ភ្នំពេញៈ ចៅក្រម​កីឡា​ប្រដាល់​គុន​ខ្មែរ​ចំនួន​ ៣ ​នាក់​មាន​លោក ឡុង សាលវ័ន្ត លោក​ រាម កុសល លោក ម៉ង់ ស៊ីថង ត្រូវ​បាន​ក្រុមប្រឹក្សា​បច្ចេកទេស​,​ក្រុមប្រឹក្សាវិន័យ និង​ប្រធាន​សហព័ន្ធ​ប្រដាល់​កីឡា​គុន​ខ្មែរ​សម្រេច​ជា​ផ្លូវការ​ដាក់ពិន័យ​ចំនួន​ ៦ ​សប្តាហ៍​ដោយ​ផ្អាក ឬ​ព្យួរ​ការងារ​ជា​បណ្តោះអាសន្ន ដើម្បី​ឲ្យ​ទទួល​កំហុស និង​ខិតខំ​រៀនសូត្រ​ស្វែងយល់​ពី​ច្បាប់ និង​លក្ខន្តិកៈ​ឡើងវិញ​បន្ថែម​ទៀត ប៉ុន្តែ​ការពិន័យ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​លក្ខណៈ​ស្រាល​ពេក គឺ​ដូច​អង្គុយចាំ​ស៊ីប្រាក់​របៀប​ការងារ ស្រួល​ជាង​អ្នក​មិន​ជាប់​ពិន័យ​ទៅទៀត​។

ការឈាន​ដល់​ការដាក់​ពិន័យ​នេះ បន្ទាប់ពី​ចៅក្រម​ទាំង​ ៣ ​ខាង​លើ​ដាក់​ពិន្ទុ​ខុសពី​ការពិត គឺ​ឲ្យ​កីឡាករ ឃីម បូរ៉ា ចាញ់​ថៃ Tuon Pe ក្នុង​ការប្រកួត​ដណ្តើម​ប្រាក់​លាន​នៅ​លើ​សង្វៀន CNC កាលពី​ថ្ងៃ​សៅរ៍​ដែល​នាំ​ឲ្យ​មាន​ផ្ទុះ​កំហឹង​ពី​មហាជន និង​មាន​ការប្តឹង​តវ៉ា​ពី​សាមី​ខ្លួន​ជា​កីឡាករ និង​តំណាង​ក្លិប​គឺ​លោក ហេង ប៊ុនឃីម ផង​ដែរ​។

នៅក្នុង​កិច្ចប្រជុំ​បិទ​ទ្វារ​កាលពី​ថ្ងៃ​ ១៦ ខែ​មិថុនា នៅ​ CNC ដែល​មាន​តំណាង​ខាង​អ្នកគ្រប់គ្រង​ប្រដាល់​របស់ CNC និង​មន្ត្រី​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​ចំនួន​ ១១ ​នាក់​នោះ​គឺ​បាន​ពិនិត្យ​វាយតម្លៃ​ការដាក់​ពិន្ទុ​របស់​ចៅក្រម​ទាំង​ ៣ ​ខាង​លើ ដោយ​មាន​ភាព​មិនប្រក្រតី និង​មាន​ភាព​លម្អៀង​ដែល​ផ្ទុយ​ពី​វិជ្ជាជីវៈ​នាំ​ឲ្យ​មាន​ការរិះគន់​ប្តឹង​តវ៉ា ហើយ​ធ្វើឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ អាប់ឱន និង​ខាង​ CNC មិន​សប្បាយ​ចិត្ត​។

ក្រោយ​ការពិនិត្យ​វាយតម្លៃ​នោះ​ប្រធាន​ក្រុមប្រឹក្សាវិន័យ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ប្រធាន​ក្រុមប្រឹក្សា​បច្ចេកទេស​លោក ឆឹង យ៉ៅយ៉េន និង​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន បាន​ចេញ​លិខិត​រៀងៗ​ខ្លួន​ពិន័យ​ចៅក្រម​ ៣ ​នាក់​ខាង​លើ​ដោយ​ផ្អាក​ការងារ​ត្រឹម​ ៦ ​សប្តាហ៍​ប៉ុណ្ណោះ​។ ការដាក់​ពិន័យ​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា ស្រាល​ពេក​ព្រោះ​ផ្អាក​ការងារ​រយៈពេល​ខ្លី ប៉ុន្តែ​នៅ​ទទួល​បាន​របប​តម្លៃ​ខ្លួន​ដដែល​។

លោក សាន សៅយ៉ាន់ គ្រូបង្វឹក សុខ ធី ដែល​ធ្លាប់​ទទួល​ពិន័យ​ជុំវិញ​ការតវ៉ា​កាត់​សេចក្តី​មិន​យុត្តិធម៌​នៅ​សង្វៀន CNC នេះ​ដែរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ការដាក់​ពិន័យ​នេះ​វា​ស្រាល​ណាស់ គឺ​ត្រឹម​ ៦ ​សប្តាហ៍ ចំណែក​រូបខ្ញុំ និង​សុខ ធី កន្លង​មក​មាន​កំហុស​អចេតនា​សោះ រឿង​សុំ​យុត្តិធម៌ តែ​ត្រូវ​បាន​គេ​ដាក់​ពិន័យ​ពួក​ខ្ញុំ​រហូត​ដល់​ ៦ ​ខែ​ឯណោះ​»​។

ចំណែក​លោក វ៉ា ស៊ិនភីរម្យ បាន​ថ្លែង​ថា​៖ «​សុំ​ចិត្ត​ចៅក្រម​អាជ្ញាកណ្តាល​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន និង​អនុវត្ត​ការងារ​ឲ្យ​បាន​ល្អ ព្រោះ​យើង​ត្រូវការ​ស្អាតស្អំ និង​ឈប់​យោគយល់​ទៀត​ហើយ​គឺ​អ្នក​ធ្វើ​ខុស​ត្រូវ​ទទួល​ពិន័យ​។ ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​គឺ​ចាប់ផ្តើម​អនុវត្ត​ជា​គោលការណ៍​តាម​ការដឹកនាំ​របស់ NOCC និង​ក្រសួង​អប់រំ ហើយ​ខ្ញុំ​នឹង​ស្នើ​ទៅ​ប្រធាន ដើម្បី​ពិនិត្យ​មើល​រាល់​កំហុស​ចៅក្រម​អាជ្ញាកណ្តាល​ដែល​មិន​ប្រក្រតី​ទោះ​ជា​គ្មាន​ពាក្យបណ្តឹង ឬ​តវ៉ា​ពី​ភាគី​ណា​ក៏ដោយ ក៏​ត្រូវ​តែ​ដាក់​ពិន័យ​ឲ្យ​ហ្មត់ចត់​ត្រឹមត្រូវ គ្មាន​យោគយល់​ទៀត​ទេ​»​។

លោក ឆឹង យ៉ៅយ៉េន និយាយ​ថា​៖ «​ចៅក្រម​អាជ្ញាកណ្តាល​ខ្លះ​មាន​អំនួត ដោយ​មាន​ភាពស្និទ្ធស្នាល​ជាមួយ​ភាគី​ខាង​អ្នក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ​ទូរទស្សន៍​លែង​ចង់​ស្តាប់​សហព័ន្ធ និង​លែង​ចង់​ធ្វើ​តាម​បច្ចេកទេស​គឺ​អនុវត្ត​ផ្ទុយ​ពី​បទបញ្ជា​ប្រកួត ហើយ​នៅពេល​មាន​បញ្ហា​កើតឡើង គេ​បន្ទោស​តែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​។ ចំណែក​ការដាក់​ពិន័យ​នេះ​ជា​ការរំឭក​ដាស់តឿន ប៉ុន្តែ​បើ​មិន​រាងចាល​លើក​ក្រោយ​កាត់​ឈ្មោះ​ចេញ​តែ​ម្តង​»​។

គួររំឭក​ថា​កន្លង​មក​មន្ត្រី​សហព័ន្ធ​ដែល​បាន​ជាប់​ពិន័យ គឺ​តម្រូវ​ឲ្យ​ទៅ​បង្ហាញ​វត្តមាន​ពេល​ប្រកួត​ដោយ​អង្គុយ​សង្កេត​មើល​មន្ត្រី​បច្ចេកទេស​ផ្សេង​ទៀត​ធ្វើ​ការងារ​គឺ​មាន​ន័យ​ថា​ដូចជា​ការអង្គុយ​លេង​កាន់តែ​ស្រួល ហើយ​នៅតែ​ទទួល​បាន​ប្រាក់​ពី​តម្លៃ​ខ្លួន​ដដែល ខណៈ​ដែល​ពិន័យ​បែប​នេះ​ត្រូវ​បាន​អ្នកដឹង​រឿង​មួយ​ចំនួន​គេ​រិះគន់​ថា គួរតែ​កាត់​ប្រាក់​តម្លៃ​ខ្លួន អ្នក​ជាប់​ពិន័យ​ដាក់​ចូល​ក្នុង​មូលនិធិ​ណា​មួយ ដើម្បី​ជួយ​កីឡាករ​របួស​វា​ប្រសើរ​ជាង​៕