ភ្នំពេញៈ កីឡាករ​វ័យក្មេង​មកពី​ខេត្ត​បន្ទាយមានជ័យ ចិត្ត សុភី បាន​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​គោជល់​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម បន្ទាប់ពី​រូបគេ​បាន​យក​ឈ្នះ រឿង សារិទ្ធ របស់​ក្លិប​មកុដ​រាជសីហ៍​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅលើ​សង្វៀន CNC កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ជើង​ខ្លាំង រឿង សោភ័ណ្ឌ បាន​ជួប​ការបរាជ័យ​ក្រោម​ស្នាដៃ​ថៃ Ship Meurn ទាំង​មិន​អស់​ចិត្ត​។

កីឡាករ ចិត្ត សុភី ដែល​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​គុន​ខ្មែរ​ផង​នោះ​បាន​ឈ្នះ រឿង សារិទ្ធ ដោយ​ពិន្ទុ ហើយ​ក្នុង​ការប្រកួត​យ៉ាង​ស្វិតស្វាញ​គ្នា​ ៥ ​ទឹក​ពេញ​នោះ​គឺ​គ្មាន​ភាពចម្រូងចម្រាស​អ្វី​ឡើយ ដោយសារ​ពួកគេ​មាន​ក្រមសីលធម៌​ល្អ​ក្នុង​ការប្រកួត​គ្នា​។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ ចិត្ត សុភី ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ទាំង​វ័យក្មេង​អម​ដោយ​ទឹកប្រាក់​ចំនួន​ ១៤ ​លាន​រៀល ឯ រឿង សារិទ្ធ បាន​ ៦ ​លាន​រៀល​ផង​ដែរ​។

ចិត្ត សុភី បាន​និយាយ​ទាំង​រំភើប​ថា​៖ «​ខ្ញុំ​មិន​នឹកស្មាន​ថា ឈ្នះ​បាន​ខ្សែក្រវាត់​នេះ​ទេ ព្រោះ​ខ្ញុំ​ភ័យ​ពេក និង​អស់​កម្លាំង​រលីង​»​។ ចំណែក រឿង សារិទ្ធ បាន​និយាយ​ថា​៖ «​ខ្ញុំ​ចាញ់​ដោយ​អស់​ចិត្ត ព្រោះ​គេ​វាយ​បាន​ពិន្ទុ​ច្រើន​ជាង​ខ្ញុំ ហើយ​ការ​វាយ​សម្រុក​ខ្លាំង​របស់​ខ្ញុំ​មាន​បំណង​ចង់​ចូល​ទៅ​វ៉ៃ​ឲ្យ​គេ​សន្លប់​តែម្តង តែ​គេ​រឹង​ដែរ​បាន​ត្រឹម​វង្វេងវង្វាន់​ប៉ុណ្ណោះ​»​។

ដោយឡែក​គូ​មិត្តភាព​អន្តរជាតិ​វិញ ជើងខ្លាំង រឿង សោភ័ណ្ឌ បាន​ចាញ់​ជើងខ្លាំង​ថៃ Ship Meurn ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ និង​មិន​អស់ចិត្ត បន្ទាប់ពី​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ចំនួន​​ ៥ ​ទឹក​ពេញ ខណៈ​ដែល​រយៈពេល​ ២ ​ឆ្នាំ​នៅ​សង្វៀន CNC នេះ​គេ​ទើប​តែ​ចាញ់​ម្តង​នេះ​គត់​។

រឿង សោភ័ណ្ឌ បាន​ចាត់ទុក​ជំនួប​នេះ​ជា​ការប្រកួត​ដែល​មាន​ការលំបាក​ខ្លាំង ដោយសារ​ថៃ Ship Meurn មាន​កម្ពស់​ខ្ពស់ វ៉ៃ​ដកថយ និង​រត់​ព្រម​ទាំង​ឈរ​ក្នុង​លំដាប់​ចាំ​យក​ឈ្នះ​ច្រើន​ជាង​ការ​វ៉ៃ​សម្រុក​ហើយ​ការ​ចាញ់​នេះ គឺ​អាស្រ័យ​លើ​ចៅក្រម គឺ​មិនមែន​កីឡាករ​ទេ ព្រោះ Ship Meurn វាយ​តិចតួច ដកថយ​រង់ចាំ​ឈ្នះ​តែ​ម្តង​ដូចជា​ស្រួល​ពេក​។

អ្នក​លេង​កណ្តាប់ដៃ​ឆ្វេង រឿង សោភ័ណ្ឌ បាន​និយាយ​ថា​៖ «​រយៈពេល​ជិត​ ៣ ​ឆ្នាំ​នេះ​ខ្ញុំ​ប្រកួត​ទទួល​បាន​លទ្ធផល​ឈ្នះ​ជានិច្ច ប៉ុន្តែ​ការប្រកួត​ ២ ​លើក​ក្នុង​ខែ​នេះ ខ្ញុំ​បាន​ជួប​សុទ្ធ​តែ​កីឡាករ​ថៃ​លំដាប់​ខ្លាំងៗ​មាន​កម្ពស់​ខ្ពស់​គឺ​ ១ នៅ​សង្វៀន SEATV កាលពី​ថ្ងៃ​ទី​ ៩ និង​លើក​នេះ​ធ្វើឲ្យ​ខ្ញុំ​ចាញ់​ត្រឹម​ពិន្ទុ​ប្រផិតប្រផើយ​ ២ ​ទល់​ ៣ ​ពី​សំណាក់​ចៅក្រម​ទាំង​ ៥ ​ដូច​គ្នា​។

កីឡាករ​កំពុង​មាន​ទីផ្សារ​ប្រកួត​ខ្លាំង​រូបនេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គ្មាន​ប្រតិកម្ម​ទេ ព្រោះ​គ្រូ​ប្រាប់​ថា​ចាញ់​ឈ្នះ ខ្ញុំ​ជា​កីឡាករ​មិន​អាច​សុំ​តវ៉ា​បាន​ទេ ត្រូវតែ​ទទួល​យក​លទ្ធផល​ពី​សំណាក់​ចៅក្រម និង​គណៈកម្មការ​រៀបចំ​ប្រកួត ហើយ​បើ​មិន​ពេញចិត្ត​សង្វៀន​ណា​ឈប់​ប្រកួត​ទៅ​គ្មាន​នរណា​បង្ខំ​ទេ​»​។

រឿង សោភ័ណ្ឌ បាន​បញ្ជាក់​ថា​៖ «​សម្រាប់​កីឡាករ​ថៃ​ដែល​ខ្ញុំ​ប្រកួត​ចាញ់​ចំនួន​ ២ ​នាក់​មាន អាវវ៉ាតាន និង ស៊ឹបម៉ឺន នេះ​ហើយ​ខ្ញុំ​សុំ​សងសឹក​ឡើង​វិញ​ទោះ​ជា​នៅ​សង្វៀន​ណា​ក៏​បាន​ ប៉ុន្តែ​សុំ​តម្លៃ​ខ្លួន​ប្រកួត​ឡើង​បន្តិច​ផង ព្រោះ​ការងារ​ធ្ងន់​ណាស់​»៕