ភ្នំពេញៈ ខ្សែប្រយុទ្ធ​ដ៏ឆ្នើម ចាន់ វឌ្ឍនាកា បាន​ធ្វើឲ្យ​ការបង្ហាញ​ខ្លួន​ជាថ្មី​នៅលើ​ទីលាន​របស់​គេ​បាន​បញ្ចប់​ទៅ​ដោយ​ភាពសប្បាយ​រីករាយ ខណៈ​រូបគេ​រក​បាន​ ៣ ​គ្រាប់​តែ​ម្នាក់ឯង ដើម្បី​ជួយ​ឲ្យ​ក្រុម​បឹងកេត ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ ខេត្ត​សៀមរាប ៦-០ ក្នុង​ការប្រកួត​វគ្គ​ ១៦ ​ក្រុម​ (​ថ្នាក់ជាតិ​) ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​ ១៣ ឆ្នាំ​ ២០១៩ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​។

សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ ចាន់ វឌ្ឍនាកា បាន​ក្លាយ​ជា​តួអង្គ​យ៉ាង​សំខាន់​ក្នុង​ការជួយ​ឲ្យ​បឹងកេត​ទទួល​បាន​ជ័យជម្នះ ចំពោះ​ការប្រកួត​ជើង​ទី​ ១​ ​នេះ​ដោយ​រូបគេ​រក​បាន​ ៣ ​គ្រាប់​ជាប់ៗ​គ្នា តែ​ម្នាក់ឯង​នៅ​នាទី​ទី​ ៣៥ ទី​ ៥៣ និង​នាទី​ទី​ ៥៧​។

យ៉ាងណា​ក៏ដោយ​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត​បាន​មើល​ឃើញ​ថា គុណភាព​លេង និង​កម្លាំង​របស់ ចាន់ វឌ្ឍនាកា នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​។ លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​ការប្រកួត​ថា​៖ «​ការបង្ហាញ​ខ្លួន​លើក​ដំបូង​របស់​គាត់​ធ្វើ​បាន​ប៉ុណ្ណឹង គិត​ថា​ល្អ​ហើយ ព្រោះ​ទី​ ១ គាត់​ទើប​តែ​ចាប់ផ្តើម​ហាត់​ជាមួយ​ក្រុម​ទី​ ២ ​ការប្រមូល​កម្លាំង​របស់​គាត់ អត់​ទាន់​បាន​គ្រប់​ផង​ដែរ គឺ​បាន​ត្រឹម​ ៨០ ​ភាគរយ​ទេ ហើយ​ទី​ ៣ បញ្ហា​ទីលាន​ជា​ចម្បង ដែល​មាន​ការពិបាក​ក្នុង​ការលេង​»​។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​៖ «​ការប្រកួត​នេះ ចាន់ វឌ្ឍនាកា ជួយ​ក្រុម​បាន​ច្រើន គឺ​ធ្វើឲ្យ​តំបន់​ប្រយុទ្ធ​របស់​យើង​មាន​សកម្មភាព​ល្អ ហើយ​គាត់​ក៏​បាន​ផ្តល់​បទពិសោធ​បាន​ច្រើន​ទៅ​ដល់​កីឡាករ​ជា​យុវជន​របស់​យើង​ផង​ដែរ​។ យើង​យក​គាត់​មក ដើម្បី​ជួយ​ក្រុម​ពិសេស​នៅ​តំបន់​ប្រយុទ្ធ ហើយ​ការប្រកួត​ជា​បន្ត​ទៀត​គឺ​ការប្រមូល​កម្លាំង​របស់​គាត់​នឹង​គ្រប់គ្រាន់ ដែល​នឹង​ធ្វើឲ្យ​ការលេង​របស់​គាត់​កាន់តែ​ល្អ​ជាង​លើក​នេះ ទាំង​ការប្រកួត​ពាន​សម្តេច ហ៊ុន សែន នេះ​ និង​ការប្រកួត​លីក​កំពូល​កម្ពុជា​ក្នុង​ជើង​ទី ២»​។

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទើប​តែ​បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្លិប​បឹងកេត​ជាថ្មី​ចំនួន​ ៣ ​ឆ្នាំ​គឺ​បន្ទាប់ពី​រូបគេ​បញ្ចប់​កុងត្រា​ជាមួយ​ក្លិប PKNS របស់​ម៉ាឡេស៊ី​កាលពី​ពេល​ថ្មីៗ​នេះ​។ ជាមួយ​គ្នា​នេះ​ដែរ​កីឡាករ​វ័យក្មេង​របស់​បឹងកេត ២ ​នាក់​ទៀត​ក៏​បាន​បង្ហាញ​ទម្រង់​លេង​បាន​ល្អ និង​រកបាន​ម្នាក់​ ១ ​គ្រាប់​ផង​ដែរ​គឺ​ខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា ដែល​រក​បាន​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទី​ទី​ ៣ និង​ខ្សែបម្រើ ឱ ភារុណ ដែល​រក​បាន​គ្រាប់​បាល់​ទី​ ៦ នៅ​នាទី​ទី​ ៩០ គឺ​ក្រោយ​ពេល​ខ្សែប្រយុទ្ធ​ជើងចាស់ ឃួន ឡាបូរ៉ាវី រកបាន​គ្រាប់​បាល់​ទី​ ៥ នៅ​នាទី​ទី​ ៨៦​។

ចំពោះ​ការឈ្នះ​ក្រុម​ខេត្ត​សៀមរាប ៦-០ ក្នុង​ជើង​ទី​ ១ ​នេះ​លោក ហៅ សុជាតិ បាន​ប្រាប់​ថា​៖ «​តាមពិត​យើង​ចង់​បាន​ច្រើន​គ្រាប់​ជាង​នេះ ប៉ុន្តែ​ដោយសារ​បញ្ហា​ទីលាន​មាន​ការលំបាក​លេង អ៊ីចឹង​ការឈ្នះ​ត្រឹម ៦-០ យើង​ពេញ​ចិត្ត​នឹង​ទទួល​យក​ហើយ​។ បើសិន​ជា​ទីលាន​ល្អ​វិញ ខ្ញុំ​គិត​ថា​យើង​អាច​ស៊ី​លើស​ពី​ ១០ ​គ្រាប់​»​។

ដោយឡែក​ក្រុម​អគ្គិសនី​កម្ពុជា​បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម​អង្គរថាយហ្គឺរ នៅ​លើ​ទឹកដី​ខ្លួនឯង គឺ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​សម្រាប់​ការប្រកួត​ជើង​ទី​ ១ កាលពី​ល្ងាច​ម្សិលមិញ​នោះ​ដែរ ហើយ​លទ្ធផល​នេះ​អាច​នឹង​ធ្វើឲ្យ​ពួកគេ​មាន​ការពិបាក​សម្រាប់​ការវិល​ទៅ​ប្រកួត​កាត់​សេចក្តី​ជើង​ទី​ ២ នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប​ដែល​ជា​កន្លែង​ក្រុម​អង្គរថាយហ្គឺរ​តែងតែ​ធ្វើ​បាន​ល្អ​។

ចំណែក​ក្រុម​ភ្នំពេញ​ក្រោន​នឹង​ត្រូវ​បើក​កីឡដ្ឋាន RSN ដើម្បី​ទទួល​ក្រុម​ខេត្ត​កំពង់ចាម​ក្នុង​ការប្រកួត​ជើង​ទី ១ ​របស់​ពួកគេ​នៅ​ល្ងាច​ម៉ោង​ ៦ ថ្ងៃ​ព្រហស្បតិ៍​នេះ​គឺ​ស្រប​ពេល​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ត្រូវ​ជួប​ក្រុម​ខេត្ត​ត្បូងឃ្មុំ​នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប​។ រីឯ​ការប្រកួត​ជើង​ទី​ ១ រវាង​ក្រុម​ចំនួន​ ៨ ​ទៀត​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី​ ៣ និង​ថ្ងៃ​ទី​ ៤ ខែ​កក្កដា ខាង​មុខ​៕