ក្រុង​បាងកកៈ ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ចាន់ រតនា ​បាន​សារភាព​ថា រូប​គេ​ពិត​ជា​ចង់​វ៉ៃ​អ្នក​ជំនាញ​ចំបាប់ Gustavo “Gladiador Balart” ឲ្យ​សន្លប់ ក្នុង​ទឹក​ទី​៣ ប៉ុន្តែ​កីឡាករ​គុយបា​រូប​នេះ ពិត​ជា​មាន​ការ​ស៊ូ និង​ធន់​ខ្លាំង​ណាស់ ហើយ​រូប​គេ​ក៏​ប៊ិះ​តែ​នឹង​មាន​បញ្ហា​ក្រោម​កណ្តាប់​ដៃ របស់ Balart ផង​ដែរ។

ចាន់ រតនា បាន​និយាយ​ថា៖ ​«បើ​ក្រៅ​ពី Balart គឺ​គេ​នឹង​សន្លប់​ក្រោម​កណ្តាប់​ដៃ កែង និង​ការ​ទាត់​របស់​ខ្ញុំ ជា​មិន​ខាន ព្រោះ​នៅ​ទឹក​ទី​៣ ខ្ញុំ​បាន​វ៉ៃ​ចូល​គាត់​យ៉ាង​ច្រើន ប៉ុន្តែ​កីឡាករ​របស់​គុយបា​រូប​នេះ មាន​ការ​ស៊ូ​ខ្លាំង​ណាស់ គឺ​គាត់​សុខ​ចិត្ត​ឈរ​ទ្រាំ​ការ​វ៉ៃ​របស់​យើង ដូច​ជា​មនុស្ស​ស្រវឹង តែ​មិន​ព្រម​ដួល​នោះ​ទេ»។

កីឡាករ​មាន​ជំនាញ​ចម្រុះ ចាន់ រតនា បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​ «ខ្ញុំ​ពិត​ជា​ចង់​វ៉ៃ​ឲ្យ​គាត់​សន្លប់​ណាស់! ខ្ញុំ​ខំ​​​ចូល​​វាយ​កែង បុក​ជង្គង់ ទាត់ និង​ម៉ាត់ គឺ​ខ្ញុំ​វ៉ៃ​ត្រូវ​ច្រើន​ តែ​គាត់​មិន​ព្រម​ដួល​​។ ខ្ញុំ​គិត​ថា​ ដៃ​គូ​មុនៗ វ៉ៃ​ត្រូវ​ក្រោម​នេះ ក៏​ដួល​ដែរ ប៉ុន្តែ Balart សុខ​ចិត្ត​ឈរ​ឲ្យ​យើង​វ៉ៃ មិន​ព្រម​ដួល​ឡើយ គឺ​​ខ្ញុំ​សូម​សរសើរ​ពី​ទឹក​ចិត្ត​របស់​គាត់​មែន​ទែន ហើយ​គាត់​ជា​គូ​ប្រកួត​ដែល​មាន​ភាព​រឹងមាំ មាន​កម្លាំង​ខ្លាំង និង​ស៊ូខ្លាំង​បំផុត ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ជួប​ពី​មុន​មក​នោះ​ទេ»។

ការ​ជួប​គ្នា​​រវាង ចាន់ រតនា និង Balart ក្នុង​ព្រឹត្តិ​ការណ៍ ONE: DREAMS OF GOLD នៅ​ទីក្រុង​បាងកក ប្រទេស ​ថៃ កាល​ពី​យប់​​ថ្ងៃ​ទី ​១៦ ខែ ​សីហា នោះ គឺ​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​បំផុត នៅ​ពេល​កីឡាករ​មាន​កម្ពស់​ទាប​ត្រឹម ១,៥០ ម៉ែត្រ Balart បាន​ចាប់​លើក និង​បោក​ផ្តួល ចាន់ រតនា ​​យ៉ាង​ផុយ​នោះ ហើយ​ការ​មាន​ប្រៀប​ខ្លាំង​ទៅ​លើ​ការ​ចាប់​បោក និង​គាប​សង្កត់​ពី​លើ ពិសេស​នៅ​ទឹក​ទី​១ និង​ទឹក​ទី​២ ​នេះ បាន​ធ្វើ​ឲ្យ Balart បាន​បង្ហាញ​ការ​ខក​ចិត្ត​ខ្លាំង នៅ​ពេល​ចៅ​ក្រម​ទាំង ​៣ ​នេះ បាន​សម្រេច​ផ្តល់​ជ័យ​ជម្នះ​ឲ្យ ចាន់ រតនា ឈ្នះ​ជា​ឯកច្ឆន្ទ​។

ទាក់ទង​ទៅ​នឹង​ការ​ចាញ់​មិន​អស់​ចិត្ត​របស់ Balart នេះ ចាន់ រតនា បាន​ពន្យល់​ថា៖ ​«​មក​ពី​គាត់​គិត​ថា គាត់​បាន​ផ្តួល​ខ្ញុំ និង​នៅ​ពី​លើ​ខ្ញុំ​បាន​ច្រើន ទើប​គាត់​ចាញ់​មិន​អស់​ចិត្ត​បែប​នេះ។ ផ្ទុយ​ទៅ​វិញ គាត់​នៅ​ពី​លើ​ខ្ញុំ​មែន តែ​គាត់​ធ្វើ​អី​យើង​អត់​កើត អ៊ីចឹង​គាត់​មិន​​បាន​ពិន្ទុ​ទេ។ បើ​យើង​ប្រឹង​ដោះ​រួច​ហើយ តែ​មិន​ខំ​ប្រឹង​ចូល​វ៉ៃ​គាត់ ក៏​យើង​មិន​ឈ្នះ​គាត់​ដែរ ប៉ុន្តែ​​ក្រោយ​​ពេល​ព្យាយាម​ងើប​រួច ខ្ញុំ​ព្យាយាម​​ចូល​វ៉ៃ​ចំ​គោលដៅ​បាន​ច្រើន ពិសេស​​នៅ​ទឹក​ទី៣​ គឺ​​ខ្ញុំ​បាន​វ៉ៃ​គាត់​ចូល​យ៉ាង​ច្រើន​មែនទែន សឹង​តែ​សន្លប់​ឈរ​ទៅ​ហើយ គ្រាន់​តែ​គាត់​មិន​ព្រម​ដួល»។

យ៉ាង​ណា​ក៏​ដោយ ចាន់ រតនា បាន​សារភាព​ថា រូប​គេ​ត្រូវ​បាន Balart វ៉ៃ​ត្រូវ​ឡើង​សឺ មើល​មនុស្ស​បែក​ជា ​៣។ រតនា និយាយ​ថា៖​ «​​នៅ​ទឹក​ទី​២ គាត់​បាន​វ៉ៃ​ត្រូវ​​​ភ្នែក​ឆ្វេង​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​​មើល​គាត់​ឃើញ​បែក​ជា ៣ ឯណោះ ប៉ុន្តែ​ខ្ញុំ​ខំ​សម្រួល​អារម្មណ៍​បាន​ល្អ​វិញ ហើយ​ខ្ញុំ​ក៏​គ្មាន​ភាព​តក់ស្លុត​នោះ​ដែរ ព្រោះ​ខ្ញុំ​គិត​ថា គាត់​មិន​អាច​ធ្វើ​អ្វី​ខ្ញុំ​បាន​នោះ​ទេ»។

ជាមួយ​គ្នា​នេះ ការ​ទទួល​បាន​ជ័យ​ជម្នះ​លើ​អ្នក​ជំនាញ​ពូកែ​ខាង​​ចាប់​ក្លេ Balart ​ត្រូវ​បាន ចាន់ រតនា គិត​ថា ជា​មេរៀន​ដ៏​សំខាន់ ដែល​បាន​ធ្វើ​ឲ្យ​រូប​គេ​ដឹង​កាន់​តែ​ច្បាស់​ពី​ខ្លួន​ឯង។ ​«ជ័យ​ជម្នះ​នេះ វា​សំខាន់ ហើយ​គាត់​ជា​ដៃ​គូ ដែល​មាន​ការ​ពិបាក​យក​ឈ្នះ​ជាង​គូ ​២ នាក់​មុន​ទៅ​ទៀត»។

ចាន់ រតនា បាន​បញ្ជាក់​ថា៖ ​«ការ​ជួប​អ្នក​ចំបាប់​រូប​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ថា ​យើង​នៅ​ខ្សោយ​អី ត្រូវ​បន្ថែម​អ្វី​ទៀត និង​ត្រូវ​ហាត់​កម្លាំង​បែប​ណា ពេល​យើង ជួប​អ្នក​ជំនាញ​ខាង​ក្លេ ហើយ​ជ័យជម្នះ​​លើក​នេះ វា​ជា​ជំហាន​មួយ​កម្រិត​ទៀត ដែល​អាច​ជួយ​ឲ្យ​ខ្ញុំ​ឈាន​ទៅ​រក​ការ​សម្រេច​គោល​បំណង​របស់​ខ្ញុំ គឺ​ការ​ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ ONE ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​បង្កើន​សមត្ថភាព​ឲ្យ​បាន​ទ្វេដង​ជាង​នេះ​ទៀត ព្រោះ​ការ​ប្រកួត​ក្រោយៗ ខ្ញុំ​នឹង​ត្រូវ​ជួប​អ្នក​ដែល​ខ្លាំង​ជាង Balart ទៅ​ទៀត»៕