ភ្នំពេញៈ អ្នកប្រដាល់កម្ពុជា ឆៃ សារ៉ា របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង វង្ស វិឆ័យ មកពីក្លិបកងទ័ពឆត្រយោង ៩១១ សុទ្ធតែទទួលបានជ័យជម្នះនៅក្នុងការប្រកួតវគ្គ ៨ នាក់ចុងក្រោយនៃព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire ដើម្បីឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ។
តាមរយៈការប្រកួតនៅសង្វៀន SEATV កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនោះ ឆៃ សារ៉ា បានចំណាយពេលតែ ១ ទឹកប៉ុណ្ណោះក្នុងការផ្តួលកីឡាករថៃ Chhouk Nam chai ឲ្យសន្លប់ចំណែក វង្ស វិឆ័យ បានឈ្នះពិន្ទុកីឡាករ Darin Chin មកពីប្រទេសអូស្ត្រាលីដោយពិន្ទុដាច់តែម្តងក្នុងការប្រកួតចំនួន ៥ ទឹកពេញ។
លទ្ធផលនេះបានជួយឲ្យ ឆៃ សារ៉ា និង វង្ស វិឆ័យ ត្រូវដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយរង់ចាំអ្នកឈ្នះចំនួន ២ នាក់ទៀតឡើងមកពីវគ្គជម្រុះវគ្គ ៨ នាក់ចុងក្រោយក្នុងនោះ យ៉ាម ខេមរ៉ា ត្រូវប្រកួតជាមួយកីឡាករថៃ Kwan Ek ហើយ នន់ ជំនត់ ត្រូវប៉ះកីឡាករអ៊ីរ៉ង់ Kavary ដែលកំពុងមានរបួសមិនទាន់ជានៅឡើយ។
កីឡាករ ឆៃ សារ៉ា បាននិយាយក្រោយប្រកួតថា៖ «ប្រសិនបើ ៤ នាក់ដែលកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខ្ញុំត្រូវប៉ះជាមួយកីឡាករអ៊ីរ៉ង់វិញ ពិតជាលំបាក ប៉ុន្តែបើប៉ះខ្មែរគ្នាឯងវិញសង្ឃឹមឈ្នះ ហើយខ្សែក្រវាត់ និងមេដាយមាសព្រមទាំងប្រាក់ចំនួន ៥០០០ ដុល្លារគឺជារបស់ខ្ញុំក្នុងភាគរយខ្ពស់»។
លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីនៅ SEATV បានប្រាប់ថា៖ «ពេលនេះកីឡាករខ្មែរយើងទាំង ២ នាក់បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ៊ីចឹងយើងនៅចាំអ៊ុតមើលការប្រកួត ២ គូទៀតនៅសប្តាហ៍ក្រោយ ហើយក្នុងនាមជាអ្នកគ្រប់គ្រងទោះជាកីឡាករខ្មែរ ឬកីឡាករបរទេសឈ្នះក៏កម្មវិធីយើងសាទរដែរ ព្រោះវាអាស្រ័យទៅលើសមត្ថភាពពិតរបស់គេម្នាក់ៗធ្វើបាន។ សំខាន់ខ្ញុំចង់ឲ្យការកាត់ក្តីមានយុត្តិធម៌ និងមានការគាំទ្រពីអ្នកទស្សនា។ ហេតុនេះការប្រកួតប្រជែងគ្នាត្រូវមានតម្លាភាព មិនប្រកាន់ជាតិសាសន៍នោះទេ គឺយើងទទួលយកបានទាំងគ្រប់ភាគី»។
លោកបន្ថែមថាព្រឹត្តិការណ៍ប្រកួតនេះពិតជាអស្ចារ្យ ហើយប្រាក់រង្វាន់មានពីលេខ ១ ដល់លេខ ៤ ខណៈលេខ ១ បានខ្សែក្រវាត់ ១ មេដាយមាស ១ និងប្រាក់ ៥០០០ ដុល្លារ៕