ក្រុង​រ៉ូម៖ លោក Maurizio Sarri បាន​ជំរុញ​ឲ្យ​ក្រុម​ Juventus បន្ត​ភាព​ខ្លាំង​បន្ថែម​​ទៀត ​ក្រោយ​ពី​ពួក​គេ​បាន​ឈ្នះ​ក្រុម​ Roma ២-១ ដើម្បី​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​ Serie A។​

ក្រុម​ Juventus បាន​នាំ​មុខ ​២ ​គ្រាប់​មុន ​ក្នុង​រយៈពេល ​១០ ​នាទី ​​នៅ​កីឡដ្ឋាន​ Stadio Olimpico ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​កីឡាករ​ Merith Demiral និង​ Cristiano Ronaldo ដែល​​ជា​ការ​រក​បាន​គ្រាប់​បាល់​ក្នុង​ការ​​ប្រកួត ​៦ ​លើក​ជាប់ៗ​គ្នា​របស់​កីឡាករ​ Ronaldo។​

ប៉ុន្តែ​ក្រុម Roma ទទួល​បាន ​១ ​គ្រាប់​វិញ ​តាមរយៈ​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​របស់​កីឡាករ Diego Perotti នៅ​តង់​ទី ​២ ខណៈ​ពួក​គេ​​មាន​អារម្មណ៍​ភ័យ​អរ​នៅ​ពេល​ក្រុម Juventus រក​បាន​គ្រាប់​​បាល់​​ទី ​៣ ​​​​ ប៉ុន្តែ​ត្រូវ​បាន​​លុប​ចោល​ដោយសារ​តែ​​​បាល់​ offside របស់​កីឡាករ​ Gonzalo Higuain។​​​

លោក Sarri គ្រូ​​បង្វឹក​ក្លិប​ Juventus បាន​ប្រាប់​ Sky Sport ក្រោយ​ពី​ការ​ប្រកួត​នេះ​ថា៖ «​យើង​ធ្វើ​បាន​ល្អ​រយៈពេល ​១ ​ម៉ោង​ ហើយ​ការ​​រងគ្រោះ​តិចតួច​នៅ​ពេល​ប្រកួត​ជាមួយ​ក្រុម Roma ក្នុង​ទីក្រុង​រ៉ូម​នេះ​ ​គឺ​មិន​អាច​ចៀស​ផុត​នោះ​ទេ​ដោយសារ​ជា​ទឹក​ដី​របស់​ពួក​គេ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត​នោះ ​គឺ​ការ​គ្រប់គ្រង​លទ្ធផល​​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​សប្បាយ​ចិត្ត​ចំពោះ ​៣ ​ពិន្ទុ​នេះ ​នៅ​កន្លែង​ដ៏​លំបាក​បំផុត​​ជាមួយ​ការ​​បង្កើត​ទម្រង់​លេង​ល្អ​មួយ​សម្រាប់​​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ ​ប៉ុន្តែ​យើង​ត្រូវ​តែ​កែ​លម្អ​ការ​គ្រប់គ្រង​ការ​ប្រកួត​របស់​យើង​នៅ​ពេល​យើង​បាន​នាំ​មុខ​ទៅ​​លើ​គូ​ប្រជែង​របស់​យើង​​»។​

គ្រូ​បង្វឹក​ដដែល​នេះ​បាន​បន្ត​៖ «​យើង​គ្រប់គ្រង​បាល់​ភាគ​ច្រើន​នៅ​តង់​ទី ​១ ​នៅ​ពេល​យើង​កំពុង​សម្លឹង​រក​គ្រាប់​បាល់​ទី ​៣​»។​

លទ្ធផល​​នេះ​​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ Sarri ​នាំ​មុខ​ក្រុម​ Inter Milan ២ ​ពិន្ទុ ​​និង​ឈរ​នៅ​លើ​កំពូល​តារាង​ក្រោយ​ពី​ក្រុម Inter បាន​ប្រកួត​ស្មើ​នឹង​ក្រុម​ Atalanta ១-១ នៅ​កីឡដ្ឋាន​ San Siro ​ពី​ថ្ងៃ​សៅរ៍ ​​ធ្វើ​ឲ្យ​ពួក​គេ​មាន ​៤៦ ​ពិន្ទុ ​ក្នុង ​១៩ ​ប្រកួត​។​

គ្រូ​បង្វឹក​ក្លិប Roma លោក Paulo Fonseca បាន​និយាយ​ថា៖ «​វា​ជា​ការ​ប្រកួត​ដ៏​តឹងតែង​មួយ​ជាមួយ​ក្រុម​ខ្លាំង​ដូច​ជា​ក្រុម Juventus នេះ​ខណៈ​ដែល​​យើង​បាន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់ ​២ ​គ្រាប់ ​មុន​ទៅ​ហើយ​​នោះ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​​បាន​ដាក់​ចេញ​ទម្រង់​លេង​ល្អ​មួយ ​ក្រោយ​ពី​នោះ​ដើម្បី​ទប់ទល់​នឹង​ក្រុម​ដ៏​ខ្លាំង​មួយ​​នេះ​ ប៉ុន្តែ​នៅពេល​យើង​ត្រូវ​បាន​គេ​នាំ​មុខ ​២ ​គ្រាប់​ហើយ​នោះ​ វា​ពិត​ជា​លំបាក​បន្តិច​ហើយ​»។​​​

ក្រុម​ទាំង ​២ ​នេះ​មាន​កីឡាករ​រង​របួស​ដូច​គ្នា​នៅ​តង់​ទី ​១ ​ដោយ​កីឡាករ​ Demiral ត្រូវ​បាន​បញ្ជូន​ចេញ​ដោយសារ​​រង​របួស​ជង្គង់​​ក្រោយ​ពី​រក​បាន​គ្រាប់​បាល់​បើក​ឆាក​សម្រាប់​ក្រុម​ Juventus ចំណែក​កីឡាករ​ Zaniolo ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីលាន​ប្រកួត​ក្នុង​ការ​​ស្រែក​យំ​យ៉ាង​ខ្លាំង​​ដោយសារ​រង​របួស​ប៉ះ​ពាល់​នឹង​ក្បាល​ជង្គង់​៕ AFP/SN