ភ្នំពេញៈ ក្រុមចំបាប់នារីរបស់កូរ៉េខាងត្បូង បាននិងកំពុងជួយបង្ហាត់បង្ហាញ និងចែករំលែកបទពិសោធដល់ក្រុមថ្នាល និងក្រុមធំជម្រើសជាតិកម្ពុជា តាមរយៈការហ្វឹកហាត់រួមគ្នា នៅក្នុងសាលដំបូលទូក ដោយបានចាប់ផ្តើមកាលពីថ្ងៃពុធ នឹងគ្រោងបញ្ចប់នៅថ្ងៃទី ១២ ខែធ្នូ គឺបន្ទាប់ពីពួកគេបានចូលជួបសម្តែងការគួរសមជាមួយលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា កាលពីថ្ងៃសៅរ៍។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC ផងនោះ បានថ្លែងថា ជារៀងរាល់ចុងឆ្នាំ គឺខាងប្រតិភូកូរ៉េ តែងតែដឹកនាំកីឡាការិនី ១ ក្រុមមកចូលរួមហ្វឹកហាត់ដកស្រង់បទពិសោធជាមួយក្រុមចំបាប់កម្ពុជា ហើយក្នុងចំណោមកីឡាការិនីទាំង ៦ នាក់មកនេះ គឺមាន ៤ ទៅ ៥ នាក់ ជាកីឡាការិនីមានកម្រិតខ្ពស់ ដែលជាកម្រិតអន្តរជាតិ អាចជួយបណ្តុះបណ្តាលនូវបទពិសោធ និងបច្ចេកទេសថ្មីៗដល់កីឡាការិនី កីឡាកររបស់យើង។
លោកបន្តថា៖«យើងបានជំរុញឲ្យអត្តពលិកចំបាប់របស់យើងទាំងក្រុមថ្នាល និងក្រុមធំជម្រើសជាតិ ឲ្យចូលហាត់រួមគ្នា ជាមួយក្រុម កីឡាការិនីរបស់កូរ៉េ ហើយកិច្ចការនេះ នឹងត្រូវធ្វើជារៀងរាល់ឆ្នាំ ក្នុងការដកស្រង់បទពិសោធ ហើយក៏ជាជំហានមួយ អាចឲ្យយើងមើលឃើញពីចំណុចខ្វះខាតត្រង់ របស់យើង ដើម្បីយើងពន្លឿនការហ្វឹកហាត់បន្ថែមទៀត ត្រៀមស៊ីហ្គេម ឆ្នាំ ២០១៩»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ក៏បានសុំឲ្យភាគីកូរ៉េ ជួយទទួលយកក្រុមចំបាប់នារីកម្ពុជា ទៅហាត់ផ្ទាល់នៅកូរ៉េ ដើម្បីត្រៀមការវិលទៅប្រជែងរកមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០១៩ នៅហ្វីលីពីន ផងដែរ។
លោកចំរើន បង្ហើបថា៖ «យើងកំពុងទាមទារឲ្យខាងកូរ៉េ យកចិត្តទុកដាក់ និងអាចបញ្ជូនកីឡាការិនីចំបាប់របស់យើងត្រៀមស៊ីហ្គេម ឆ្នាំក្រោយ បានទៅហាត់នៅកូរ៉េ ហើយភាគីកូរ៉េ កំពុងពិនិត្យពីពេលវេលាច្បាស់លាស់ណាមួយ ដើម្បីយកក្រុមកីឡាការិនីរបស់យើងទៅហ្វឹកហាត់ជាមួយក្រុមចំបាប់កូរ៉េតែម្តង។ បន្ថែមលើនេះ សហព័ន្ធរបស់យើង ក៏បានត្រៀមបញ្ជូនអត្តពលិក ៥ នាក់ ទៅហ្វឹកហាត់នៅចិន ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំក្រោយ ផងដែរ»។
លោកបានបញ្ជាក់ថា៖ «សម្រាប់ការត្រៀមស៊ីហ្គេម នៅឆ្នាំក្រោយនេះ យើងមានការហ្វឹកហាត់ជាមួយកូរ៉េផង មានការបញ្ជូនមួយចំនួនទៅកូរ៉េផង និងបញ្ជូនទៅហាត់នៅចិនផង ហើយយើងយកចិត្តទុកដាក់ខ្លាំងជាងគេ ទៅលើបញ្ហាកីឡាការិនី ព្រោះកីឡាការិនី យើងមានលក្ខណៈងាយស្រួលក្នុងការស្វែងរកជយលាភីច្រើន»។
លោកវ៉ាត់ ចំរើន បានបន្ថែមថា៖ «អ៊ីចឹងផែនការរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា នៅឆ្នាំក្រោយនេះ គឺជំរុញការហ្វឹកហាត់ ជំរុញផ្នែកបច្ចេកទេស គឺធ្វើយ៉ាងម៉េចឲ្យរក្សាបាននៅសក្តានុពលរបស់កីឡាចំបាប់កម្ពុជា នៅស៊ីហ្គេម ឆ្នាំ ២០១៩ បន្ទាប់ពីកីឡាចំបាប់ ត្រូវបានខកខាន មិនដាក់ឲ្យមានការប្រកួតក្នុងស៊ីហ្គេម ឆ្នាំ ២០១៥ នៅសិង្ហបុរី និងស៊ីហ្គេម កាលឆ្នាំ ២០១៧ នៅម៉ាឡេស៊ី រយៈពេល ៤ ឆ្នាំកន្លងមកនេះ»៕