ក្រុង​ឡុងដ៍៖ លោក Mikel Arteta Mikel Arteta មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ពី​ក្រុម​របស់​គាត់​បន្ទាប់​ពី​ក្រុម​ Crystal Palace បាន​វាយ​បក​វិញ​កាល​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​តាម​​ស្មើ ១-១ ជាមួយ​ក្រុម​ Arsenal ដែល​នៅ​សល់​គ្នា​ ១០ នាក់ ខណៈ​ប្រធាន​ក្រុម Pierre-Emerick Aubameyang ជា​អ្នក​រក​បាន​គ្រាប់​បាល់​បើក​ឆាក​នោះ​ត្រូវ​បាន​ពិន័យ​កាត​ក្រហម​។​

គ្រូ​បង្វឹក​ក្រុម​កាំ​ភ្លើង​ធំ​រូប​នេះ​​កំពុង​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ជ័យ​ជម្នះ​ជាប់ៗ​គ្នា​ជា​លើក​ទី​ ៣ នៅ​ពេល​ដែល​​ប្រធាន​ក្រុម​របស់​​គាត់​បាន​បើក​ឆាក ​១ ​គ្រាប់ ​នៅ​ក្នុង​តង់​ទី ១ ប៉ុន្តែ​កិច្ច​ប្រឹងប្រែង​​ដើម្បី​បន្ត​ឈ្នះ​នោះ​​ត្រូវ​បាន​រារាំង​ដោយ​គ្រាប់​បាល់​របស់​កីឡាករ​ Jordan Ayew ​ដើម្បី​លុប​ចោល​ការ​នាំ​មុខ​​នោះ​នៅ​ដើម​តង់​ទី ២។

នៅ​ពេល​កីឡាករ​ Aubameyang បាន​ទទួល​កាត​ក្រហម​​នៅ​សល់​រយៈពេល ​២៣ ​នាទី​ទៀត​នោះ​​ លោក Roy Hodgson គ្រូ​បង្វឹក​ក្លិប​ Palace ដ៏​មាន​បទពិសោធ​នោះ​ ជិត​នឹង​មាន​​ឱកាស​ទទួល​បាន ​៣ ​ពិន្ទុ ​​បើ​ធៀប​នឹង​គ្រូ​បង្វឹក​ក្មេង​បំផុត​នៅ​ក្នុង​លីក​នេះ ​ប៉ុន្តែ​​វា​ហាក់​ដូច​ជា​​គ្មាន​សំណាង​ទាល់​តែ​សោះ​។

លទ្ធផល​នេះ​មាន​ន័យ​ថា លោក Arteta បាន​ឈ្នះ​តែ​ម្ដង​គត់​នៅ​ក្នុង​ចំណោម​ការ​ប្រកួត ​៤ ​លើក ​ក្នុង​ក្របខ័ណ្ឌ​ Premier League ក្នុង​ការ​ដឹកនាំ​របស់​គាត់​ ហើយ​លទ្ធផល​ស្មើ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​មែន​ទែន ​ក្រោយ​ពី​បាន​ទទួល​ជ័យជម្នះ​ទៅ​លើ​ក្រុម Man Utd និង​ឈ្នះ​ទៅ​លើ​ក្រុម​​ Leeds នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​​ FA Cup។​​

លោក Arteta បាន​ប្រាប់​ BT Sport​ ថា​៖ «​រយៈពេល​ ៣៥ នាទី​ដំបូង​ ​គឺ​ពិត​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ Arsenal​ របស់​យើង​លេង​បែប​​នោះ​​។ យើង​បាន​លេច​ធ្លោ​នៅ​ក្នុង​ទីតាំង​ត្រឹមត្រូវ ​និង​បាន​បង្កើត​ឱកាស​​ជា​ច្រើន​។​ បន្ទាប់​ពី​នោះ​មក យើង​បាន​ចាប់​ផ្តើម​ទាត់បាល់​ free-kick ដែល​ធ្វើ​មិន​បាន​សម្រេច​»​​។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​​ទៀត​ថា៖ «​ក្នុង​រយៈពេល​ ១៥ នាទី​ដំបូង​​នៅ​ក្នុង​​តង់​ទី ២ សូម​សរសើរ​ដល់​ពួក​គេ​ពី​ព្រោះ​ពួក​គេ​បាន​ប្រឹង​សម្រុក​យ៉ាង​ខ្លាំង​​ ​ប៉ុន្តែ​​យើង​​ប្រឹង​តស៊ូ​​នឹង​ការ​វាយ​សម្រុក​នោះ​​ ហើយ​​យើង​បាន​ស៊ុត​ចូល ​១ ​គ្រាប់​ទៀត ​ប៉ុន្តែ​ត្រូវ​បាន​លុប​ចោល​វិញ​»។​

ទន្ទឹម​នេះ​ដែរ​ ក្រុម​តោខៀវ Chelsea បាន​ខិតខំ​ប្រឹងប្រែង​នៅ​កីឡដ្ឋាន​ Stamford Bridge រហូត​បាន​ជ័យ​ជម្នះ​ ៣-០ ទៅ​លើ​ក្រុម Burnley ដែល​បាន​រអិល​ជិត​ដល់​ចំណាត់​ថ្នាក់​ទី ​៣ ​នៃ​តំបន់​បាត​តារាង​។​

កីឡាករ​ Jorginho បើក​ឆាក ​១ ​គ្រាប់ ​មុន​គេ​ដោយ​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​មុន​ពេល​កីឡាករ​ Tammy Abraham បាន​បន្ថែម​គ្រាប់​ទី ​២ ​មុន​ពេល​បញ្ចប់​តង់​ទី ​១​​ ហើយ​ចូល​ដល់​តង់​ទី ​២​ ​កីឡាករ​ Callum Hudson-Odoi បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​ដើម្បី​ជួយ​ឲ្យ​ក្រុម​តោខៀវ​បាន ​៣ ​ពិន្ទុ ​ដោយ​ជោគជ័យ​។​

លោក Frank Lampard គ្រូ​បង្វឹក​ក្លិប​ Chelsea បាន​និយាយ​ថា៖ «​ចំពោះការ​ស៊ុត​បាល់​របស់​​ Callum ក្នុង​ប្រអប់​ចម្ងាយ ​៦ ​យ៉ាដ​នេះ ​គឺ​អស្ចារ្យ​ជាង​កាល​ដែល​គាត់​​បាន​ស៊ុត​បាល់​​ចម្ងាយ​ ៣០ ​យ៉ាដ​ទៅ​ទៀត​»។​​

បន្ទាប់​ពី​ចាញ់​ ៥ ​ប្រកួត ​ក្នុង​ការ​ប្រកួត​លីក ៩ លើក​ចុង​ក្រោយ​រួម​ទាំង​ការ​ឈ្នះ​ក្រុម​ Tottenham ​និង​ក្រុម​ Arsenal ​ដែរ​នោះ ក្រុម​តោខៀវ Chelsea បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ៤​ ​និង​បាន​នាំ​មុខ ​៥ ​ពិន្ទុ ​ទៅ​លើ​ក្រុម Man Utd ដែល​ពួក​គេ​អាច​នឹង​មាន​ឱកាស​ឡើង​ទៅ​លេង​ក្របខ័ណ្ឌ Champions League នៅ​រដូវកាល​បន្ទាប់​ទៀត​៕ AFP/SN