ភ្នំពេញៈ កីឡាករ​កម្ពុជា ឆៃ សារ៉ា និង វង្ស វិឆ័យ សុទ្ធតែ​បាន​ចាត់ទុក​ជ័យជម្នះ​របស់​ខ្លួន​នៅក្នុង​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្តើម​មេដាយមាស​ទម្ងន់​ ៦៩ ​គីឡូក្រាម​ចម្រុះ​ជាតិសាសន៍​នៅ​លើ​សង្វៀន SEATV កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ជា​រឿង «​ចៃដន្យ​» ដែល​មិន​ស្រប​ទៅ​នឹង​សមត្ថភាព​ពិត​របស់​ពួកគេ​។

សម្រាប់​ការប្រកួត​ដែល​តម្រូវ​ឲ្យ​ធ្វើការ​ចាប់​ឆ្នោត​រួច​ធ្វើការ​ប្រកួត​ភ្លាមៗ​នោះ កីឡាករ​ ឆៃសារ៉ា របស់​សមាគម​ប្រដាល់​កីឡា​ក្រសួង​ការពារ​ជាតិ​បាន​ផ្តួល​កីឡាករ​ថៃ Fa MeChhai ត្រឹម​ទឹក​ទី​ ៤ ហើយ វង្ស វិឆ័យ មកពី​ក្លិប​កងទ័ព​ឆត្រយោង​ ៩១១ បាន​ឈ្នះ​កីឡាករ Mar Tin មកពី​អ៊ីរ៉ង់​នៅ​ត្រឹម​ទឹក​ទី​ ២ ដើម្បី​ឆ្លង​ទៅ​ប្រកួត​នៅ​វគ្គ​ទី​ ២ ឬ​វគ្គ​ ៨ ​នាក់​ចុងក្រោយ​ជា​បន្ត​ទៀត​។

កីឡាករ ឆៃ សារ៉ា ធ្លាប់​បាន​ឈ្នះ​ខ្សែក្រវាត់​នៅក្នុង​ទម្ងន់​ស្រាល​នោះ​បាន​ចាញ់​ប្រៀប​ថៃ​ Fa MeChhai ផ្នែក​កម្លាំង និង​ក្បាច់​ជង្គង់​សម្រាប់​ការប្រកួត​ ២ ​ទឹក​ដំបូង​ដោយ​បាន​ដួល​ញឹកញាប់ ប៉ុន្តែ​នៅ​ទឹក​ទី​ ៣ និង​ទឹក​ទី ៤ ឆៃ សារ៉ា បាន​ប្តូរ​យុទ្ធសាស្ត្រ​ទៅ​លេង​ក្បាច់​កែង​រូស និង​ឱប​ឡើង​ជង្គង់​បាន​យ៉ាង​ល្អ​បំផុត​។

នៅ​ចុង​ទឹក​ទី​ ៣ ស្នៀត​ជង្គង់​របស់ ឆៃ សារ៉ា កាន់តែ​មាន​ប្រសិទ្ធភាព និង​ចូល​គោលដៅ​ល្អ​បាន​បង្ខំ​ឲ្យ​កីឡាករ​ថៃ​វង្វេងវង្វាន់ និង​ត្រូវ​អាជ្ញាកណ្តាល ឡុង វិបុល រាប់ Fa MeChhai ជា​លើក​ទី​ ១ ហើយ​ចូល​ទឹក​ទី​ ៤ ឆៃ សារ៉ា នៅ​តែ​បន្ត​គ្រប់គ្រង និង​កាន់តែ​មាន​ប្រៀប​ឡើង​ជា​លំដាប់​ហើយ​នៅ​ចុង​ទឹក​នេះ ស្នៀត​ជង្គង់​ជាច្រើន និង​បន្ថែម​ដោយ​កែង​ស្តាំ​ចូល​គោលដៅ​បាន​ធ្វើឲ្យ FaMeChhai សន្លប់​ធំ​តែ​ម្តង​នាំ​ឲ្យ ឆៃ សារ៉ា ទទួល​បាន​ជ័យជម្នះ​ដ៏មិន​គួរ​ឲ្យ​នឹកស្មាន​ដល់​។

ជាមួយ​នឹង​ជ័យជម្នះ​នេះ ឆៃ សារ៉ា ដែល​វ៉ៃ​បណ្តើរ​ងាក​មើល​កូន​យំ​នៅ​ក្រៅ​សង្វៀន​បណ្តើរ​នោះ​បាន​និយាយ ក្រោយ​ការប្រកួត​ថា​៖ «​សម្រាប់​ការប្រកួត​នេះ ខ្ញុំ​ហ្វឹកហាត់​មិន​បាន​ពេញ​ទេ ដោយសារ​ខ្ញុំ​ជាប់​មើលថែ​កូន ហើយ​ពេល​កំពុង​ប្រកួត​អារម្មណ៍​របស់​ខ្ញុំ ក៏​មិន​មូល​ដែរ ខណៈ​ខ្ញុំ​បាន​ឃើញ​កូន​របស់​ខ្ញុំ ស្រែក​យំ​នោះ​ហេតុនេះ​ខ្ញុំ​អាច​និយាយ​បាន​ថា​ការទទួល​បាន​ជ័យជម្នះ​លើក​នេះ វា​កើតឡើង​ដោយ​ការ​ចៃដន្យ​»​។

ទោះបី​ជា​យ៉ាង​ណា ឆៃ សារ៉ា បាន​បញ្ជាក់​ថា​៖ «​បើ​ទោះបី​ជា​ជ័យជម្នះ​នេះ​កើតឡើង​ដោយ​ការចៃដន្យ ប៉ុន្តែ​វា​បាន​ធ្វើឲ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ការប្តេជ្ញា​ចិត្ត​យក​ឈ្នះ​សម្រាប់​ការប្រកួត​ក្រោយៗ​គឺ​ខ្ញុំ​នឹង​ទុក​កូន​ខ្ញុំ​ឲ្យ​នៅ​មួយ​ឡែក ដើម្បី​ធ្វើការ​ហ្វឹកហាត់ និង​ប្រកួត​ឲ្យ​បាន​កាន់តែ​ល្អ ដោយ​ខ្ញុំ​រំពឹង​ថា​ខ្ញុំ​អាច​នឹង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​កីឡាករ​បរទេស​ផ្សេងៗ​ទៀត​មិន​ខ្លាំង​ដូច Fa MeChhai ដែល​ខ្ញុំ​បាន​ឈ្នះ​នៅ​ថ្ងៃ​នេះ​ទេ​»​។

ស្រដៀង​គ្នា​នេះ​កីឡាករ​ជើងថ្មី​របស់​កម្ពុជា វង្ស វិឆ័យ បាន​ជួប​ការលំបាក​ខ្លាំង ក្នុង​ការទប់ទល់​ជាមួយ​កីឡាករ Mar Tin មកពី​អ៊ីរ៉ង់​នៅក្នុង​ទឹក​ទី​ ១ ​ដំបូង ព្រោះ Mar Tin ល្អ​ផ្នែក​កណ្តាប់ដៃ និង​វាយ​ឲ្យ វង្ស វិឆ័យ រងរបួស​ក្បែរ​ភ្នែក​ស្តាំ​ទៀត​។ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​ ២ វិឆ័យ បាន​ប្តូរ​យុទ្ធសាស្ត្រ​ទៅ​ទាត់​ផ្នែក​ជើង​ក្រោម និង​ដេញ​ធាក់​ពី​ចម្ងាយ​ធ្វើឲ្យ Mar Tin រត់គេច​ពេញ​សង្វៀន ហើយ​នៅពេល​មាន​ការប្រតាយ​ប្រតប់​គ្នា​កាន់តែ​ខ្លាំង​នោះ Mar Tin បាន​ដួល និង​គ្រេចជើង​មិន​អាច​ងើប​រួច​ធ្វើឲ្យ វង្ស វិឆ័យ ឈ្នះ​តែ​ម្តង​។

ទោះ​យ៉ាងណា វង្ស វិឆ័យ បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​ជ័យជម្នះ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​វា​បាន​កើតឡើង​ដោយ​ការចៃដន្យ និង​មាន​ការលំបាក​បំផុត ហេតុនេះ​សម្រាប់​ខ្ញុំ​ផ្ទាល់​គឺ​ពិតជា​ពិបាក​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ​ណាស់ ព្រោះ​នៅក្នុង​ចំណោម​កីឡាករ​ទាំងអស់​ដែល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​ខ្ញុំ​មាន​បទពិសោធ​ក្មេងខ្ចី​ជាង​គេ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព រហូត​ដល់​ចប់​ចុង​ចប់​ដើម​»៕