ក្រុងសេវីលល៍: លោក Vincenzo Montella គ្រូបង្វឹករបស់ក្រុម Sevilla បាននិយាយដោយកំប្លែងថា លោកអាចនឹងត្រូវតែប្រើប្រាស់វិធីសាស្ត្រដូចក្នុងរឿងប្រលោមលោក ក្នុងការដោះស្រាយជាមួយនឹងការគំរាមរបស់តារាឆ្នើម Alexis Sanchez នៅពេលដែលក្រុមរបស់លោកត្រូវប៉ះជាមួយនឹងក្រុម Manchester United ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។
លោក Montella សញ្ជាតិអ៊ីតាលី ដែលស្គាល់ខ្សែបម្រើប្រយុទ្ធអន្តរជាតិស៊ីលីរូបនេះ ក្នុងពេលដែលរូបគេបានចំណាយពេលជាមួយនឹងក្លិប Udinese របស់ក្របខ័ណ្ឌ Serie A នោះ បានឲ្យដឹងថា៖ «ក្រុម Manchester មានកីឡាករដ៏អស្ចារ្យជាច្រើន ហើយ Sanchez មានការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ក្នុងអាជីពរបស់គេ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «តើត្រូវធ្វើការរារាំងរូបគេយ៉ាងម៉េច? ខ្ញុំមិនដឹងទេ។ យើងនឹងត្រូវតែចាប់រូបគេចងហើយ»។
កីឡាករម្នាក់ដែលលោក Montella ស្គាល់ពីក្របខ័ណ្ឌ Serie A គឺ Paul Pogba បើទោះបីវាមិនច្បាស់ថា អតីតខ្សែបម្រើរបស់ក្លិប Juventus ចូលលេងក្នុងជម្រើសដំបូងក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នៅកីឡដ្ឋាន Ramon Sanchez Pizjuan ដោយសារតែការមិនមានទំនាក់ទំនងល្អជាមួយនឹងលោកគ្រូបង្វឹករបស់គេគឺលោក Jose Mourinho ឬយ៉ាងណាក៏ដោយ។
លោក Montella បានប្រាប់អ្នកយកព័ត៌មាននៅកីឡដ្ឋានរបស់ក្រុម Sevilla កាលពីថ្ងៃអង្គារថា៖ «រូបគេជាកីឡាករគ្រប់លក្ខណៈម្នាក់ ខ្លាំង មានបច្ចេកទេស និងរកគ្រាប់បាល់បញ្ចូលទីច្រើន។ រូបគេជាកីឡាករដ៏អស្ចារ្យ»។
ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕ IS