ភ្នំពេញ: ចាន់ រតនា អ្នកលេង​កីឡា​ប្រយុទ្ធ​ច្រើន​ប្រភេទ (MMA) ដែល​ខក​ខាន​មិន​បាន​ប្រកួត​ជិត ១ ឆ្នាំ​នោះ នឹង​ចេញ​បង្ហាញ​ខ្លួន​ជា​ថ្មី​នៅ​លើ​សង្វៀន​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ដើម​ខែ និង​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៨ ក្នុង​ព្រឹត្តិការណ៍​របស់ ONE Championship (ONE) នៅ​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​កីឡាករ​ឥណ្ឌូនេស៊ី Abro Fernandes។

បន្ថែម​ពីលើ​នេះ ចាន់ រតនា ក៏មាន​ឈ្មោះ​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ខួប ២០ ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នា​ថ្ងៃ​ទី ២៨ ដល់​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៨ នៅ​ឯ​ពហុ​កីឡដ្ឋាន​មរតក​តេជោ ផង​ដែរ។ ចាន់ រតនា និង​កីឡាករ​ឥណ្ឌូនេស៊ី Abro Fernandes តាម​គម្រោង​ត្រូវ​បាន​ណាត់​ជួប​ប្រកួត​គ្នា​កាល​ពី​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ កន្លង​ទៅ​នៅ​សិង្ហបុរី ប៉ុន្តែ​ដោយសារ​ដៃគូ​មាន​បញ្ហា​ក៏ត្រូវ​បាន​ពន្យារ ដោយ​លើក​ពេល​ទៅ​ប្រកួត​ថ្ងៃ​ទី ៧ ខែ​ធ្នូ ឆ្នាំ ២០១៨ វិញ។

សម្រាប់​ចាន់ រតនា ទោះជា​ការពន្យារពេល ឬ​ខកខាន​ការប្រកួត​ជិត​មួយឆ្នាំ​ក៏ដោយ ប៉ុន្តែ រូបគេ​មិន​ដែល​ឃ្លាត​ពី​ការ​ហ្វឹក​ហាត់​ម្តង​ណា​ឡើយ ពោល​គឺ​ក្រៅពី​ហ្វឹកហាត់​ខ្លួន​ឯង ចាន់ រតនា គឺជា​គ្រូបង្វឹក​គុន​ខ្មែរ​ក្លិប​សិល្បៈ ដែល​មាន​កូន​សិស្ស​ជា​ជន​បរទេស​ច្រើន។

ក្នុង​វ័យ ៣២ ឆ្នាំ រូបគេ​ធ្លាប់​ឆ្លងកាត់​បទពិសោធ​ច្រើន​ផ្នែក​កីឡា​ប្រយុទ្ធ​មាន​ហាប់​គី​ដូ តេក្វាន់ដូ និង​វ៉ូវីណាម ហើយ​គេ​ក៏​ធ្លាប់​បាន​សាង​ឈ្មោះ​ល្បី​ក្នុង​សង្វៀន​របស់ ONE ចាប់​តាំង​ពី​ឆ្នាំ ២០១៣ មក​ទល់​បច្ចុប្បន្ន​ផង​ដែរ។

ចាន់ រតនា បាន​និយាយថា៖ «សម្រាប់​ការប្រកួត​របស់ខ្ញុំ​នៅ​ខែធ្នូ​នេះ មាន ២ ប្រកួត​ធំៗ​ដែល​ខ្ញុំ​កំពុង​ហ្វឹកហាត់​ត្រៀម​ឲ្យ​បាន​ល្អ​ដើម្បី​បង្ហាញ​អ្វី​ដែល​ថ្មី​ក្នុង​កម្មវិធី​ប្រកួត​លំដាប់​អន្តរជាតិ​របស់ ONE Championship នា​ថ្ងៃ​ទី ៧ ខែ​ធ្នូ ឆ្នាំ ២០១៨ ខាង​មុខ ដែល​ជា​កម្មវិធី​ប្រកួត​មួយ ខ្ញុំ​បាន​ចុះ​កិច្ច​សន្យា​យូរ​មក​ហើយ»។

ចាន់ រតនា បាន​បន្ត​ឲ្យ​ដឹងថា៖ «បន្ទាប់ពី​ការប្រកួត​លំដាប់​អន្តរជាតិ​រួចមក ខ្ញុំ​ត្រូវ​ប្រកួត​មួយ​លើក​ទៀត​ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​ជា​ប្រដាល់​គុន​ខ្មែរ​ជាមួយ​កីឡាករ​ថៃ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​បុណ្យ​ឆ្លង​វិមាន​ឈ្នះ​ឈ្នះ​ខួប​ទី ២០ នៃ​ការ​បញ្ចប់​សង្គ្រាម នា​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ ២០១៨ នៅ​ស្តាត​មរតក​តេជោ រាជធានី​ភ្នំពេញ ដែល​មាន​ការ​ប្រកួត​រយៈ​ពេល ៤ ថ្ងៃ»។

កីឡាករ​រូបនេះ​បាន​បន្ថែមថា៖ «ខ្ញុំ​មាន​ដៃគូ​បង្វឹក​ជា​ជនជាតិ​ស្បែក​ខ្មៅ​ចេះ​ខ្មែរ គឺ​លោក Emmanuel Onyedikachi ជា​គ្រូបង្វឹក​ផ្ទាល់ កំពុង​ជួយ​ត្រៀម​ស្នៀត​ពិសេសៗ​បន្ថែម​ទៅ​លើ​សមត្ថភាព និង​ភាព​ខ្លាំង​របស់​ខ្ញុំ​ថែម​ទៀត»។

ចាប់តាំងពី​ប្រឡូក​ក្នុង​វិស័យ​ក្បាច់គុន​ខ្មែរ​មក រតនា បង្ហាញ​ពី​ជំនឿ និង​មោទនភាព​របស់​ក្បាច់​គុន​ខ្មែរ ដែល​មាន​ប្រវត្តិ​យូរ​លង់​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ។

រូបគេ​ជឿជាក់ថា ការចូល​ប្រកួត​ក្នុង​ទ្រុង​ជាមួយ Fernandes នៅ​ខែធ្នូ សប្តាហ៍​ក្រោយនេះ នឹង​ក្លាយ​ជា​កំណត់ត្រា​មួយ​ទៀត​ក្នុង​ប្រវត្តិ​របស់​ខ្លួន។

ចាន់ រតនា បាន​បញ្ជាក់ថា៖ «សម្រាប់​ការប្រកួត​ជាមួយ Abro Fernandes ក្នុង ONE ខ្ញុំ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ដណ្តើម​យក​ឈ្នះ ពីព្រោះ​បាន​ហ្វឹក​ហាត់​គ្រប់​គ្រាន់ ចំណែក​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ប្រដាល់​គុន​ខ្មែរ​នៅ​ចុង​ខែ​ធ្នូ ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា យ៉ាង​ណា​ទេ ពីព្រោះ​កីឡាករ​ថៃ​ភាគ​ច្រើន​ខ្លាំង​ហើយ​ក៏​មិន​ទាន់​បាន​ដឹង​ពី​សមាស​ភាព​ដែរ»៕