ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​បញ្ជូន​កីឡាការិនី​ចំបាប់​ ៥ ​នាក់ និង​កីឡាករ​កាយសម្ព័ន្ធ​ ១ ​នាក់​ដែល​ជា​ក្រុម​ថ្នាល​ជម្រើសជាតិ ឲ្យ​ចេញ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​ចិន​ក្រោម​ការឧបត្ថម្ភ​ទាំង​ស្រុង​របស់​លោក Tang Gordon ជា​អនុប្រធាន​ទី​ ១ NOCC ដើម្បី​ត្រៀម​ប្រជែង​រក​មេដាយ​ក្នុង​ការប្រកួត ស៊ីហ្គេម នៅ​ហ្វីលីពីន​នា​ចុង​ឆ្នាំ​ ២០១៩ និង​ត្រៀម​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ប្រាប់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ថា ការបញ្ជូន​អត្តពលិក​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ក្រៅ​ប្រទេស​នេះ ជា​ជំហាន​ដំបូង​ដែល​ធ្វើ​ទៅ​តាម​ផែនការ​ត្រៀម​ស៊ីហ្គេម ២០១៩ និង​ការបណ្តុះបណ្តាល​ជំនាញ​ថ្នាក់ថ្នាល​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ហើយ​អត្តពលិក​ទាំង​ ៦ ​នាក់​នេះ​នឹង​ត្រូវ​ហ្វឹកហាត់​នៅ​ទីក្រុង​ក្វាងចូវ ប្រទេស​ចិន​រហូត​ដល់​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា រួច​ពួកគេ​អាច​នឹង​ចូលរួម​ប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​តែ​ម្តង​។

លោក ចំរើន ថ្លែង​ថា​៖ «​នេះ​ជា​ជំហាន​ដំបូង​ដែល​យើង​បាន​បញ្ជូន​អត្តពលិក​ជា​ក្រុម​ទៅ​ហាត់​នៅ​ចិន ហើយ​នេះ​ជា​ការខិតខំ​ប្រឹងប្រែង​របស់ NOCC ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន ដោយ​មាន​ការណែនាំ និង​ជួយឧបត្ថម្ភ​ពី​លោក Tang Gordon គឺ​យើង​តែងតែ​គិត​ដល់​ការហាត់​ជា​ចម្បង ព្រោះ​ការហ្វឹកហាត់​ជា​អាទិភាព​ទី​ ១ ក្នុង​ការស្វែងរក​ជោគជ័យ​នៅក្នុង​ការប្រកួត​កីឡា​»​។

លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​លោក ណយ ផាណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ក៏​បាន​រួម​ដំណើរ​ជាមួយ​លោក Wang Meng ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក Tang Gordon និង​លោក វ៉ាត់ ចំរើន សម្រាប់​ការជូន​ដំណើរ​អត្តពលិក​ទាំង​ ៦ ​នាក់​ទៅ​ហាត់​នៅ​ចិន​ផង​ដែរ​។

លោក ចំរើន បន្ថែម​ថា​៖ «​យើង​ទៅ​នេះ​មាន​គោលបំណង​ ២ ទី​ ១ យើង​ទៅ​សាកសួរ​សុខ​ទុក​ដល់​ថ្នាក់ដឹកនាំ និង​ខាង​គ្រូបង្វឹក​នៅ​ចិន ដើម្បី​ឲ្យ​គាត់​ជួយ​មើល​អត្តពលិក​របស់​យើង និង​ជួយ​ជំរុញ​ពួកគេ​ឲ្យ​ដល់​គោលដៅ​នៃ​កម្រិត​បច្ចេកទេស​ឆ្ពោះ​ទៅ​រក​មេដាយ​ហើយ​ទី​ ២ យើង​ក៏​ទៅ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​របៀបរបប ការ​គ្រប់គ្រង​ផ្នែក​ការប្រមូល​ផ្តុំ​ហ្វឹកហាត់​នៅ​ចិន​ផង​ដែរ ថា​តើ​គេ​ធ្វើ​របៀប​ម៉េច ដើម្បី​យើង​យក​មក​ធ្វើ​ជា​បទពិសោធ​ដល់​ការហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​របស់​យើង​»​។

លោក វ៉ាត់ ចំរើន ដែល​ជា​ប្រធាន សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ផង​នោះ​បាន​បញ្ជាក់​ថា​៖ «​ចិន​ជា​ប្រទេស​ដែល​មាន​គ្រូបង្វឹក​កម្រិត​អន្តរជាតិ និង​គ្រូ​កម្រិត​ស្តង់ដា​ពិភពលោក​ច្រើន ហើយ​ប្រទេស​នេះ​ក៏​មាន​ទីតាំង​ហ្វឹកហាត់​ច្រើន និង​ម្ហូបអាហារ​ប្រហាក់ប្រហែល​នៅ​កម្ពុជា​ផង​ដែរ អ៊ីចឹង​ការ​ទៅ​ហ្វឹកហាត់​នៅ​ចិន ជា​ការស្រូប​យក​បច្ចេកទេស​ដ៏ល្អ​មួយ​»​។

លោក​បាន​បន្ត​ថា​៖ «​ចិន​ដូចជា​បងប្អូន​ជាមួយ​កម្ពុជា​ទៅ​ហើយ អ៊ីចឹង​វា​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​អារម្មណ៍​កក់ក្តៅ​ក្នុង​ការហ្វឹកហាត់​នៅ​ទី​នោះ​គឺ​បច្ចេកទេស​ក៏​ខ្ពស់​ការគ្រប់គ្រង​ក៏​មាន​កម្រិត​ស្តង់ដា​ខ្ពស់ ហេតុនេះ​ការ​ទៅ​ហាត់​នៅ​ចិន​នេះ​ជា​កន្លែង​មួយ​ដែល​ស័ក្តិសម​សម្រាប់​កីឡាករ កីឡាការិនី​យើង​ក្នុង​ការបង្កើន​សមត្ថភាព​»​។

បន្ថែម​លើ​នេះ NOCC ក៏​គ្រោង​នឹង​បញ្ជូន​អត្តពលិក​ជាង​ ១០០ ​នាក់​ទៀត​ទៅ​ហាត់​នៅ​ក្រៅ​ប្រទេស​ដែរ​។ លោក ចំរើន បាន​បង្ហើប​ថា​៖ «​បន្ទាប់ពី​ការបញ្ជូន​ក្រុម​ថ្នាល​នេះ​ទៅ​ហាត់​នៅ​ចិន​គឺ​នៅ​ពេល​ឆាប់ៗ​នេះ យើង​នឹង​រៀបចំ​ក្រុម​ធំ​ជម្រើស​ជាតិ​ជាង​ ១០០ ​នាក់​ទៀត​ឲ្យ​ចេញ​ទៅ​ហាត់​នៅ​ចិន កូរ៉េ ជប៉ុន និង​មាន​ទាំង​ការប្រកួត​អន្តរជាតិ​ជា​ប្រចាំ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ពិតប្រាកដ ហើយ​កំណត់​មេដាយ​សម្រាប់​ស៊ីហ្គេម ឆ្នាំ​ ២០២៣ អ៊ីចឹង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​ជំនាញ និង​ការអភិវឌ្ឍ​អត្តពលិក​គឺជា​អាទិភាព​នៃ​ស៊ីហ្គេម ២០២៣ ដែល​យើង​ទាំងអស់​គ្នា ខិតខំ​ប្រឹងប្រែង​ជំរុញ​ឲ្យ​អត្តពលិក​យើង​មាន​សមត្ថភាព​ពិតប្រាកដ​ក្នុង​ការប្រជែង​យក​មេដាយ​»៕