ភ្នំពេញៈ គ្រូប្រដាល់ ក្លិបព្រែកឯងកីឡា វ័យ ៦៩ ឆ្នាំ លោក ម៉ាង ម៉ន និងគ្រូបង្វឹក៦៨ឆ្នាំ លោក ឈិន ក្វាន់ចៃ របស់ក្លិបមកុដរាជសីហ៍ បានអំពាវនាវស្នើសុំសប្បុរសជន ជួយត្រឹមអង្ករហូប ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ បន្ទាប់ពីការប្រកួតប្រដាល់គុនខ្មែរប្រចាំសប្តាហ៍ ត្រូវបានបិទ ដោយការរីករាលដាលនៃជំងឺកូវីដ ១៩។
សម្រាប់គ្រូប្រដាល់ជើងចាស់មួយចំនួន មានមុខរបរខ្លះ ក្រៅពីប្រដាល់ គឺមានផលប៉ះពាល់មធ្យមទេ ប៉ុន្តែសម្រាប់លោក ម៉ាង ម៉ន និងលោក ឈិន ក្វាន់ចៃ ដែលមានវ័យកាន់តែចាស់ទៅហើយនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពួកគាត់គ្មានមុខរបរអ្វីក្រៅពីប្រដាល់ ដើម្បីរកប្រាក់មកបង្គ្រប់ជីវភាពប្រចាំថ្ងៃនោះឡើយ ខណៈដែលកន្លងមកជីវភាពប្រចាំថ្ងៃ បានពីការបង្វឹកកីឡាករ និងបានមកពីតម្លៃពលកម្ម នៃការធ្វើជាគណៈកម្មការប្រកួត ក្នុង១លើកជាង១០ដុល្លារ។
លោក ម៉ាង ម៉ន ជាស្ថាបនិកក្លិបព្រែកឯង ដោយបានប្រើត្រកូល «ម៉ន» ទាំងកូន និងក្មួយ ហើយលោកមានកូនបង្កើតចំនួន៦នាក់(ស្រី២នាក់) ដែលពួកគេសុទ្ធតែជាអ្នកប្រដាល់ទាំងអស់។ សមត្ថភាពរបស់ពួកគេ សុទ្ធតែមានឈ្មោះល្បីលំដាប់ជួរមុខ ក្នុងពិភពប្រដាល់គុនខ្មែរ ក្នុងអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ខណៈបច្ចុប្បន្ន បានធ្លាក់ចុះជាងក្លិបមួយចំនួន។
កូនបង្កើតឆ្នើមទាំង៤នាក់របស់លោក ម៉ាង ម៉ន ដណ្តើមបានខ្សែក្រវាត់ផ្សេងៗពីគ្នា គឺសុទ្ធតែធ្លាប់ឈ្នះខ្សែក្រវាត់ និងជើងឯក ដោយក្នុងនោះ ម៉ន លីហួរ ,ម៉ន សាម៉េត, ម៉ន វិរ័ត្ន និង រ៉េវ វិរៈ (ជាកូនច្បង)។
បន្ថែមលើនេះ លោកមានក្មួយៗជាអ្នកប្រដាល់ជាច្រើនទៀតផងដែរ ដូចជា ម៉ន គឹមឡុង, ម៉ន ភិរម្យ, ម៉ន រិទ្ធី, ម៉ន សំណាង, ម៉ន រដ្ឋា,ម៉ន ចាន់ដារ៉ា,ម៉ន ខួច, ម៉ន ព្រំម៉ាញ, ម៉ន វិរៈ និង ម៉ន បារាំង ជាដើម ប៉ុន្តែឈានមកដល់បច្ចុប្បន្នសល់តែ ម៉ន សាម៉េត និងម៉ន ព្រំម៉ាញ ដែលរក្សាបានលំដាប់ជួរមុខ នៅប្រកួតបានល្អ គឺក្រោយពេលបិទការប្រកួតថ្មីៗនេះ។
បុរសកម្ពស់ ១,៦០ ម៉ែត្រ មានចិត្តធំ សម្បុរខ្មៅ និងជាអ្នកនិយមចូលចិត្តការងារប្រដាល់ខ្លាំងបំផុត លោក ម៉ាង ម៉ន បានប្រាប់ថា៖ «ពីដើម ខ្ញុំជាក្មេងម្នាក់ មិនបានរៀនសូត្រ ឬចូលសាលារៀនទេ ដោយសារជីតារបស់ខ្ញុំ ជាគ្រូគុនម្នាក់ល្បីល្បាញ (អ្នកលេង) ហេតុនេះខ្ញុំបានដើរតាមគាត់ ហើយបានហាត់ប្រដាល់ និងបានឡើងប្រដាល់ម្តងម្កាលតាមភូមិ នៅពេលមានបុណ្យទានផ្សេងៗ គឺគ្មានសង្វៀនដូចបច្ចុប្បន្នទេ តែមានប្រកួតគ្នាជាធម្មតា»។
លោក ម៉ាង ម៉ន ដែលបានដឹកនាំកូនចៅ ព្រមទាំងក្មួយ ឲ្យចូលក្នុងគន្លងកីឡាទាំងអស់នោះ បន្តថា៖«កាលពីមុនឆ្នាំ១៩៩៦ ខ្ញុំមានមុខរបរជាអ្នកធ្វើស្រែប្រាំង និងជាអ្នកនេសាទ ដែលភាគ-ច្រើនមិនសូវស្គាល់ផ្សារ ឬទីក្រុងឡើយ ព្រោះពេលវេលាការរស់-នៅរបស់ខ្ញុំភាគច្រើននៅឯស្រែ និងបឹងប៉ុណ្ណោះ»។
«ប៉ុន្តែក្រោយពេលដែលប្រដាល់ចាប់ផ្តើមមានសកម្មភាពរីកចម្រើន ព្រមទាំងមានទីផ្សារប្រកួត និងមានការផ្សាយតាមកញ្ចក់ទូរទស្សន៍ ក្នុងឆ្នាំ ១៩៩៧ នោះ ខ្ញុំបានចាប់ផ្តើមប្រកបមុខរបរលែងចង់កើត ដោយភាគច្រើនបោះបង់ការងារ មកមើលប្រដាល់ និងបានព្យាយាមស្វែងរកអ្នកគាំទ្រ បង្កើតបានក្លិបប្រដាល់ជាលើកដំបូង ឈ្មោះថា ព្រែកឯងកីឡា តែក្រោយមកបន្ថែមឈ្មោះជាក្លិបទ័ពជើងគោកការរិយាល័យទី៥»។
លោកបញ្ជាក់ថា៖«នៅក្នុងឆ្នាំ១៩៩៩ ក្តីប្រាថ្នារបស់ខ្ញុំ បានសម្រេច បោះបង់ទាំងស្រុងពីការនេសាទ និងធ្វើស្រែ ដោយសារដីស្រែ និងបឹង ត្រូវបានគេចាក់លុបជាបណ្តើៗ ហើយការចូលប្រឡូកក្នុងសកម្មភាពប្រដាល់នេះ បានជួយជីវភាពឲ្យក្រុមគ្រួសាររបស់ខ្ញុំអាចរស់បាន ប៉ុន្តែការផ្អាកការប្រដាល់ដោយបញ្ហាជំងឺ ឆ្លងនេះ ធ្វើឲ្យគ្រួសារខ្ញុំ គ្មាន ចំណូលអ្វីទាល់តែសោះ ហេតុនេះខ្ញុំសុំដល់ថ្នាក់ដឹកនាំ និងសប្បុរសជន មេត្តាជួយផ្តល់ត្រឹមអង្ករ គ្រាន់បានហូប ចំណែកឯម្ហូបគឺអាចរកបានខ្លះ គឺក្នុងកីឡាករ ជាកូនក្មួយសរុប ១០ នាក់ ខ្ញុំអាចចាយសន្សំសំចៃត្រឹម ១០ ០០០រៀល ទៅ ២០ ០០០ រៀលក្នុង១ថ្ងៃបាន»។
បន្ថែមលើនេះ អ្នកស្រី សែន លៀងហ៊ីម ដែលជាប្រពន្ធ លោក ម៉ាង ម៉ន បានរៀបរាប់ថា៖ «កាលនៅប្រកួត យើងមានលុយខ្លះទ្រទ្រង់ គឺក្នុង១ថ្ងៃ ចំណាយសរុបលើអ្នកហាត់ចំនួន ១៥ នាក់ អស់ថ្លៃម្ហូបធម្មតា៦ម៉ឺនរៀល និងអង្ករ៥គីឡូក្រាម ប៉ុន្តែ ឥឡូវ១ថ្ងៃសុំបានតែ ១ ឬ ២ ម៉ឺនរៀល ក៏បានដែរ គឺឲ្យតែមានអង្ករដាំបាយសិនទៅ ព្រោះទាំងកូន និងក្មួយៗ សុទ្ធតែគ្មានមុខរបរអ្វីទេ»។
ដោយឡែក លោកឈិន ក្វាន់ចៃ គ្រូបង្វឹកក្លិបមកុដរាជសីហ៍ ដែលមានដើមកំណើត នៅខេត្តបាត់-ដំបង និងជាអ្នកបន្តមរតកកីឡាប្រដាល់ពីឪពុកគឺលោកតា ក្វាន់ នោះ បាននិយាយថា៖«ខ្ញុំធ្លាប់ជាអ្នកប្រដាល់ឆ្នើម! ខ្ញុំគ្មានចេះអក្សរអ្វីមួយតួ គឺសូម្បីតែសរសេរ ឬអានឈ្មោះខ្លួនឯងក៏មិនបានផង ប៉ុន្តែខ្ញុំត្រូវបានសហព័ន្ធ ចាត់ឲ្យធ្វើជាអ្នកកាន់ថេរវេលា (វាយជួង) ពេលប្រកួតដែលធ្វើឲ្យខ្ញុំ អាចទទួលបានកម្រៃខ្លះពីការបង្ហាត់សិស្សផង និងជាគណៈកម្មការផង ប៉ុន្តែពេលនេះ គេបិទប្រដាល់ គឺលំបាកណាស់»។
ឪពុកបង្កើតរបស់កីឡាករ ឈិន ក្វាន់ង៉ុយ រូបនេះ បានបញ្ជាក់ថា៖«ខ្ញុំធ្លាប់រត់ម៉ូតូឌុប តែពេលនេះ រត់ក៏គ្មានអ្នកជិះទៀតហេតុនេះគ្មានអ្វីទីពឹងទេ គឺស្នើសុំពីសប្បុរសជន ដើម្បីបានអង្ករហូប ព្រោះចាស់ហើយ មិនដឹងធ្វើអ្វីកើតទេ ហើយក៏មិនដឹងថា ពេលណាគេបើកការប្រកួតប្រដាល់វិញ។ អត់អ្វីហូបហើយ បន្ថែមគ្មានថ្លៃឈ្នូលផ្ទះទៀត ហើយពឹងលើរបររត់ម៉ូតូ ឥឡូវខ្សត់អ្នកជិះណាស់»។
គួរបញ្ជាក់ថា មន្ត្រីបច្ចេកទេសកីឡាប្រដាល់មួយចំនួន ដែលជាមន្ត្រីចូលនិវត្តន៍ពីក្របខ័ណ្ឌរដ្ឋនោះ មានប្រាក់ខែខ្លះ ប៉ុន្តែគ្រូប្រដាល់ជើងចាស់មួយចំនួន ដែលមានអាយុពីខ្ទង់៦០ ទៅ៧០ឆ្នាំគឺមានជីវភាពលំបាកសឹងតែរកបាយហូបមិនបាន ដែលនេះគឺជារឿងពិតក្នុងពេលបច្ចុប្បន្ន។
រីឯអតីតអ្នកប្រដាល់ឆ្នើមៗពីមុនៗដែលប្រកួតលែងកើត បានធ្លាក់ខ្លួនក្រីក្រលំបាកបំផុត ធ្វើឲ្យសហព័ន្ធប្រដាល់ផ្ទាល់ បានយឹតយោងមកធ្វើគណៈកម្មការខ្លះ តែពេលនេះបិទប្រដាល់ទៀត៕