ក្រុងប៉ារីសៈ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​លោក Didier Deschamps បាន​និយាយ​ការពារ​ខ្សែប្រយុទ្ធ Kylian Mbappe ក្រោយពី​មាន​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​ក្រុម​បារាំង​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​តួកគី ២-០ ដោយ​អះអាង​ថា គាត់​គ្រាន់តែ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ ១០ ​នាក់​ទៀត​ដែល​លេង​មិន​អស់​ពី​សមត្ថភាព​ដូចគ្នា​។

នៅក្នុង​ការប្រកួត​នោះ​កីឡាករ Kaan Ayhan និង Cengiz Under នៃ​ក្រុម​ជម្រើស​ជាតិ​តួកគី​ជា​អ្នក​រកបាន​គ្រាប់​បាល់​ម្នាក់​ ១ ​គ្រាប់​ធ្វើឲ្យ​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​បារាំង​ចាញ់​ក្រុម​តួកគី​នៅក្នុង​ការប្រកួត​ក្នុង​ទីក្រុង​កុនយ៉ា ប្រទេស​តួកគី​កាលពី​ថ្ងៃ​សៅរ៍​។

Mbappe គឺជា​កីឡាករ​ម្នាក់​ដែល​ទទួលរង​ការរិះគន់​ច្រើន​បំផុត​ដោយ​តារា​ខ្សែប្រយុទ្ធ​ក្លិប PSG រូប​នេះ​បាន​បាត់បង់​ឱកាស​គ្រប់គ្រង​បាល់​ចំនួន​ ២២ ​លើក ហើយ​នេះ​គឺជា​ការបាត់បង់​ខ្លាំង​បំផុត​ក្នុង​ការប្រកួត​តំណាង​ឲ្យ​ប្រទេស​របស់​ខ្លួន ប៉ុន្តែ​ក្រុម​បារាំង​រំពឹង​ថា​នឹង​បង្កើត​ភាពខ្លាំង​របស់​ខ្លួន​ឡើងវិញ​ក្នុង​ការប្រកួត​បន្ទាប់​។

ទោះបី​ជា​យ៉ាងណា គ្រូបង្វឹក​លោក Deschamps បាន​ទទូច​ថា​ខ្សែប្រយុទ្ធ Mbappe គ្មាន​អ្វី​ដែល​ត្រូវ​បង្ហាញ​សមត្ថភាព​ច្រើន​ជាង​កូនក្រុម​ ១០ ​នាក់​ទៀត​នោះ​ទេ ដោយ​លោក​ជឿ​ទុកចិត្ត​ទៅ​លើ​អ្នក​ចាំទី Hugo Lloris តែ​ម្នាក់​គត់ ដើម្បី​ស្ដារ​មុខមាត់​ឡើង​វិញ​។

លោក Deschamps បាន​ប្រាប់​ក្រុម​អ្នកកាសែត​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​ក្រៅពី​អ្នក​ចាំទី Hugo Lloris ដែល​បាន​បង្ហាញ​សមត្ថភាព​ផ្ទាល់ខ្លួន​នៅក្នុង​ប្រទេស​តួកគី​នេះ​គឺ​នៅ​មាន​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជួយ​ការពារ​អ្នក​ចាំទី​»​។

លោក​បាន​និយាយ​បន្ថែម​ថា​៖ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ដោត​តែ​ទៅ​លើ​កីឡាករ Mbappe ខ្លាំង​ជាង​គេ ប៉ុន្តែ​តាម​ទស្សនៈ​រួម ខ្ញុំ​យល់​ឃើញ​ថា Mbappe គ្រាន់តែ​មិន​ខំប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ហើយ​គាត់​ដូចជា​មិន​សូវ​មាន​សីលធម៌​តែ​ប៉ុណ្ណោះ​»​។

គ្រូបង្វឹក​រូបនេះ​បន្ត​ថា​៖ «​ក្នុង​ការទទួល​យក​ហានិភ័យ​បុគ្គល​ដែល​ជា​ផ្នែក​មួយ​នៃ​គុណសម្បត្តិ​របស់​គាត់​នេះ គាត់​មិនមែន​តែងតែ​មាន​ភាពជោគជ័យ​ជា​រៀងរហូត​នោះ​ទេ ហើយ​គាត់​ក៏​មិន​តែងតែ​ទទួល​បាន​បាល់​នៅ​កន្លែង​ល្អ​បំផុត​រហូត​នោះ​ដែរ​»​។ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​មាន​ការកត់សម្គាល់​ពិសេស​ណាមួយ​ចំពោះ​កីឡាករ Mbappe នោះ​ទេ​។ ខ្ញុំ​ជជែក​ជាមួយ​គាត់​ដូច​ខ្ញុំ​ជជែក​ជាមួយ​កូនក្រុម​ដទៃ​ទៀត​អ៊ីចឹង​ដែរ ហើយ​គាត់ និង​កូនក្រុម​ផ្សេង​ទៀត​មាន​ទំនាក់​ទំនង​ជា​ធ្លុង​មួយ​»​។

លោក Deschamps ទទួល​ស្គាល់​ថា​កូនក្រុម​លោក​មួយ​ចំនួន​អាច​មាន​ភាព​ហត់នឿយ​ខ្លាំង ក្រោយពី​ជាប់រវល់​ភារកិច្ច​ខាង​ក្រៅ​រយៈពេល​ ១២ ​ខែ​មក​នេះ​។ ​លោក​បញ្ជាក់​ថា​៖ «​សម្រាប់​កីឡាករ​បារាំង​ទាំងអស់​ហាក់​ដូចជា​ហត់នឿយ​បន្តិច​ដែរ ក្រោយពី​បាន​ចូលរួម​ប្រកួត​មួយ​ចំនួន​ដូចជា​នៅ World Cup ហើយ​ថ្ងៃ​ឈប់​ត្រូវ​បាន​កាត់បន្ថយ ខណៈ​កម្មវិធី​ប្រកួត​ផ្សេងៗ​ត្រូវ​បាន​បង្កើត​ជា​បន្ត​បន្ទាប់​រហូត​បន្ត​ចូល​ដល់​រដូវកាល​នេះ​។ ហេតុនេះ​វា​ធ្វើឲ្យ​ក្រុម​ប្រទេស​ផ្សេង​ដែល​មាន​ការសម្រាក​គ្រប់គ្រាន់​គឺ​ពួកគេ​មាន​ឱកាស​ច្រើនជាង​យើង ដែល​បាន​ដេញ​តាម​ក្រោយ​ការប្រជែង ហើយ​រដូវកាល​នេះ​គឺ​វា​បែប​នេះ​»៕SN