​នាក់ ដោយ​ក្នុង​នោះ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC នឹង​ផ្តល់​ចំណេះដឹង​ពី​ផែនការ និង​វិធីសាស្ត្រ​ហាត់​ហ្វឹកហ្វឺន​កីឡា​កម្រិត​ខ្ពស់​ហើយ​គ្រូបង្វឹក​បាល់ទាត់​លោក ប្រាក់ សុវណ្ណារ៉ា និង​បង្ហាញ​ពី​ផែនការ​ហ្វឹកហ្វឺន​។

ចំណែក​លោក​វេជ្ជបណ្ឌិត ស្តើង ជា នឹង​បង្ហាញ​ដល់​សិក្ខាកាម​ទាំងអស់​ពី​បញ្ហា​របប​អាហារ និង​ភេសជ្ជៈ​សម្រាប់​អត្តពលិក​, ការបង្ការ​របួស​ក្នុង​កីឡា និង​សង្គ្រោះ​បឋម​របស់​គ្រូបង្វឹក​ព្រមទាំង​ការប្រឆាំង​សារធាតុ​ដូប៉ា​។ រីឯ​លោក ព្រំ វណ្ណារឿន នឹង​បង្ហាញ​ពី​ការប្រឆាំង​សារធាតុ​ដូប៉ា​តាម​អនឡាញ ហើយ​លោក រ៉ា ម៉ា នឹង​ប្រាប់​ពី​ឧបករណ៍​ហាត់​ជំនួយ​សាច់ដុំ ខណៈ​លោក ប៊ូ ជុំសេរី ជា​អ្នកបង្ហាញ​ពី​តួនាទី​ជា​គ្រូបង្វឹក និង ការអភិវឌ្ឍ​គុណផល​កីឡា​៕