ភ្នំពេញៈ គ្រូបង្វឹក​ណាហ្គាវើល​លោក មាស ចាន់ណា មាន​ទំនុកចិត្ត​ថា ក្រុម​របស់​លោក​នឹង​មិន​ទទួល​ភាពជូរចត់​ក្រោម​ថ្វីដៃ​ក្រុម Hanoi FC គឺ​ការចាញ់​រហូត​ដល់ ១០-០ ដូច​ការប្រកួត​ជើង​ទី​១ នៅ​លើ​ទឹកដី​វៀតណាម​នោះ​ទេ​។

លោក មាស ចាន់ណា បាន​និយាយ​ថា​៖ «​ទាក់ទង​ទៅ​នឹង​គ្រូ​គឺ​បើ​លើក​ទី​១ យើង​ចាញ់​ច្រើន ហើយ​លើក​ទី​២ ​នេះ​នៅ​តែ​បន្ត​ចាញ់​ច្រើន​ទៀត​មាន​ន័យ​ថា គ្រូ​ហ្នឹង​កាន់តែ​អន់​ហើយ អ៊ីចឹង​ហើយ​ទី​១ យើង​មិន​ឲ្យ​ចាញ់​ច្រើន​ទៀត​នោះ​ទេ ឯ​ទី​២ បើ​យើង​មាន​ឱកាស​យើង​អាច​ស្មើ​ ឬ​ក៏​ឈ្នះ​»​។

លោក​បាន​បន្ត​ថា​៖ «​ធម្មតា​ការដាក់​គោលដៅ​លេង យើង​ត្រូវការ​ឈ្នះ​រហូត អ៊ីចឹង​យើង​ត្រូវ​ធ្វើអ្វី​ទៅ​តាម​ស្ថានភាព​។ ​យើង​មិន​អាច​ឲ្យ​ចាញ់​ច្រើន​គ្រាប់​ដូច​មុន​នោះ​ទេ គឺ​យើង​ព្យាយាម​ឲ្យ​មាន​គ្រាប់​បាល់​តិច​បំផុត ព្រោះ​យើង​មាន​ប្រព័ន្ធ​ការពារ​ថ្មី អ៊ីចឹង​ខ្ញុំ​គិត​ថា​ខ្សែប្រយុទ្ធ​របស់​គេ​ពិបាក​នឹង​ចូល​កន្លែង​យើង​ណាស់ ហើយ​ម្យ៉ាង​ទៀត​ទីលាន​នៅ​កីឡដ្ឋាន​ជាតិ​តែងតែ​នាំ​សំណាង​ដល់​ក្រុម​ណាហ្គាវើល ព្រោះ​យើង​តែងតែ​ធ្វើ​បាន​ល្អ​នៅលើ​ទីលាន​មួយ​នេះ​»​។

ការលើក​ឡើង​របស់​លោក មាស ចាន់ណា នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​អង្គារ​នោះ​គឺ​សំដៅ​ទៅ​ដល់​ការធ្វើ​ជា​ម្ចាស់ផ្ទះ​របស់​ណាហ្គាវើល ដើម្បី​ប្រកួត​ជើង​ទី​២ ​ជាមួយ​ក្រុម Hanoi FC នៅ​ពហុកីឡដ្ឋាន​ជាតិ​នា​រសៀល​ម៉ោង​ ៥ ថ្ងៃ​ពុធ​នេះ​។ រីឯ​ក្រុម​ឈរ​នៅ​ពូល​ F ​ជាមួយ​គ្នា Tampines Rovers របស់​សិង្ហបុរី​ត្រូវ​ជួប Yangon United របស់​មីយ៉ាន់ម៉ា​នៅ​លើ​ទឹកដី​ខ្លួនឯង​យប់​ម៉ោង ៧:៣០ ថ្ងៃ​នេះ​ដែរ​។

ក្រុម Hanoi ដែល​កំពុង​ឈរ​នៅ​លេខ​ ២ មាន​ ៧ ​ពិន្ទុ​នោះ​ត្រូវការ​ឈ្នះ​ ៣ ​ពិន្ទុ​ពី​ក្រុម​មាន​ ៣ ​ពិន្ទុ​ណាហ្គាវើល​ខ្លាំង​បំផុត​ដើម្បី​ប្រជែង​យក​លេខ​ ១ ពី​ក្រុម​ Tampines Rovers ដែល​មាន​ ១០ ​ពិន្ទុ​។

លោក Chu Dinh Nghien អ្នក​ចាត់​ក្រុម Hanoi និយាយ​ថា​៖ «​កីឡាករ​សំខាន់ៗ​របស់​យើង​មួយ​ចំនួន​មិន​បាន​មក​ប្រកួត​ទេ ប៉ុន្តែ​នេះ​ជា​ការប្រកួត​ដ៏សំខាន់​អ៊ីចឹង​យើង​ត្រូវការ​ឈ្នះ​ ៣ ​ពិន្ទុ ដើម្បី​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​»៕