ភ្នំពេញៈ គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុបលោក សុក វាសនា បានចាត់ទុកការដណ្តើមបាន ៣ ពិន្ទុពីក្រុមខ្លាំង វិសាខា គឺជាជ័យជម្នះដ៏សំខាន់បំផុត ហើយលោកបានបួងសួង និងឧទ្ទិសការឈ្នះនេះជូនទៅដល់វិញ្ញាណក្ខន្ធលោកឪពុក និងប្អូនរបស់លោកផងដែរ។ ចំណែកលោក ស៊ុំ វណ្ណា បានចាត់ទុកជ័យជម្នះរបស់ក្រុមភ្នំពេញក្រោនលើកនេះថា បានកើតឡើងដោយការសហការគ្នាទាំងថ្នាក់ដឹកនាំ បុគ្គលិក ពិសេសគុណភាពលេងរបស់ក្រុមកីឡាករទាំងអស់គ្នា។
សម្រាប់ការប្រកួតនៅលើទឹកដីខ្លួនឯងគឺកីឡដ្ឋានវិសាខាកាលពីយប់ថ្ងៃអាទិត្យកន្លងមកនេះ ក្រុមវិសាខាគួរណាស់តែអាចទទួលបានជោគជ័យយ៉ាងធំធេងមួយ ខណៈខ្សែប្រយុទ្ធ អ៊ិន សូដាវីដ បានរកឃើញគ្រាប់បាល់នាំមុខតាំងពីនាទីទី ៨ នោះ ប៉ុន្តែរឿងដែលគិតដល់បែរជាបានកើតមានឡើង និងបានបំផ្លាញក្តីសង្ឃឹមរបស់វិសាខា នៅខណៈកីឡាករ Abdel Kader បានវាយបកតាមស្មើវិញនៅនាទីទី ១០ ហើយបានបន្ថែម ២ គ្រាប់ទៀតដោយខ្សែប្រយុទ្ធ Ajayi Opeyeni Korrde នៅនាទីទី ៧៥ និងនាទី ៩០ នោះ។
ការឈ្នះក្នុងលទ្ធផល ៣-១ ជាមួយនឹងស្ថានភាពប្រកួតយ៉ាងតានតឹងនេះ បានធ្វើឲ្យលោក សុក វាសនា មានការសប្បាយចិត្តយ៉ាងខ្លាំង និងបានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកក្រោយការប្រកួតថា៖ «៣ ពិន្ទុ (3 point) នេះខ្ញុំបាទសូមបួងសួងឲ្យដល់លោកឪពុក និងប្អូនដែលទទួលអនិច្ចកម្មក្នុងឱកាសទិវាលោកឪពុក និងអរគុណបងប្អូនដែលជួយគាំទ្រក្រុមរបស់យើង AEU ស៊ូស៊ូ»។
ផ្ទុយពីនេះក្រុមឈរនៅតំបន់កំពូលតារាងទាំង ៤ មានព្រះខ័នរាជស្វាយរៀង ណាហ្គាវើល ក្រុមអង្គរថាយហ្គឺរ និងបឹងកេតសុទ្ធតែទទួលបាន ៣ ពិន្ទុបន្ថែម ដោយក្នុងនោះខ្សែប្រយុទ្ធ Privat និង ប្រាក់ មុន្នីឧត្តម បានរួមគ្នាជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀងយកឈ្នះក្រុមម្ចាស់ផ្ទះ ក្រសួងការពារជាតិ ២-១ ដើម្បីបន្តឈរនៅលើកំពូលតារាងដោយមាន ២៩ ពិន្ទុ ហើយក្រុមណាហ្គាវើលបានយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៣-០ ដើម្បីបន្តឈរនៅលេខ ២ មាន ២៧ ពិន្ទុ។
ចំណែកខ្សែប្រយុទ្ធ Ramos Alexis Damian និង Timothy រកបានម្នាក់ ១ គ្រាប់ ដើម្បីជួយឲ្យក្រុមអង្គរថាយហ្គឺរយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-០ នៅលើទឹកដីខ្លួនឯងក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់យ៉ាងច្រើនកុះករ និងបានបន្តឈរនៅលេខ ៣ មាន ២៤ ពិន្ទុគឺលើសក្រុមបឹងកេតដែលបានយកឈ្នះក្រុមប៉ូលិស ២-១ ចំនួន ១ ពិន្ទុដដែល។
ជាមួយគ្នានេះក្រុមភ្នំពេញក្រោនបានលត់ក្រុមអគ្គិសនីកម្ពុជារហូតដល់ ៥-០ ស្របពេលក្រុមខេត្តកំពង់ចាមបានបន្តចាញ់ក្រុមសូលទីឡូអង្គរ ៦-០។ ជ័យជម្នះនេះបានធ្វើឲ្យលោក ស៊ុំ វណ្ណា ដែលបានចូលមកដឹកនាំភ្នំពេញក្រោនជំនួសគ្រូបង្គោលជនជាតិប្រេស៊ីល Leonard Vitorino នោះមានការសប្បាយចិត្តយ៉ាងខ្លាំង ហើយការចាត់ទុកការឈ្នះនេះ វាបានកើតឡើងដោយការសហការគ្នារួមគ្នា។
គ្រូបង្វឹកវ័យ ៣៨ ឆ្នាំលោក ស៊ុំ វណ្ណា បាននិយាយក្រោយការប្រកួតថា៖ «ជាដំបូងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិក និងជាពិសេសទៅដល់ក្រុមកីឡាកររបស់យើង ព្រោះអ្វីដែលយើងឃើញនៅថ្ងៃនេះគឺវាបានបង្ហាញអំពីគុណភាព និងការគ្រប់គ្រងបាល់របស់ក្រុមកីឡាករដោយផ្តោតលើតំបន់ប្រយុទ្ធ ។ ខ្ញុំមានជំនឿចិត្តខ្លាំងទៅលើកីឡាករក្មេងៗរបស់យើងដែលព្យាយាមអភិវឌ្ឍខ្លួន ដើម្បីទទួលបានលទ្ធផលល្អនៅថ្ងៃនេះ»។
តាមរយៈការឈ្នះបាន ៣ ពិន្ទុបន្ថែមសម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី ១១ នេះបានជួយឲ្យក្រុមភ្នំពេញក្រោនរំកិលឡើងមកឈរនៅលេខ ៦ លើក្រុមទ័ពវិញម្តងដោយមាន ១៨ ពិន្ទុលើស ១ ពិន្ទុ ហើយក្រុមអាស៊ីអឺរ៉ុបឈរនៅលេខ ៨ មាន ១៦ ពិន្ទុតាមពីក្រោយដោយក្រុមសូលទីឡូអង្គរមាន ១៥ ពិន្ទុ ក្រុមប៉ូលិសមាន ១០ ពិន្ទុ ក្រុមអគ្គិសនីកម្ពុជាមាន ១០ ពិន្ទុ ក្រុមគិរីវង់ មាន ៩ ពិន្ទុ ខណៈក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី និងក្រុមខេត្តកំពង់ចាមមាន ៣ ពិន្ទុដូចគ្នា៕