ភ្នំពេញៈ ​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី លោក Tan Cheng Hoe ​បាន​​គិត​ទុក​ជា​មុន​ថា ​ក្រុម​ជម្រើសជាតិ​កម្ពុជា ​នឹង​ខំ​ប្រឹង​​លេង​ឲ្យ​បាន​១០០​ភាគ​រយ ដើម្បី​បង្ហាញ​ដល់​គ្រូ​បង្វឹក​ថ្មី Keisuke Honda សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​ចន្ទ​ស្អែក​​នេះ។

​លោក Tan Cheng Hoe បាន​និយាយ ក្នុង​សន្និសីទ​កាសែត នៅ​សណ្ឋាគារ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះថា៖​ «ក្រុម​កម្ពុជា និង​ម៉ាឡេស៊ី ធ្លាប់​បានជួប​គ្នាជា​ច្រើន​ដង​​មក​ហើយ ហើយ​យើង​ក៏​បាន​ដឹង​ដែរ​ថា រាល់​ការ​ប្រកួត​ទាំង​អស់​នោះ ពិតជា​មិន​ងាយ​ស្រួល ក្នុង​​យក​ឈ្នះ​​ក្រុម​កម្ពុជាទេ​។ ចំណែក​នៅ​ថ្ងៃ​ស្អែក (ថ្ងៃចន្ទ)​ យើង​ដឹង​ថា កម្ពុជា មាន​កីឡាករ ដែល​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​លេង ​ក្រោម​ការ​ដឹក​នាំ​​របស់​គ្រូ​បង្វឹក​ថ្មី។ អ៊ីចឹង​ពួក​គេ នឹង​ខំ​ប្រឹង​លេង​​ឲ្យ​អស់​ ១០០​ ភាគ​រយ ដើម្បី​បញ្ចេញ​សមត្ថ​ភាព បង្ហាញ​ដល់​គ្រូ​បង្គោល​ថ្មី​របស់​គាត់»។

ជាមួយ​គ្នា​នេះ លោក Tan Cheng Hoe នៅ​តែ​មាន​ការ​ចាប់​អារម្មណ៍​កីឡាករ​ទាំង ​៤ ​នាក់​របស់​កម្ពុជា ដែល​ធ្លាប់​ទៅ​លេង​នៅ​លីកកំពូល​ម៉ាឡេស៊ី។ លោក​បាន​និយាយ​ថា៖​ «ក្នុង​នាមជា​គ្រូ​បង្វឹក យើង​ត្រូវផ្តោតទៅ​លើក​គុណ​ភាព​កីឡា​ច្រើន​ជាង ដូចជា កែវ សុខផេង, ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្ថម និង ធារី ចន្ថាប៊ីន ដែលនៅ​តែ​បន្ត​លេងក្នុងលីកកំពូល​ម៉ាឡេស៊ី»។

លោក Tan Cheng Hoe ក៏​គិត​ថា ក្រុម​កម្ពុជា នឹង​មាន​​ទម្រង់​លេង​​ប្លែកខុស​ពី​មុន ក្រោម​ការ​ដឹក​នាំ​របស់ Keisuke Honda ផង​ដែរ។ លោក​បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​គិត​ថា ​ការ​លេង និងការ​រៀបចំ​របស់​ក្រុម​កម្ពុជា ប្រាកដ​ជា​ថ្មី និង​ខុស​ប្លែក​ពី​មុន ព្រោះ​ថា ​ពេលនេះ មាន​គ្រូ​បង្វឹក​ថ្មីមក​ដឹក​នាំ ហើយ​ការ​ប្រកួត​នៅ​ថ្ងៃស្អែក ក៏​នឹង​មានអ្នក​គាំ​ទ្រ​ចូល​រួម​ច្រើន​ផងដែរ ដែល​នឹង​ធ្វើ​ឲ្យការ​ប្រកួតនេះ កាន់តែ​មាន​ការ​ទាក់​ទាញ»​។

ចំណែក​កីឡាករជា​ប្រធាន​ក្រុម Muhammad Nazmi Faiz នៃ​​ក្រុមជម្រើសជាតិ​​ម៉ាឡេស៊ី ​បាន​និយាយ​ថា៖​«សម្រាប់​ការ​ជួប​ក្រុម​កម្ពជា លើក​នេះ យើង​ដឹងថា កម្ពុជា​មានកីឡាករ​ល្អមួយ​ចំនួន ប៉ុន្តែ​យើងនឹង​ព្យាយាមឲ្យ​អស់​ពី​សមត្ថ​ភាព ដើម្បី​យក​ឈ្នះ​ការ​ប្រកួតនេះ»៕